លោក​ កឹម​ សុខា​ ច្រាន​ចោល​​ការ​​ភ្ជាប់​​ឈ្មោះ​​ទៅ​​នឹង​​គណ​​បក្ស​​ថ្មី​​ៗ​បង្កើត​​ឡើង​​ដោយ​​អតីត​​សហ​ការី​

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបានរំលាយចោល តាមរយៈ​មេធាវី​របស់​លោក បាន​ក្រើន​រំឭក​ទៅ​អតីតមន្ត្រី​ដែល​ចេញទៅ​បង្កើត​គណបក្ស​ថ្មី ឱ្យ​ឈប់​ភ្ជាប់​ឈ្មោះ​លោក​ទៅ​នឹង​ការ​គាំទ្រ​ណាមួយ ដើម្បី​កុំឱ្យ​មានការ​ចោទប្រកាន់​ថា លោក​រំលោភបំពាន​ទៅ​នឹង​បម្រាម​របស់​តុលាការ។

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា តំណាង​មេ​បក្ស​ប្រឆាំង​រូប​នេះសូម​បញ្ជាក់​ជាថ្មី​ម្តង​ទៀត ទៅ​បុគ្គលឬក្រុម​ណាមួយ​ដែល​មានបំណង​បង្កើត​បក្សឬបាន​បង្កើត​រួចហើយ កុំ​យកឈ្មោះ​កូន​ក្តី​របស់​ពួក​គេ​ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ។

តាម​លិខិត​ដដែល ក្រុម​មេធាវី​លោក កឹម សុខា បាន​ក្រើន​រំឭក​ថា អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​ចាកចេញ​ទៅ​ហើយ​នោះ គួរ​មាន​សេចក្តី​ក្លាហាន​ទទួលខុសត្រូវ​ដោយខ្លួនឯង។

សហ​មេធាវី លោក ផែង ហេង ប្រាប់ VOD នៅ​ថ្ងៃនេះ​ថា ការ​ក្រើន​រំឭក​របស់​លោក កឹម សុខា ជា​ការ​ព្រួយបារម្ភ​មួយ​ទៅ​នឹង​ការចោទប្រកាន់​ថា លោក​បាន​រំលោភ​ទៅ​នឹង​បម្រាម​របស់​តុលាការ។

លោក ផែង ហេង គូសបញ្ជាក់​ដូច្នេះ​ថា៖ «ដោយសារតែ​ឯកឧត្តម កឹម សុខា គាត់​កត់សម្គាល់​ឃើញថា មានការ​យកឈ្មោះ​គាត់ឬក៏​យក​ករណី​គាត់ ​ដើម្បី​បានការ​គាំទ្រឬក៏​ដើម្បី​បានការ​ជឿជាក់​អី​យ៉ាងណា​នោះ គាត់​បារម្ភ​ខ្លាច​អំពើឬក៏​ការឃោសនា​អស់ទាំង​ហ្នឹង វា​ប៉ះពាល់​មកដល់​សិទ្ធិ​របស់​គាត់»។

មេធាវី​រូប​នេះនិយាយ​ទៀត​ថា ការ​បារម្ភ​បែបនេះ​របស់​កូន​ក្តី​លោក បាន​កើតឡើង​ដោយសារ​តែ​ដីកាសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​របស់​តុលាការ​កំពូល បាន​ដាក់រួមគ្នា​ឱ្យ​កូន​ក្តី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល និង​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នយោបាយ។

លោក ផែង ហេង ប្រាប់​បន្ត​ថា៖ «ចង់​មិន​ចង់! កាលណា​គេ​យកឈ្មោះ​គាត់ ​[កឹម សុខា​] ទៅ​ភ្ជាប់ដើម្បី​ប្រយោជន៍​គេ ប៉ុន្តែវា​ប៉ះពាល់​ដល់​ប្រយោជន៍​ឯកឧត្តម កឹម សុខា ដែល ​[តុលាការ​] កំពុងតែ​ហាមឃាត់ មានន័យថា ដីកាសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​របស់​តុលាការ​កំពូល ហើយ​ចំណុច​ដែល​យើង​បារម្ភ​ហ្នឹង​មិន​មានន័យថា យើង​ទៅ​រារាំង​បុគ្គល​អស់ទាំង​ហ្នឹង​ទេ គាត់​ចង់​ធ្វើ​អី​ធ្វើ​ទៅ សេរីភាព​របស់​គាត់​ទេ»។

ទោះជាយ៉ាងណា លិខិត​នោះ លោក កឹម សុខា មិនបាន​បញ្ចេញ​ឈ្មោះ​ចំៗ​ទៅលើ​ក្រុម​ណាមួយ​នៃ​អតីតមន្ត្រី​របស់​ខ្លួន​ដែល​បាន​សម្រេច​ចិត្ត​សុំ​សិទ្ធិ​ធ្វើនយោបាយ ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នោះ​ទេ។

អតីតមន្ត្រី​មួយចំនួន​ដែល​បាន​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ និង​បាន​បង្កើត​គណបក្ស​ថ្មី បង្ហាញ​ការយល់ឃើញ​ផ្សេងគ្នា​ជុំវិញ​សារ​របស់​អតីត​មេដឹកនាំ​របស់​ខ្លួន។

អតីត​អំ​ណាង​រាស្ត្រ លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ប្រាប់​ថា​មាន​គម្រោង​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ «គណបក្ស​កែទម្រង់​កម្ពុជា»​នោះ និយាយ​ថា លោក​គាំទ្រ​សារ​នេះ ដោយ​ថា ការ​ភ្ជាប់​ឈ្មោះ​លោក កឹម សុខា ទៅ​នឹង​សកម្ម​ភាព​នយោបាយ អាច​ធ្វើ​ឱ្យ​គាត់​រង​នូវ​ការចោទប្រកាន់​ថា មិន​គោរពច្បាប់​ដែល​កម្រិត​ដោយ​តុលាការ។

លោក អ៊ូ ច័ន្ទ​រ័ត្ន ប្រាប់​ថា៖ «ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​លើកឡើង ខ្ញុំ​គ្រាន់តែ​ថា ប្រសិនបើ​គណបក្ស​ដែល​ខ្ញុំ​បម្រុង​នឹង​រៀបចំឡើង​ដែល​មាន​សហការី​មួយចំនួន​ចូលរួម​ហ្នឹង ខ្ញុំ​យល់ថា បើ​មាន​មេដឹកនាំ​ណា​ដែល​មាន​សក្តា​នុ​ពល​អាច​ប្រកួត​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​បាន យើង​នឹង​ផ្អាក​សកម្មភាព ព្រោះ​យើង​មិន​ចង់​ប្រកួត​ជាមួយគ្នា​ឯង​នោះ​ទេ»។

លោក អ៊ូ ច័ន្ទ​រ័ត្ន បានឱ្យ​ដឹង​ថា លោក​គ្រោង​បង្កើត​គណបក្ស​ថ្មីនេះ ដើម្បី​ប្រមែប្រមូល​ចងក្រង​រចនាសម្ព័ន្ធ​អតីត​សហការី​ឡើងវិញ ឆ្ពោះទៅ​រក​ការបោះឆ្នោត​ឆ្នាំ២០២២ និង២០២៣ ខណៈ​បក្ស​ប្រឆាំង​បន្ត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ។

អតីត​តំណាងរាស្ត្រ​មួយ​រូប​ទៀត លោក ជីវ កត្តា ដែ​លប​ច្ចុ​ប្ប​ន្ន​ជា​ប្រធាន«​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ» បាន​និយាយ​ថា លោក​មានការ​ខកចិត្ត​នឹង​សារដែល​បង្ហោះ​ដោយ​សហ​មេធាវី​នេះ។

លោក​គូសបញ្ជាក់​ថា ការ​លើកឡើង​ពី​ឈ្មោះ​លោក កឹម សុខា កន្លងទៅ គឺ​ចង់​ផ្សព្វផ្សាយ​ទៅដល់​ពលរដ្ឋ​ឱ្យ​បន្ត​ដឹងពី​គុណ​តម្លៃ​របស់​អតីត​មេដឹកនាំ​របស់​ខ្លួន។

លោក​ថា សេចក្តី​ថ្លែងការណ៍​របស់​សហ​មេធាវី​នេះ អាច​នឹង​ធ្វើ​ឱ្យ​លោក កឹម សុខា ដែល​មិន​អាច​ថ្លែង​សារ​នយោបាយ​បាន ធ្លាក់ចុះ​ប្រជាប្រិយ​ភាព​ទៅវិញ​ទេ ព្រោះ​អ្នក​នៅ​មូលដ្ឋាន​លែង​ឮឈ្មោះ​លោក។

លោក ជីវ កត្តា ប្រាប់​ថា៖ «ជួនកាល កូនចៅ​គ្រាន់តែ​ប្រើ​ឈ្មោះ ​ដើម្បី​ជា​ការគោរព​មេ ស្រឡាញ់​មេ ដល់​យើង​អត់​យក ​អា​គោរព​ស្រឡាញ់​ហ្នឹង​វា​បាត់​ទៅទៀត។ ដល់​អ៊ីចឹង អា​សំឡេង​គាត់​ហ្នឹង​វា​នឹង​ថយ ហើយ​ប្រជារាស្ត្រ​លោក​នឹង​ភ្លេច​បន្តិច​ម្តង​ៗ តាមរយៈ​អី! តាមរយៈ​មិន​ឱ្យ​ប្រើ​ឈ្មោះ​គាត់​ហ្នឹងឯង»។

ចាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ជាង៣ឆ្នាំ​មកនេះ អតីតមន្ត្រី​បក្ស​ប្រឆាំង​ជាង១០នាក់​ហើយបាន​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ តប​តាមច្បាប់​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​កែប្រែ​ដោយ​សភា​របស់​បក្ស​កាន់​អំណាច។ គណបក្ស​នយោបាយ​ចំនួន៣ហើយ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឱ្យ​បង្កើត ក្នុង​នោះ​មាន ​«គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ» បង្កើត​ឡើង​ដោយ​លោក ជីវ កត្តា និង «​គណបក្ស​ខ្មែរ​អភិរក្សនិយម» បង្កើត​ឡើង​ដោយ​លោក រៀល ខេមរិន្ទ្រ។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍​ថា សារ​របស់​លោក កឹម សុខា តាមរយៈ​មេធាវី​នេះ វា​អាច​លាង​ជម្រះ​មន្ទិលសង្ស័យ​ថា លោក​មិន​រំលោភបំពាន​ទៅលើ​បម្រាមតុលាការ​ទេ និង​មួយវិញទៀតក៏​ប្រាប់​ទៅ​អ្នកគាំទ្រ​ដែរ​ថា លោក​កំពុង​ឈរ​នៅ​ចំណុច​ពិតប្រាកដ​នា​ពេលនេះ។

ទោះជាយ៉ាងណា អ្នកជំនាញ​នយោបាយ​រូប​នេះយល់ថា អ្នកដើរ​ចេញពី​គណបក្ស​ប្រឆាំង​ទៅ​បង្កើត​គណបក្ស​ថ្មី នឹង​មិន​មាន​កម្លាំង​ខ្លាំង​ដើម្បី​ប្រកួត​ជាមួយ​បក្ស​កាន់អំណាច​បានទេ បើ​គ្មាន​អតីត​មេ​ដឹក​នាំ​ធំៗ​ទាំងពីរ​នៅ​ពីក្រោយ​នោះ។

លោក ឯម សុវណ្ណ​រ៉ា ប្រាប់​ថា៖ «ខ្ញុំ​គិតថា បើ​ទោះបី​អ្នក​ដែល​តុលាការ​ហាមឃាត់​ធ្វើនយោបាយ​ទាំង​ជាង១០០នាក់​ ទៅ​បង្កើត​បក្ស​ថ្មី​ ក៏​មិន​អាច​កៀរគរ​សំឡេង​បាន​ដែរ ប្រសិនជា​ពុំ​មានការ​ប្រកាសឬគាំទ្រ​ពី​លោក កឹម សុខា និង​លោក សម រង្ស៊ី នោះ»។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដកហូត​សិទ្ធិ​ធ្វើនយោបាយ​ជាង៣ឆ្នាំ​មក​ហើយ ​គិត​ពី​ថ្ងៃ​ចាប់ខ្លួន​អំឡុង​ខែកញ្ញា ​ឆ្នាំ២០១៧ ក្រោម​បទ​ចោទ​ថា​បាន«​ឃុបឃិតជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល» បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដណ្តើម​បាន​អាសនៈ​នៅ​មូលដ្ឋានឬឃុំ​សង្កាត់ ចំនួន៥០០៧ ប្រហាក់​ប្រហែល​គណបក្ស​កាន់អំណាច​ដែរ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ