រដ្ឋាភិបាលថារបាយការណ៍សង្គមស៊ីវិលសិក្សាបញ្ហាសិទ្ធិមនុស្សមិនច្បាស់

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងជំនួបជាមួយនឹងលោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោលរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលចេញផ្សាយថា នៅឆ្នាំ២០២០កម្ពុជានៅតែមានការរំលោភសិទ្ធិមនុស្សនិងធ្វើទុកបុកម្នេញអ្នកគាំទ្រ និងអ្នកនយោបាយបក្សប្រឆាំង។

ក្នុងសេចក្តីសង្ខេបព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបំភ្លឺឱ្យសាធារណៈជនដឹង នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ មានក្រុម និងអង្គការស្ថាប័នមួយចំនួនរិះគន់ ដែលមាននិន្នាការប្រឆាំង បានចេញរបាយការណ៍ចោទប្រកាន់ដោយលម្អៀង គ្មានមូលដ្ឋាន​មកលើរដ្ឋាភិបាលថា រំលោភសិទ្ធិមនុស្ស និងធ្វើទុកបុកម្នេញអ្នកនិយាយរិះគន់រឿងព្រំដែន ការចោទប្រកាន់អ្នកនយោបាយ ជាពិសេសអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម។

ករណីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ច្រានចោល និងចាត់ទុករបាយការណ៍របស់ក្រុម និងអង្គការសង្គមស៊ីវិលមួយចំនួនដែលលើកឡើងថា រដ្ឋាភិបាលនៅតែបន្តរំលោភសិទ្ធិមនុស្សកាលពីឆ្នាំ២០២០កន្លងមក ដោយមិនបានសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្មានមូលដ្ឋានច្បាស់លាស់ ហើយមាននិន្នាការគាំទ្រក្រុមអតីតបក្សប្រឆាំងទៅវិញ​។

ខ្លឹមសារសង្ខេបនោះរួមមាន៖ «ការធ្វើរបាយការណ៍ដកស្រង់តែទស្សនៈមួយជ្រុង និងសម្ភាសន៍ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួនដែលជាបក្ខពួករបស់ខ្លួន និងមាននិន្នការប្រឆាំងរដ្ឋាភិបាលដោយមិនមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ការស្រាវជ្រាវ និងការសន្និដ្ឋានមិនមានលក្ខណៈវិទ្យាសាស្ត្រ មិនច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយ»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ថែមថា បើក្រុម និងអង្គការសង្គមស៊ីវិលមួយចំនួន នៅតែចេញរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ លម្អៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាលបែបនេះ អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ថិរភាពសង្គម ព្រោះជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងធ្វើកម្មភាពផ្សេងៗរួមមាន ឧបត្ថម្ភ គាំទ្រដោយចលនា និងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅបន្តធ្វើសកម្មភាពខុសច្បាប់ ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់ខ្លួន ដោយបំពានច្បាប់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា វិធានការច្បាប់របស់សមត្ថកិច្ចកន្លងមក មិនបានផ្តោតជាក់លាក់ទៅលើក្រុមគោលដៅណាមួយទេ ពោលអនុវត្តទូទៅ មិនថាអ្នកទាំងនោះជាសកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវិល អ្នកនយោបាយ ឬបរិស្ថាននោះទេ ឱ្យតែប្រព្រឹត្តល្មើសច្បាប់ ត្រូវអនុវត្តតាមច្បាប់ដោយស្មើភាពដូចគ្នា។

បន្ថែមពីនេះ គណៈកម្មាធិការនេះឱ្យដឹងទៀតថា កន្លងមក ក៏មានវិធានការរបស់របរទេស និងស្ថាប័នអន្តរជាតិមួយចំនួន លម្អៀង និងផ្តល់ភាពអយុត្តិធម៌ដល់កម្ពុជាក្នុងរូបភាពស្តង់ដារពីរ ដែលធ្វើឡើងក្រោមហេតុផលនយោបាយ និងយកប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតផង។

ទោះជាបែបនេះក្តី កម្ពុជាប្តេជ្ញាថា ប្រកាន់ជំហរបស់ខ្លួនមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយនៅតែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិគ្រប់ភាគីទាំងអស់ និងរក្សាសន្តិភាព អធិបតេយ្យ ឯករាជ្យភាព និងតម្កល់ប្រយោជន៍ជាតិជាធំ។

លោក សឹង សែនករុណា មានប្រសាសន៍ថា របាយការណ៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ បង្ហាញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមានភស្តុតាងច្បាស់លាស់ និងធ្វើការឈលើគោលការណ៍ឯករាជ្យ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ  មិនលម្អៀងទៅគណបក្សណា ឬអ្នកនយោបាយណាមួយនោះទេ។

ប៉ុន្តែលោក សែនករុណា អះអាងថា កន្លងមកលោកសង្កេតឃើញថា របាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកន្លងមក តែងតែចេញមកគាំទ្ររដ្ឋាភិបាល។ ករណីនេះ លោកថា បើសិនជាគណៈកម្មាធិការនេះ នៅតែចេញរបាយការណ៍ដោយមិនឈលើគោលការតម្លាភាព និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទៅវិញ។

លោកមានប្រសាសន៍ថា៖ «បើគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទទួលយកការរកឃើញរបស់សង្គមស៊ីវិល គឺស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះ ហើយរដ្ឋាភិបាលរដ្ឋាភិបាលអាចទទួលរងសម្ពាធពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ វាប៉ះពាល់ទាំងកាទូត ទាំងសេដ្ឋកិច្ច ជាពិសេសប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ កម្មករដែរ ជាក់ស្តែងនៅពេលថ្មីៗនេះ ក្រោយពីមានបញ្ហាEBA​ យើងឃើញហើយមានកម្មករមួយចំនួនអត់ការងារធ្វើចំណាកស្រុកជាដើម»។

សហភាពអឺរ៉ុបបានចាប់ផ្តើមដកភាពអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់កម្ពុជាចំនួន២០ភាគរយជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១២ ខែសីហា បន្ទាប់ពីខ្លួនបានដំណើរការពិនិត្យរយៈពេល១៨ខែ រាប់ចាប់ពីថ្ងៃប្រកាសនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយខ្លួនរកឃើញមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនិងមានលក្ខណៈធ្ងន់ធ្ងរនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ