សមាគមកាសែតស្នើក្រសួងបំភ្លឺបំរាមថតនិងផ្សាយផ្ទាល់ពេលសមត្ថកិច្ចអនុវត្តការងារ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អង្គការផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសមាគមសារព័ត៌មានជាតិអន្តរជាតិចំនួន៤ ស្នើក្រសួង​ពាក់​ព័ន្ធឱ្យបក​ស្រាយបន្ថែមជុំវិញបទបញ្ជាដែលហាមអ្នកសារព័ត៌មានថត និងផ្សាយផ្ទាល់ នៅពេល​សមត្ថកិច្ចកំពុងតែអនុវត្តការងារស៊ើបអង្កេត ឬក្នុងតំបន់ដែលអាជ្ញាធរហាមឃាត់។​

កាលពីថ្ងៃទី១៨​ ខែមករា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥នៃក្រសួងព័ត៌មាន រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំអ្នកសារព័ត៌មានកុំឱ្យទៅថតរូបក្នុងដែនសមត្ថកិច្ចហាមឃាត់ ឬកំពុងបំពេញភារកិច្ច ដោយលោកថាវាខុសទៅនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ លោកបាន​លើកឡើងថាប្រសិនបើអ្នកសារព័ត៌មានណាម្នាក់មិនស្តាប់តាមការហាមឃាត់សមត្ថកិច្ចមានសិទ្ធិចាប់ខ្លួនអ្នកកាសែតនោះ។

បីថ្ងៃក្រោយមក លោក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យមន្រ្តីក្រោមឱវាទហាមអ្នកសារព័ត៌មាន​ចូលថត ឬផ្សាយផ្ទាល់នៅពេលសមត្ថកិច្ចកំពុង​អនុវត្ត​ការងារ ឬតាមដានស្រាវជ្រាវកំណត់សញ្ញាជនល្មើស ឬពេលបង្រ្កាបបទល្មើស។ លោក​បាន​បញ្ជាក់ថាបើអ្នកសារព័ត៌មានមិនស្តាប់តាមការហាមប្រាមនោះពួកគេនឹងប្រឈម​វិធានការ​ច្បាប់។

លិខិតចំហរួមគ្នាមួយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សម្ព័ន្ធអ្នកសារ​ព័ត៌មាន​កម្ពុជា ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ដែលចេញកាលពីម្សិលមិញ លើកឡើងថាអត្ថន័យនៃបទបញ្ជានោះមានភាពមិនច្បាស់លាស់ និងទូលាយដែលនាំឱ្យមានប៉ះពាល់ដល់សេរីភាពក្នុងការបោះពុម្ពផ្សាយរបស់អ្នកសារព័ត៌មាន។

លិខិតដដែលសរសេរបន្តថា៖«សូមអំពាវនាវដល់រដ្ឋាភិបាលមេត្តាពន្យល់ និងបញ្ជាក់អំពីសេចក្តី​ណែនាំ​នេះ​ឱ្យបានច្បាស់ ដើម្បីធានាថា​សិទ្ធិនិងសេរីភាពរបស់អ្នកសារព័ត៌មានក្នុងរដ្ឋ​ធម្មនុញ្ញ​របស់​​ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ មិនត្រូវបានរិតត្បិត។​ ក្នុងប៉ុន្មានខែថ្មីៗនេះ អ្នកកាសែត​ជា​ច្រើន​​បាន​ទទូល​រង​នូវ​ការ​យាយី និងត្រូវបានអាជ្ញាធរប្រាប់ឱ្យបញ្ឈប់ការថតរូប​និងផ្សាយ​បន្តផ្ទាល់​ក្នុងពេលតវ៉ានិងព្រឹត្តិការណ៍ដទៃទៀតដែលប៉ូលីសកំពុងបំពេញភារកិច្ច»។

​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បានឆ្លើយតបថាការលើកឡើងរបស់​រដ្ឋមន្រ្តីក្រ​សួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធិ គ្រាន់តែជាការដាស់តឿនឱ្យ​អ្នកកាសែតឱ្យយល់ពីភារកិច្ច និង​តួនាទី ហើយធ្វើការងារតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះ។

លោកបានបន្ថែមថា៖«នៅពេលដែលសមត្ថកិច្ចស៊ើបអង្កេតទៅលើករណីអ្វីមួយ ហេតុការណ៍​អ្វី​មួយនោះ​វាកំពុងតែស្ថិតក្នុងដែននៃអនុវត្តន៍តួនាទីភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ច។ អ៊ីចឹង​ហើយទាមទារឱ្យអ្នកសារព័ត៌មានត្រូវចូលរួមសហការនិងគោរពទៅតាមតួនាទីភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ច»។

លោកបានបញ្ជាក់ថា​ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានមិនបាន​បំភិតបំភ័យ ឬបំបិទ​សិទ្ធិ​សេរីភាព​​របស់អ្នកសារព័ត៌មានណាមួយនោះទេ។

​​អ្នក​​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បានបញ្ជាក់ថា​ការលើក​ឡើងរបស់លោក ស ថេត ជាការណែនាំឱ្យអ្នកសារព័ត៌មានយល់​ពីតួនាទីរបស់ខ្លួន​ដោយមិនធ្វើការងារហួសពីដែនកំណត់។ លោកបានបន្តថាការណែនាំនោះមិនមែនជា​ការ​ព្រមាន​ដល់​អ្នកសារព័ត៌មាននោះទេ។ លោកបានឱ្យដឹងទៀតថាសមត្ថកិច្ចតែងចាត់ទុក​អ្នក​សារព័ត៌មាន​ជាដៃគូសហការគ្នា​ដោយថាសមត្ថកិច្ចតែងតែផ្តល់ព័ត៌មានតាមការស្នើសុំនៅពេល​ដែលធ្វើការបិទបញ្ចប់រឿងរួចរាល់។

លោកបានឆ្លើយតបទៅនឹងលិខិតចំហរបស់ក្រុម​អង្គការសមាគមអ្នកសារព័ត៌មានយ៉ាង​ដូច្នេះ​ថា៖«ករណីអស់ហ្នឹងមិនមែនជាការហាមឃាត់សិទ្ធិសេរីភាពអីទេ។ គាត់អាចធ្វើបាន គាត់អាច​ចុះ​យកព័ត៌មានទូទៅបាន​ ប៉ុន្តែគាត់ត្រូវមើលដែរថា​តើពេលណាដែលសមត្ថកិច្ចសុំគាត់ សំណូម​ពរគាត់ថាកុំLive(ផ្សាយផ្ទាល់) កុំធ្វើ ទុកឱ្យជំនាញគាត់ធ្វើការងារសិន។ […]ពេលខ្លះសុំឱ្យគាត់​ស្តាប់ ពេលខ្លះគាត់អត់ស្តាប់»។

អ្នកនាំពាក្យរូបនេះក៏បានលើកឡើងផងដែរថាពេលខ្លះអ្នកសារព័ត៌មានមួយចំនួនទៅផ្សាយផ្ទាល់បាន​​ធ្វើឱ្យ​ជនល្មើសដឹងខ្លួនដែលករណីនេះធ្វើប៉ះពាល់ដល់ការងាររបស់សមត្ថកិច្ចដែល​កំពុង​ស៊ើប​អង្កេតស្វែងរកចាប់ជនល្មើសទាំងនោះ។

ទោះយ៉ាងក៏ដោយអង្គការការពារអ្នកសារព័ត៌មានទាំង៤ បានរកឃើញថាយ៉ាងហោចណាស់​កាល​ពីចុងខែមករា​កន្លងទៅមាន១ករណី​ដែលសមត្ថកិច្ចបានកោះហៅអ្នកសារព័ត៌មាន​អប់រំ​និងណែនាំមិនឱ្យថតនិងផ្សាយផ្ទាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ