មេ​សហ​ជីព​មួយ​រូប​រក​អន្តរា​គមន៍​ពី​ក្រសួង​យុត្តិធម៌​ ក្រោយ​រង​បណ្តឹង​ពី​ក្រុម​ហ៊ុន​មួយ​​​

ក្រសួងយុត្តិធម៌។ រូបភាព៖ ជន ចាន់រ៉ែន

មេដឹកនាំ​សហជីពមួយរូបបាន​រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ឱ្យខ្លួន ក្រោយរងបណ្តឹង​​ពីក្រុមហ៊ុនផលិតកាបូប​មួយនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី បានចូលទៅបំភ្លឺនៅសាលាស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជុំវិញដំណើររឿងដែលរងការ​​ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និង​ញុះ​ញង់​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទៅតាមកោះហៅរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា។

ក្នុងលិខិតមួយដាក់ទៅក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ហ្វា សាលី បាន​រៀបរាប់ថា ពេលដែលចូលទៅបំភ្លឺនៅសាលាស្រុករលាប្អៀរនោះ គឺពុំមានដើមបណ្តឹង​និងមន្ត្រីតុលាការចូលរួមឡើយ ហើយខាងសាលាស្រុកក៏មិនបានដឹងរឿងនេះដែរ។

លិខិតដដែលឱ្យដឹងថា ក្នុងដីកាកោះនោះមិនបានបញ្ជាក់ពីអត្តសញ្ញាណដើមបណ្តឹងឬភាគីណាមួយឡើយ ដែលធ្វើឱ្យលោកមានការបារម្ភ​ពីសុវត្ថិភាពផ្ទាល់ខ្លួន។

ប៉ុន្តែយ៉ាងណា លោកថា តាមដែលព័ត៌មានដែលលោកទទួល គឺដើមបណ្តឹងក្នុងសំណុំរឿងនេះ ជាបុគ្គលម្នាក់ឈ្មោះ​ សឿន រ៉ាវុធ ដែលតំណាងឱ្យក្រុមហ៊ុនផលិតកាបូប ខាយ​ណេង និងជាប្រធានរដ្ឋបាលរោងចក្រនេះ។

លោក ហ្វា សាលី បញ្ជាក់ក្នុងលិខិតថា ដើមចមដែលលោក សឿន រ៉ាវុធ ប្តឹងលោកទៅតុលាការ គឺដោយសារតែលោកបានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេស​ប៊ុក​ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដោយលើកឡើងថា រោងចក្រផលិតកាបូបឈ្មោះ ខាយណេង លេឌើរ ប្រូដាក់ ខេមបូឌា (KAI NENG LETHER PRODUCTS CO.,LTD) នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ការ​​​រើសអើង និងធ្វើទុក្ខ​បុកម្នេញលើសហជីពរបស់លោក​​ដែលនៅប្រចាំ​រោងចក្រមួយនេះ។

លោក ហ្វា សាលី ប្រាប់វីអូឌីបន្ថែមលើលិខិតនេះថា ករណីរោងចក្រប្តឹងលោកទៅតុលាការនេះ ជារឿងអយុត្តិធម៌មួយ និងជាការគំរាមកំហែង រើសអើង និងបំបាក់ស្មារតីទៅលើសហជីព។

លោកបន្ថែមថា៖ «ជារឿយ​ៗយើងឃើញថា រោងចក្រសហគ្រាសមួយចំនួនតែងតែប្រើប្រព័ន្ធតុលាការនេះបំបាក់ស្មារតីកម្មករនិយោជិត ក៏ដូចជាថ្នាក់ដឹកនាំសហជីព អ៊ីចឹងយើងអំពាវនាវដល់ស្ថាប័នអយ្យការ ក៏ដូចជា​ផ្នែកពាក់ព័ន្ធនឹងតុលាការនេះ គួរតែពិនិត្យឱ្យបានម៉ត់ចត់ទៅលើបញ្ហាទាំងអស់នេះ ចៀសវាងឱ្យថៅកែទាំងអស់នេះប្រើប្រព័ន្ធតុលាការនេះ ដែលវាធ្វើឱ្យតម្លៃ ក៏ដូចជាឯករាជ្យ​ភាពរបស់តុលាការ ហើយធ្វើឱ្យបាត់បង់នូវសិទ្ធិសេរីភាពសហជីព ក៏ដូចជាលក្ខខណ្ឌការងារបងប្អូនកម្មករ ដោយសារតែពួកគាត់មានការភ័យខ្លាចទៅលើការប្រើប្រាស់ប្រព័ន្ធតុលាការបែបនេះ»

លោក ហ្វា សាលី បន្ថែមថា កន្លងមក ខាងរោងចក្រនេះធ្លាប់បាន​ប្តឹង​សហជីពចំនួន២ ទៅតុលាការដែរ​ ក្រោយពី​​សហជីព​នោះតវ៉ាទាមទារលក្ខខណ្ឌការងារ​ជូនកម្មករនៅក្នុង​រោងចក្រនេះ។

វីអូឌី មិនអាចរកការឆ្លើយតបពីលោក សឿន រ៉ាវុធ ប្រធានរដ្ឋរោងចក្រ​ខាយ​ណេង បានទេនៅថ្ងៃសុក្រនេះ ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ទូរសព្ទចូលតែគ្មានអ្នកទទួល។

អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង លោក ស៊ឹម សុវឌ្ឍៈ មានប្រសាសន៍ថា លោកមិនបានដឹងរឿងថៅកែរោងចក្រ ខាយណេង ប្តឹងប្រធានសហជីពទៅតុលាការនោះទេ។ ចំពោះការលើកឡើងដែលថានៅរោងចក្រនេះមានលក្ខខណ្ឌការងារមិនល្អសម្រាប់កម្មករ និងមានការរើសអើងសហជីពនោះ លោកថា​ លោកមិនទាន់ទទួលបានព័ត៌មាននៅឡើយ។

លោកបន្ថែមថា៖ «រឿងរោងចក្រប្តឹងសហជីពនេះ ខាងយើង​មិនដឹងទេ ទាល់តែរឿងវិវាទ​រួម បានជាសមត្ថកិច្ចរបស់មន្ទីរក្នុងការដោះស្រាយ។ ពាក់ព័ន្ធរឿងហ្នឹង [រើសអើងសហជីព និងលក្ខខណ្ឌការងារ] ខ្ញុំមិនទាន់ទទួល​បានព័ត៌មានទេ»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ មានសញ្ញាណអាក្រក់ជាច្រើនករណី ដែលថៅកែរោងចក្របានប្រើប្រព័ន្ធតុលាការជាមធ្យោបាយដើម្បីគំរាម​សហជីព។

លោកបានស្នើឱ្យមានការអន្តរាគមន៍ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីប្រឆាំងសហជីពទៀត។

លោកបន្ថែមថា៖ «មានអំពើហិង្សាជាហូរហែ មានការរងអំពើហិង្សាជាហូរហែ ហើយវាបានធ្វើឱ្យចលនាសហជីពហ្នឹងមានការបាក់ស្បាត មានការថយចុះ ហើយបើសិនជាគ្មានអ្នកណាស្ម័គ្រ​​ចិត្តធ្វើតំណាងដើម្បីការ​ពារសិទ្ធិឱ្យកម្មករទេ វាជាឱកាសរបស់និយោជកក្នុងការកេងប្រវ័ញ្ចរំលោភសិទ្ធិកម្មករហ្នឹងហើយ។ ហើយនៅពេលលក្ខខណ្ឌការងារកាន់តែអាក្រក់ ការកេងប្រវ័ញ្ចខ្ពស់ ហើយព័ត៌មានចេញទៅក្រៅអំពីការរំលោភបំពាន​ច្រើន វាក៏ប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលដែរ»

បើតាមលោក អាត់ ធន់ រយៈពេល១០ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំសហជីពជាច្រើននាក់បាន​រង​ការ​គំរាមកំហែង រងអំពើ​ហិង្សា រង​បណ្តឹ​ងនៅ​តុលាការ និង​ជាប់ពន្ធ​នា​គារមិនតិចជាង៦០នាក់នោះទេ ក្រោយពី​ពួក​គេស​កម្ម​ចេញមុខ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ