លោក អ៊ូច ឡេង និងសកម្មជនព្រៃឈើ​៤រូប​ទៀត ត្រូវមន្រ្តីបរិស្ថានខេត្តក្រចេះចាប់ខ្លួន

លោក អ៊ូច ឡេង ជិះគោយន្តទៅល្បាតព្រៃជាមួយប្រជាសហគមន៍នាពេលកន្លងទៅ។ (រូបភាព៖ទំព័រហ្វេសប៊ុក Cambodian Youth Network – CYN)

សកម្មជនព្រៃឈើចំនួន៥រូប ដែលរួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ែន មុត លោក ហេង រុន និង ផង ឈាង ត្រូវបានមន្រ្តីបរិស្ថានខេត្តក្រចេះ ចាប់ខ្លួន​នៅរសៀល​ថ្ងៃទី០៥​ខែកុម្ភៈនេះ។

ស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត ឆ្លើយយ៉ាងខ្លីថា ពិតជាមានករណីចាប់​ខ្លួន​មែន ប៉ុន្តែ លោកបដិសេធមិនផ្តល់ព័ត៌មានបន្ថែម ដោយសារករណីចាប់ខ្លួននោះ ខាងបរិស្ថានជាអ្នកអនុវត្ត។

លោក លន់ សុផាត ប្រាប់ថា៖ «ខ្ញុំទទួលរបាយការណ៍ពីអធិការមកមានករណីនេះ។ ចង់​ច្បាស់​ទាល់ទាក់ទងទៅបរិស្ថាន។ បរិស្ថានអ្នកអនុវត្តការងារនេះ»។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ឌួងសាវុធ បញ្ជាក់ថាពិតជាមាន​ការចាប់ខ្លួន​ពួកគេ​ទាំង៥នាក់មែន ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បន្ថែមពីមូលហេតុនៃការចាប់ខ្លួននេះទេ។

លោក ឌួងសាវុធ ប្រាប់ VOD តាមទូរសព្ទមុននេះបន្តិចថា៖«ការឃាត់ខ្លួនគាត់នេះ គឺ​សមត្ថកិច្ចកំពុង​​តែសាកសួរព័ត៌មាន។ ខ្ញុំសូមជម្រាបប៉ុណ្ណឹង ខ្ញុំអត់មានឆ្លើយអីបានទេ»។

VOD មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ