លោកហ៊ុន សែន លុបចោលគម្រោង​ចាក់​វ៉ាក់សាំងស៊ីណូហ្វាមព្រោះលើសអាយុ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រនេះ បានប្រកាសលុបចោលគម្រោង​ចាក់​វ៉ាក់​សាំងស៊ីណូហ្វាមរបស់ចិន ដោយថាអាយុរបស់​លោកនិងមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលមួយចំនួន លើសពីលក្ខខណ្ឌអាយុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេស​ប៊ុករបស់​លោកថាតាមព័ត៌មាន​ដែលលោកទទួលបាន ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថាន​ទូតចិន​ប្រចាំ​នៅកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម(Sinopharm)ចាក់បានតែមនុស្ស ដែល​មានអាយុពី១៨ឆ្នាំទៅ ៥៩ឆ្នាំតែប៉ុណ្ណោះ​។

លោកបន្តថា រូបលោក មានអាយុ​ជាង៦៨ឆ្នាំទៅហើយ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលភាគច្រើន ក៏មាន​អាយុលើសពី៦០ឆ្នាំដែរ ដែលមិនទាន់អាចចាក់វ៉ាក់សាំងនេះបានទេ។

លោកបានសរសេរថា៖ «សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់​បានទេ។ ដូចនេះគំរោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​​២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់​ផ្សេង​​ទៀតភាគច្រើន​មានអាយុលើសពី៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ»។

តែយ៉ាងណា លោកថា សម្រាប់កម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំង នៅព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ នឹងរក្សាទុកនៅដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ