មន្ត្រីផ្នែកអភិរក្សគម្របព្រៃឈើបៃតង បានព្រមានពីការបាត់បង់ភាពទាក់ទាញភ្ញៀវទេសចរនៃតំបន់ការពារទេសភាពឧទ្យានជាតិ«ព្រះមុនីវង្សបូកគោ» បន្ទាប់ពីតំបន់បេតិកភណ្ឌធម្មជាតិអាស៊ានមួយនេះបានប្រឈមមុខនឹងភ្លើងឆេះព្រៃជាច្រើនកន្លែង ហើយមន្ត្រីនិយាយថា បច្ចេកទេសនៃការគ្រប់គ្រងបញ្ហានេះនៅមានលក្ខណៈបុរាណនៅឡើយ។
រូបភាពភ្លើងឆេះព្រៃដែលតាមដានតាមប្រព័ន្ធផ្កាយរណបដោយ Global Forest Watch របស់វិទ្យាស្ថានធនធានពិភពលោក (WRI) បង្ហាញថា ភ្លើងឆេះព្រៃប្រហែល៨៥កន្លែង បានកើតឡើងនៅក្នុងបរិវេណនៃឧទ្យានជាតិបូកគោ នៅចន្លោះថ្ងៃទី២ ខែមករា និងថ្ងៃទី២ ខែកុម្ភៈនេះ។
នៅក្នុងដំណើរចូលទៅក្នុងតំបន់ការពារមួយនេះកាលពីថ្ងៃទី២២ ខែមករា អ្នកសារព័ត៌មានវីអូឌី បានឃើញផ្នែកជាច្រើននៃព្រៃឈើនៅផ្នែកខាងត្បូងឧទ្យានជាតិមួយនេះ ត្រូវបានឆេះខ្លោចជាច្រើនថ្ងៃមកហើយ ហើយផ្នែកជាច្រើនទៀតកំពុងរងការឆាបឆេះនៅឡើយ ដែលផ្សែងនៃភ្លើងឆេះព្រៃនោះអាចឱ្យគេមើលឃើញពីផ្លូវជាតិលេខ៣។
អ្នកភូមិម្នាក់ដែលបានចូលទៅច្រៀកឈើនៅក្នុងព្រៃផ្នែកខាងត្បូងនៃឧទ្យានជាតិបូកគោ បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គាត់បានឃើញភ្លើងឆេះព្រៃជាច្រើនថ្ងៃមកហើយ ហើយគាត់ថា បញ្ហាភ្លើងឆេះព្រៃនៅតំបន់ការពារមួយនេះកើតចេញពីសកម្មភាពនៃការទន្ទ្រានកាន់កាប់ដីនៅជុំវិញទីនោះ។
អ្នកភូមិដដែលនេះបាននិយាយថា លោកក៏បានឃើញក្រុមមន្ត្រីអនុរក្សនៅឧទ្យានជាតិបូកគោ បានចុះល្បាតនៅតំបន់នោះផងដែរ ប៉ុន្តែលោកថា ភ្លើងឆេះព្រៃនៅតែបន្តកើតមានដោយមិនមានការពន្លត់ និងគ្រប់គ្រងភ្លើងឆេះព្រៃពីសំណាក់មន្ត្រីឧទ្យានុរក្សនោះឡើយ។
អ្នកភូមិនិយាយថា៖ «[ដើមឈើ] តូចមានធំណាទាន់ មានកើតណាទៀត បើឆេះអស់ហើយហ្នឹង។ យើងរកស៊ីអាស្រ័យលើព្រៃឈើ បើកាលណាគេដុតអ៊ីចឹងទៅ យើងពិបាកដែរ ប៉ុន្តែមិនដឹងនរណាដុតទេ បើឃើញទៅ យើងចេះតែទប់ស្កាត់ថាអញ្ចេេះថាអញ្ចុះទៅ។ ពួកខ្ញុំថ្ងៃមុនមកព្រៃអ៊ីចឹងដែរ ទៅវិញអត់ទាន់ឃើញឆេះទេ ដល់ពេលយប់ ព្រលឹមឡើងឃើញឆេះហើយ»។
ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលគ្របដណ្ដប់លើព្រៃឈើបៃតង ១ ៤៧៣,១៧ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តកំពត ភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ហើយជាឧទ្យានជាតិមួយនៅក្នុងចំណោមឧទ្យានជាតិតែ២គត់របស់កម្ពុជាដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិនៃតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០០៣។
ឧទ្យានជាតិមួយនេះក៏ជាផ្នែកមួយនៃជួរភ្នំក្រវាញរបស់កម្ពុជា ជាតំបន់ព្រៃឈើរងទឹកភ្លៀងដ៏សំខាន់មួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាដែនដីជម្រកសត្វកម្រជាច្រើន ដែលកំពុងប្រឈមមុខនឹងការវិនាសបាត់បង់នៅតំបន់ផ្សេងទៀត។
ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក ស៊ុយ សុធា បានបដិសេធបកស្រាយជុំវិញករណីនេះ ហើយបានបង្វែរឱ្យសួរទៅអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា វិញ ដែលបានប្រាប់ថា ភ្លើងឆេះព្រៃមិនត្រឹមតែកើតឡើងនៅផ្នែកមួយចំនួននៃឧទ្យានជាតិបូកគោនោះទេ ប៉ុន្តែលោកថា វាក៏បានកើតឡើងផងដែរនៅទីតាំងជាច្រើនទៀតនៃតំបន់ការពារនិងអភិរក្សបរិស្ថានទូទាំងប្រទេសកម្ពុជា។
អ្នកនាំពាក្យរូបនេះបានទទួលស្គាល់ថា ការទន្ទ្រានយកដីគឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុផ្សេងទៀត ដែលបណ្ដាលឱ្យមានភ្លើងឆេះព្រៃកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិ។
បើតាមអ្នកនាំពាក្យរូបនេះ ភ្លើងឆេះព្រៃបានកើតឡើងចន្លោះពី ២ ៥០០ ទៅ ៥ ០០០កន្លែងក្នុងមួយថ្ងៃៗនៅទូទាំងប្រទេសកម្ពុជា ហើយក្រសួងបរិស្ថានបានណែនាំឱ្យមន្ត្រីអនុរក្សរបស់ខ្លួនបង្កើនការគ្រប់គ្រងឱ្យបានល្អទៅលើបញ្ហាភ្លើងឆេះព្រៃនេះផងដែរ។
លោក នេត្រ ភក្ត្រា ប្រាប់ថា៖ «មិននិយាយថានៅកន្លែងតំបន់តែព្រៃបូកគោ ឬមួយកន្លែងណាទេ គឺស្ថានភាពនេះ វាឆេះនៅទូទាំងប្រទេស នៅក្នុងរដូវប្រាំង វាតែងតែកើតមានឡើងអ៊ីចឹង។ […] ភ្លើងឆេះព្រៃវាមិនអាក្រក់ណាស់ណាសម្រាប់បរិស្ថានរបស់យើងទេ»។
ប៉ុន្តែអ្នកនាំពាក្យរូបនេះបញ្ជាក់ថា បញ្ហានេះបានកើតឡើងហួសពីសមត្ថភាពនៃការគ្រប់គ្រងរបស់មន្ត្រីឧទ្យានុរក្សទៅទៀត ដោយថា បណ្ដាលមកពីកត្តាហេដ្ឋារចនាសម្ព័ន្ធ និងកង្វះគ្រឿងសម្ភារបច្ចេកទេសសម្រាប់គ្រប់គ្រងនិងពន្លត់ភ្លើងឆេះព្រៃ។
លោក នេត្រ ភក្ត្រា ប្រាប់បន្តថា៖ «ស្ថានភាពរបស់យើងឥលូវនេះ យើងមានការលំបាកដោយសារតែស្ថានភាពយើងអត់មានផ្លូវចូលទៅទេ។ ពេលខ្លះលំបាក។ អ៊ីចឹងហើយបានជាយើងប្រើជាមធ្យោបាយ គឺមធ្យោបាយមនុស្ស គឺពន្លត់ភ្លើងតាមរបៀបបុរាណ គឺស្លឹកឈើយកមកបិទ មកផ្ទប់ជាមួយនឹងស្ថានភាពហ្នឹង [ភ្លើងឆេះព្រៃ]»។
បន្ទាប់ពីមើលរូបថតនិងវីដេអូខ្លីៗដែលអ្នកសារព័ត៌មានវីអូឌីផ្តិតយកបាន លោក ឆឹង ស៊ុវិរិយ៉ា អ្នកសម្របសម្រួលគោលនយោបាយ និងបណ្ដាញនៃអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ ប្រាប់ថា បញ្ហាភ្លើងឆេះព្រៃកំពុងគំរាមកំហែងគម្របព្រៃឈើបៃតងនៃតំបន់ការពារទេសភាពមួយនេះ។
លោក ស៊ុវិរិយ៉ា បានជំរុញឱ្យទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពធម្មជាតិមួយនេះ និងស្ដារឡើងវិញនូវគម្របព្រៃឈើបៃតង ដោយថា ភាពទាក់ទាញទេសចរណ៍នៃតំបន់នេះ អាចនឹងថយចុះប្រសិនបើបញ្ហានេះនៅតែបន្តកើតមាន។
លោក ឆឹង ស៊ុវិរិយ៉ា ប្រាប់ថា៖ «ចំនួននៃភ្ញៀវទេសចរ ឬភាពទាក់ទាញប្រហែលលែងមានតទៅទៀតហើយ ពីព្រោះយើងត្រូវយល់ថា រវាងព្រៃដាំ និងព្រៃធម្មជាតិ មានភាពខុសគ្នា។ អ៊ីចឹង កន្លែងហ្នឹងយើងអាចមើលឃើញស្រាប់ហើយថា ប្រសិនបើធនធានហ្នឹងថយចុះ អត់មានសត្វព្រៃ អត់មានព្រៃបៃតង ប្រហែលជាមិនមានភ្ញៀវទៅលេងតំបន់ហ្នឹងទៀតទេ»៕