វ៉ាក់សាំង​​ប្រឆាំង​​វីរុស​​កូ​វីដ​១៩​របស់​​ចិន​នឹង​​មក​ដល់​​កម្ពុជា​​នៅ​​ចុង​​សប្តាហ៍​​នេះ​

ស្ត្រីម្នាក់ឈរកាន់ទង់ជាតិកម្ពុជានិងទង់ជាតិ ស្វាគមន៍ដំណើរមកដល់នៃក្រុមគ្រូពេទ្យចិនមកពីខេត្តគ័ងស៊ី ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ប្រមុខ​រដ្ឋាភិបាលបាន​ប្រកាស​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩របស់​ចិននឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

យោង​តាម​សារ​ជា​សំឡេង​ផ្ញើ​ទៅកាន់​ក្រុមការងារ​វ៉ាក់សាំង និង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល ត្រៀម​រៀបចំ​កម្មវិធី​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកុម្ភៈ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​បង ម៉ម ប៊ុ​នហេង ​[រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​] ថា វ៉ាក់សាំង​នឹង​មកដល់​ថ្ងៃទី៧ គឺ​ថ្ងៃអាទិត្យ​នេះ ហើយ​ដូច​ការប្រកាស​របស់ខ្ញុំ​កន្លងទៅ គឺ​ខ្ញុំ​បាន​បញ្ជាក់​ថា ពេល​វ៉ាក់សាំង​មកដល់ ខ្ញុំ​នឹង​ទៅ​ទទួល។ ហើយ​ឥលូវ​នេះ គឺ​ត្រូវ​រៀបចំ​កម្មវិធី​ទទួល​វ៉ាក់សាំង​នៅ​ឯព្រលា​នយន្តហោះ​ពោធិ៍ចិន​តុង ​[ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​]»។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាលក៏បាន​ចេញ​លិខិត​មួយប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm COVID​-19 របស់​ប្រទេស​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​ជាបន្ទាន់​ផង​ដែរ។ 

លិខិត​របស់ក្រ​សួងបាន​បញ្ជាក់​ថា៖ «ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នូវ​វ៉ាក់សាំង Sinopharm COVID​-19 ដែល​ផលិត​ដោយ​វិទ្យាស្ថាន Beijing Institute of Biological Products Co​., Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​ជាបន្ទាន់ [Emergency Use Authorization​] ដោយ​អនុវត្ត​តាម​ពិធីសារ​ស្តី​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល»។

កាលពី​ថ្ងៃម្សិលមិញ រថយន្ត​សម្រាប់​ដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ១៩ ចំនួន២គ្រឿង និង​កុងតឺន័រ​ត្រជាក់​ចំនួន៥ ត្រូវ​បាន​ត្រៀម​ជាស​ម្រេច សម្រាប់​ដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ១៩នេះ។

កាលពី​ពេល​ថ្មី​ៗនេះ រដ្ឋាភិបាល​ចិនបានសម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ឈ្មោះ ស៊ី​ណូ​ហ្វា​ម ចំនួន១លា​នដូស ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុង​នោះ វ៉ាក់សាំង​ចំនួន៦០ម៉ឺ​នដូស នឹង​ត្រូវ​បញ្ជូន​មកដល់​កម្ពុជា ក្នុង​ដំណាក់កាល​ទី១ និង​វ៉ាក់សាំង​ដែល​នៅសល់​ នឹង​បញ្ជូន​មក​ជាបន្តបន្ទាប់​ទៀត។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ព្រឹក​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៤៦៧នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយចំនួន៤៥១នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន១៦នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ