តុលាការ​​ច្រាន​ចោល​​លើក​​ទី​៣​សំណើ​សុំ​​បើក​សវនាការ​​ឡើង​វិញ​​សំណុំ​រឿង​​លោក​ កឹម សុខា​

លោក កឹម សុខា ក្រោយចេញពីសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (អ៊ូច សូនី)

តុលាការ​បានសម្រេច​ច្រានចោល​ជា​លើក​ទី៣ចំពោះ​សំណើសុំ​របស់​ក្រុម​មេធាវី​លោក កឹម សុខា ដែល​បាន​ស្នើ​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​សវនាការ​ជំនុំជម្រះ​សំណុំរឿង​«ក្បត់ជាតិ»ដែល​ចោទ​លើ​មេ​បក្ស​ប្រឆាំង​រូប​នេះ ដោយ​សម្អាងទៅលើ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​កូ​វីដ១៩ និង​ភាព​ចាំបាច់​មួយចំនួន​ទៀត​ចេញ​ដោយ​ក្រសួង​យុត្តិធម៌។

សហ​មេធាវី​លោក កឹម សុខា កាលពី​ថ្ងៃទី២២ ខែមករា​កន្លងមក​នេះ បាន​ដាក់​លិខិត​ជា​លើក​ទី៣ ស្នើសុំ​បន្ត​សវនាការ​សំណុំរឿង​កូន​ក្តី​ឡើងវិញ ក្រោយ​សវនាការ​នេះ​ត្រូវ​បាន​ផ្អាក​កាលពី​ចុងខែ​មីនា​ឆ្នាំមុន បន្ទាប់ពី​កម្ពុជា​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ និយាយ​ក្នុង​លិខិត​ចុះ​ថ្ងៃទី២ ខែកុម្ភៈ​ ថាសំណើសុំ​បន្ត​សវនាការ​ឡើងវិញ​របស់​សហ​មេធាវី​ការពារ មិន​អាច​ដាក់​កម្មវិធី​ពេលនេះ​តាម​ការ​ស្នើសុំ​បានទេ ដោយ​សម្អាងថា ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី១៩នៅ​លើ​ពិភពលោកនៅតែ​បន្ត​កើតមាន និង​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ។

លោក កូយ សៅ រៀបរាប់​ថា៖ «ដោយហេតុថា សា​លាដំបូ​ងរា​ជធានី​ភ្នំពេញ​ក៏​កំពុង​មមាញឹក​ក្នុង​ចំណាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​មាន​ជន​ត្រូវ​ចោទ​កំពុង​ជាប់ឃុំ​យ៉ាង​ចង្អៀត​ក្នុង​ពន្ធនាគារ ដែល​ករណីនេះ ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​នៅក្នុង​យុទ្ធនាការ​នៃ​ការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ ដែល​ត្រូវ​បាន​ដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌​នា​ពេល​កន្លង​មក​ថ្មី​ៗនេះ»។

ចៅក្រម​រូប​នេះគូសបញ្ជាក់​ថា នឹង​ពិចារណា​នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដើម្បី​អាច​មានលទ្ធភាព​បន្ត​សវនាការ​ឡើងវិញ​នា​ពេលវេលា​សមស្រប​ខាងមុខនេះ ដើម្បី​ធានា​នូវ​សិទ្ធិនិង​ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​ស្របតាម​នីតិវិធី​ច្បាប់។

សហ​មេធាវី លោក ចាន់ ចេន និយាយ​ថា ការ​បន្ត​លើកពេល​សវនាការ​កូន​ក្តី​ដោយ​មិនកំណត់​ពេល នឹង​បន្ត​រំលោភបំពាន​លើ​សិទ្ធិ​កូន​ក្តី​របស់​លោក​ក្នុង​ការ​ទទួល​បានការ​ជំនុំជម្រះ​ឆាប់រហ័ស និង​យុត្តិធម៌​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់អន្តរជាតិ។

លោក ចាន់ ចេន ប្រាប់​ថា៖ «ជា​ការយល់ឃើញ​របស់ខ្ញុំ ការ​ដែ​លព​ន្យារ​ពេល​សវនាការ​ម្តង​ហើយ​ម្តង​ទៀត ហើយ​ពន្យា​រពេល​អត់​កំណត់​ហ្នឹង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្តី​ខ្ញុំ​ដែល​មាន​ចែង​ក្នុង​កតិកាសញ្ញា​ដែល​ជា​ច្បាប់អន្តរជាតិ ដែល​ចែងថា ជនជាប់ចោទ​ត្រូវ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​ឆាប់រហ័សនិង​យុត្តិធម៌»។

បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត ​ខ្មែរ ថែម​ស៍ កាលពី​ខែឧសភា​ឆ្នាំមុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ថា សំណុំរឿង​លោក កឹម សុខា អាច​ពន្យា​រពេល​ដល់​ឆ្នាំ២០២៤ ក្រោយពី​តុលាការ​ផ្អាក​សវនាការ​សំណុំរឿង​នេះ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លី​កាដូ លោក អំ សំអាត ប្រាប់​ថា ហេតុផល​លើកឡើង​ដោយ​តុលាការបាន​ដើរ​ផ្ទុយគ្នា​ទៅ​នឹង​ការអនុវត្ត​ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ ដែល​លោក​សំដៅ​ទៅដល់​ដំណើរការ​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ខ្លះដែល​មាន​ជនជាប់ចោទ​ដល់ទៅ៦០នាក់ឬលើស​ពីនេះ​ទៅទៀត។

លោក អំ សំអាត ប្រាប់​ថា៖ «បើសិនជា​យើង​និយាយ​ថា​ទាក់ទិន​កូ​វីដ១៩ រឿង​ខ្លះ​មាន​ជន​ត្រូវ​ចោទ​ដល់ទៅ៥០ទៅ៦០នាក់ ម៉េច​ក៏​យើង​ធ្វើ​បាន ធំៗ​ដែរ! អ៊ីចឹង​ហេតុផល​ទាក់ទង​នឹង​ឯកឧត្តម កឹម សុខា នេះ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​រឿង​នយោបាយ​មួយ​ដ៏​ធំ​ដែរ»។

កាលពី​ចុងឆ្នាំ​មុន កម្ពុជា​បាន​ប្រកាស​ឱ្យ​ស្ថាប័នជាតិ​ដំណើរការ​ជាប្រក្រតី​ឡើងវិញ ក្រោយពី​ប្រកាស​ថា បាន​ទប់ស្កាត់​កូ​វីដ១៩ចម្លង​ចូល​សហគមន៍​បាន​ដោយជោគជ័យ ដែល​រដ្ឋាភិបាល​ហៅថា «ព្រឹត្តិ​ការណ៍២៨វិច្ឆិកា»។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​នៅ​ថ្ងៃនេះ កម្ពុជា​មិនទាន់​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ១៩ទេ បើ​ទោះបី​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង៤៦៧នាក់​ហើយ​ក្ដី​ចាប់ពី​ដើមឆ្នាំ២០២០មក ដោយ​ព្យាបាល​ជាសះស្បើយ៤៥១នាក់ និង១៦នាក់​ទៀត​កំពុង​សម្រាក​ព្យា​បាល។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដកហូត​សិទ្ធិ​ធ្វើនយោបាយ​ជាង៣ឆ្នាំ​មក​ហើយ​គិត​ចាប់ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោក​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​បទ​ចោទ​ថា គប់គិតជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

កាលពី​ចុងខែ​កញ្ញា​ឆ្នាំមុន អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​ចាត់ទុក​សំណុំរឿង​ចោទប្រកាន់​លើ​លោក កឹម សុខា ជា​រឿង​នយោបាយ ដែល​ក្លាយទៅជា​គំរូ​អាក្រក់​មួយ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ទៅលើ​គូប្រជែង​នយោបាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ