មន្រ្តីថាទំហំការងារធំទៅៗទើបក្រសួងមុខងារសាធារណៈត្រូវប្តូរទីតាំងទៅបឹងតាមោក

មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ បានលើកឡើង​​ថា ការដែលក្រសួងមួយនេះសុំផ្លាស់ប្តូរ​ទៅ​កាន់​ទីតាំងថ្មីនៅលើផ្ទៃដីបឹងតាមោកនោះ ដោយ​សារ​​​តែទីតាំង​ចាស់មានទីធ្លាតូចចង្អៀត និងដើម្បីពង្រឹងប្រសិទ្ធការងារ។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយ ដោយអនុ​ញ្ញាត​​ឱ្យ​កាត់ដីទំហំ ៤ហិកតា នៅបឹងតាមោក ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅឱ្យក្រសួងមុខងារសាធារណៈ ដើម្បីសាងសង់អគារទីស្តីការក្រសួងថ្មី។

អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា មានប្រសាសន៍នៅថ្ងៃទី០៤ ខែកុម្ភៈនេះថា ទីតាំងក្រសួងបច្ចុប្បន្ន មានលក្ខណៈតូចចង្អៀត និងពិបាកធ្វើបំពេញការងារ។

លោក យក់ ប៊ុនណា បន្ត​ថា៖ «បច្ចុប្បន្នការងាររបស់ក្រសួងមុខងារសាធារណៈ វាមានទំហំធំទៅៗ ដោយសារកិច្ចការ​​ដែលយើងត្រូវធ្វើផ្នែកសេវាសាធារណៈ ផ្នែកគ្រប់គ្រងស្ត្រី ការកសាងកន្លែងសម្រាប់មន្ត្រីសាធារណៈ ត្រូវការកន្លែងដែលធំទូលាយជាងមុន និងមានសុវត្ថិ​ភាពជាងមុន អីចឹងត្រូវគិតគូរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីគាំទ្រអភិវឌ្ឍន៍មុខងារ»

ចំពោះទីតាំងទីស្តីការក្រសួងមុខងារសាធារណៈបច្ចុប្បន្ន ដែល​ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ លោក យក់ ប៊ុនណា ពុំបានដឹងថាតើរដ្ឋាភិបាល នឹង​យកទុកសម្រាប់ប្រើប្រាស់​ធ្វើអ្វីបន្តទៀតនោះទេ។

កាលពីឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យមួយ ​ស្ដីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក ជា​សម្បតិ្ត​របស់​រដ្ឋ ដែល​មានផ្ទៃ​ដី​សរុប​ប្រមាណ ៣ ២៣៩ហិ​កតា សម្រាប់​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​​ទឹក​ចេញពី​រាជធានី​ភ្នំពេញ។

ក្រោយមកចាប់តាំងពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ រដ្ឋាភិបាល​បានសម្រេច​​កាត់​ផ្ទៃ​បឹង​តា​មោក​សរុប​ជាង ៥៨០ហិ​កតា ទៅ​ឱ្យ​ស្ថាប័នរដ្ឋមួយចំនួន​ ដូចជា ក្រសួង​យុត្តិធម៌ ក្រសួង​ការពារ​ជាតិ សាលា​រាជធានី​ភ្នំពេញ សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​ក្រុមហ៊ុន​​ឯកជន សម្រាប់​​សាងសង់​អគារ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗជាដើម។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា រដ្ឋាភិបាល នៅបន្តកាត់ដីនៅបឹងតាមោក ដោយមិនខ្វល់ចំពោះការរិះគន់ដដែល​ៗជុំវិញ​ការ​កាត់​បឹងនេះទេ។ លោកបានបញ្ជាក់ថា ​ការសម្រេច​​កាត់​ដីបឹង​​នោះ ​ធ្វើឡើងដើម្បីបម្រើ​​ផល​​ប្រយោជន៍​រួម ខណៈ​​ដី​ខ្លះទៀត​ជា​ដីស្រែ​ប្រាំង​ដែល​ជា​កម្ម​សិទ្ធិ​របស់​ពលរដ្ឋរួច​ទៅហើយ​។

កន្លងមក​​ មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណ​ជន​មួយចំនួន តែងតែ​និយាយ​រិះគន់​រដ្ឋាភិបាល ជុំវិញ​​ការ​ចេញ​អនុក្រឹត្យ​លុប​ផ្ទៃ​បឹង​តា​មោក ឬបឹង​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ និងបឹងផ្សេងទៀត ទៅ​ឱ្យ​ស្ថាប័នរដ្ឋ ​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ ដោយថា ការ​​លុបបឹងទាំងនេះ នឹងធ្វើឱ្យការបាត់អាងស្តុកទឹកដ៏សំខាន់សម្រាប់រាជធានី​​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ