កុមារ២នាក់និងពលករខ្មែរខុសច្បាប់១៥នាក់ត្រូវបានបញ្ជូនមកពីម៉ាឡេស៊ី

ពលការិនីចំនួន១៥នាក់ និងកុមារខ្មែរ២នាក់ ត្រៀមធ្វើដំណើរចាកចេញពីប្រទេសម៉ាឡេស៊ីនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។​(រូបថត៖ហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី)

មន្រ្តីទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយនាំយក​ពលករខុសច្បាប់១៥នាក់ និង កុមារខ្មែរ២នាក់ឱ្យវិលត្រលប់មកមាតុភូមិវិញ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា​ដោយសារ តែមានការជួយពីស្ថានទូត ពលករខ្មែរខុសច្បាប់ទាំងជាង១០នាក់ និងកុមារ២នាក់ ដែលចេញ ទៅម៉ាឡេស៊ីតាមឪពុកម្តាយដែលជាពលករនោះបានត្រលប់មកដល់កម្ពុជាវិញហើយកាលពីល្ងាចម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានឱ្យដឹងថាដោយសារតែពលករទាំងនោះ ពុំមានការងារធ្វើ ម្យ៉ាងសុទ្ធតែខុសច្បាប់ ហើយប្រសិន បើបន្តរស់នៅទីនោះទៀតនឹងប្រឈម មុខក្នុងការចាប់ខ្លួន និងការបង់ពិន័យធ្ងន់ធ្ងរ ទើបស្ថានទូតកម្ពុជាបាន​សហការជាអាជ្ញាធរ ម៉ាឡេស៊ីជួយសម្រួលឱ្យពួកគេបានត្រលប់មកកម្ពុជាវិញ។

លោកបន្តថាពលករទាំងនោះមិនមែនជាជនរងគ្រោះអ្វីឡើយ គ្រាន់តែមានទំលាប់ ទៅការងារ​ធ្វើដោយខុសច្បាប់ ខណៈលោកថាបញ្ហានេះបានកើតមានឡើងជាយូរហើយ។

អ្នកនាំពាក្យរូបនេះ និយាយទៀតថា ពលករទាំងនោះ ជាអ្នកទៅរកការងារធ្វើដោយខ្លួនឯង តាម​មិត្តភក្ដិ​ និងទៅតាមមេខ្យល់ ខណៈពួកគេមានខ្លះធ្វើការយូរឆ្នាំ និងខ្លះទៀត ទើបតែធ្វើការបាន ២ ទៅ៣ ឆ្នាំប៉ុណ្ណោះ។

លោក បន្ថែមទៀតថា ក្នុងប្រទេសម៉ាឡេស៊ី ការងារដែលពលករទាំងនោះធ្វើ រួមមាន ការធ្វើការ​រោងចក្រ កម្មករសំណង់ កម្មករនៅតាមចំការ កាត់ដេរតាមផ្ទះ និងធ្វើជាអ្នកលក់ការរ៉េមតាមម៉ូតូ​ជាដើម​។

សម្រាប់កុមារទាំង២នាក់ លោក កុយ គួង បញ្ជាក់ថា​ពូកគេម្នាក់ជាកុមារា១១ឆ្នាំ និងម្នាក់ទៀតជា​កុមារីអាយុ១ឆ្នាំ៨ខែ ដែលពួកគេសុទ្ធតែទៅតាមឪពុកម្តាយដែលជាពលករ។ លោកឱ្យដឹងទៀត​ថា​​​កុមារា​អាយុ១១ឆ្នាំនោះ​មិនបានចូលរៀនទេ ដោយសារតែ​ទៅរស់ម៉ាឡេស៊ីដោយខុសច្បាប់​ជាមួយឪពុកម្តាយរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ