គ្រូ​បង្រៀន​​ម្នាក់​​ដែល​​យក​​លុយ​​សិស្ស​​នៅ​​សាលា​បឋម​សិក្សា​​សន្ធរ​ម៉ុ​ក​ ត្រូវ​​ប្តូរ​​ទៅ​​សាលា​​ផ្សេង​​

ឪពុកម្ដាយនិងអាណាព្យាបាលសិស្ស នាំគ្នាឈរត្រៀបត្រារង់ចាំកូនចៅចេញពីសាលាបឋមសិក្សា សន្ធរម៉ុក ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

មន្ទីរអប់រំរាជធានីភ្នំពេញ បាន​សម្រេច​ផ្លាស់ប្តូរ​​គ្រូបង្រៀនម្នាក់ដែលរងការចោទប្រកាន់ថា បានទារប្រាក់ពីសិស្សរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ឱ្យ​ទៅបង្រៀននៅសាលាផ្សេង ក្រោយរកឃើញកំហុស។

កាលពីពេលថ្មីៗនេះ អ្នកគ្រូបង្រៀនម្នាក់ត្រូវបានអាណាព្យាបាលសិស្សរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ចែករំលែកព័ត៌មាន​តាម​បណ្តាញសង្គមហ្វេសប៊ុក ដោយចោទ​ថា បានទារប្រាក់ពីសិស្សម្នាក់ចំនួន៦ម៉ឺនរៀលក្នុងមួយ​ខែ ជាថ្នូរនឹការដឹងគុណគ្រូ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ហែម ស៊ីណារ៉េត ប្រាប់វីអូឌីនៅថ្ងៃពុធ​​នេះ​ថា ក្រោយទទួលព័ត៌មាននេះ ខាងមន្ទីរបានចាត់មន្ត្រីឱ្យចុះស្រាវ​ជ្រាវភ្លាមៗ ដោយរកឃើញកំហុសមួយចំនួនដែលអ្នកគ្រូបង្រៀនម្នាក់នោះ​បានប្រព្រឹត្ត ដូចជា ​អនុវត្តខុសបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាជាមួយសាលា ហើយអនុវត្តខុសពីការណែនាំរបស់ក្រសួងដែលហាមអង្គាសប្រាក់ពីសិស្ស ជាដើម។

លោក​បន្តថា ពេលនេះ មន្ទីរអប់រំបានសម្រេចផ្លាស់ប្តូរអ្នកគ្រូបង្រៀនម្នាក់នោះពីសាលាបឋមសិក្សាសន្ធរម៉ុក ទៅសាលា​បឋមសិក្សាមួយផ្សេងទៀតនៅក្នុងខណ្ឌសែនសុខវិញ។

ទោះជាយ៉ាងណា លោក​បានបដិសេធបញ្ជាក់អត្តសញ្ញាណគ្រូបង្រៀនម្នាក់នោះ និងឈ្មោះសាលាត្រូវផ្លាស់ប្តូរឱ្យគ្រូបង្រៀនរូបនោះទៅបង្រៀន។

លោក ហែម ស៊ីណារ៉េត បន្ថែមថា​៖ «គាត់បានបំពានលើកិច្ចសន្យាជាមួយនាយកសាលាដែលនាយកសាលាបានហាមមិនឱ្យធ្វើអញ្ចេះមួយអញ្ចេះពីរ។ ហើយគាត់បានធ្វើផ្ទុយពីការណែនាំរបស់ក្រសួង ចំពោះការរៃអង្គាសប្រាក់ពីសិស្សហ្នឹង។ អញ្ចឹងអង្គប្រជុំសម្រេចឱ្យគាត់ផ្លាស់ចេញពីសាលាសន្ធរម៉ុកនៅខណ្ឌទួលគោកហ្នឹង ទៅ​សាលាបឋមសិក្សាមួយនៅខណ្ឌសែនសុខវិញ»

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ករណីមានបញ្ហាអ្វីមួយនៅក្នុងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សហការជាមួយ​មន្ទីរអប់រំ និងអាជ្ញាធរពាក់ព័ន្ធ តែងតែមានវិធានការដោះស្រាយតាម​ស្ថានភាពជាក់ស្តែង។

លោកបន្ថែមថា៖ «ជាទូទៅ ក្នុងករណីមានភាពមិនប្រក្រតីណាមួយនៅក្នុងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា គឺ​គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាតែងតែមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង ដែលមានការសហការជាមួយមន្ទីរអប់រំដែលជាសេនាធិការរបស់ក្រសួង ដើម្បីដោះស្រាយនៅតាមមូលដ្ឋានអំពីបញ្ហានានាដែលកើតឡើង»

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានសាទរចំពោះការ​ដាក់ពិន័យចំពោះគ្រូបង្រៀនដែលធ្វើខុស។ ប៉ុន្តែអ្នកស្រីមើលឃើញថា ការដែលគ្រូបង្រៀនប្រមូលលុយឬរៃ​អង្គាសលុយ​ពីសិស្សនោះ គឺ​​ដោយសារពួកគាត់​ទទួលបានប្រាក់បៀវត្សតិចនិងជួបបញ្ហាជីវភាព។

លោកស្រីបន្ថែមថា៖ «លោកគ្រូអ្នកគ្រូយើងបានបង្ខំចិត្តធ្វើឱ្យបាត់បង់ក្រមសីសធម៌ បាត់បង់ភាពថ្លៃថ្នូររបស់ពួកគាត់ គឺដោយធ្វើតាមរូបភាពណាក៏ដោយ ដើម្បីបានលុយ ដើម្បីជីវភាពរបស់គាត់ គឺដោយសារតែពួកគាត់ប្រាក់ខែតិច ត្រូវការលុយចាយវាយគ្រប់គ្រាន់។ អញ្ចឹងដើម្បី​ដោះស្រាយនិងបញ្ចប់បញ្ហានេះ គឺរដ្ឋាភិបាលខ្លួនឯងត្រូវរកវិធានការបែបណាដើម្បីឱ្យគ្រូបង្រៀនឈប់ធ្វើបែបនេះទៀត ដូច្នេះត្រូវតែដំឡើងប្រាក់ខែឱ្យពួកគាត់»

ចំណែកប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការប្តូរគ្រូបង្រៀនពីកន្លែងមួយទៅកន្លែងមួយដោយសារមានកំហុសនេះ គឺជាការអនុវត្តវិធានការរដ្ឋបាលមួយរបស់ស្ថាប័នរដ្ឋ។ យ៉ាងណា លោក សន ជ័យ នៅតែស្នើទៅក្រសួងនិងមន្ទីរអប់រំ ពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការចំពោះគ្រូបង្រៀន​ទាំងឡាយណាដែលបានប្រព្រឹត្តកំហុសឆ្គងទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ