លោក​ រ៉ុង​ ឈុន​ ថា​​សេចក្តី​​ថ្លែង​ការណ៍​​រឿង​​ព្រំដែន​​មិន​​ប៉ះពាល់​​កេរ្តិ៍​ឈ្មោះ​​ប្រមុខ​​រដ្ឋា​ភិបាល​​ទេ​​

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

ជនជាប់ចោទក្នុងសំណុំរឿងព្រំដែន លោក រ៉ុង ឈុន បាននិយាយក្នុងសវនាការនៅថ្ងៃនេះថា សេចក្ដីថ្លែងការណ៍របស់លោកជុំវិញបញ្ហាព្រំដែនដែលនាំឱ្យឈានដល់ការចោទប្រកាន់នៅតុលាការនេះ មិន​បានធ្វើឱ្យ​​ប៉ះពាល់កេរ្តិ៍ឈ្មោះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ប៉ុន្តែថា ការ​ចាប់ឃុំខ្លួនលោកទៅវិញទេដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រមុខរដ្ឋាភិបាល។

​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានបន្តបើកសវនាការសំណុំរឿងរបស់តំណាង​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន, កញ្ញា ស កនិ្នកា សមាជិក​យុវជនខ្មែរថាវរៈ និងលោក តុន និមល ជាអ្នករត់ម៉ូតូកង់បី ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម»

ក្នុងសវនាការ មេធាវីការពារឱ្យរដ្ឋាភិបាល លោក ឈិន បូរ៉ាវុធ បានសួរទៅលោក រ៉ុង ឈុន ថាហេតុអ្វីបានជាលោកចេញសេចក្ដីថ្លែងការណ៍​ពាក់ព័ន្ធនឹងរឿងព្រំដែន ខណៈដែលលោកចុះទៅទីនោះក្នុងគោលបំណងជួយអន្តរាគមន៍ឱ្យមានដំណោះស្រាយរឿង​​ដីធ្លី។

ពាក់ខោអាវអ្នកទោស ឈរក្នុងរង្វង់ក្រចកសេះ លោក រ៉ុង ឈុន ប្រាប់ទៅមេធាវីថា ការចុះទៅខេត្តត្បូងឃ្មុំនោះ លោកគ្មានគោលបំណងទៅមើលឬនិយាយរឿងព្រំដែនទេ ប៉ុន្តែបើតាមពល​រដ្ឋ​អះ​អាងប្រាប់លោកថា ដើមចមនៃវិវាទដីធ្លីរបស់ពួកគាត់ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម ដែលធ្វើឱ្យបាត់បង់ដីធ្លី ហើយប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់។

មេធាវីដែលចោទសួរ បានចាត់ទុកការចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថាបានធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរដ្ឋាភិបាល។

ប៉ុន្តែលោក រ៉ុង ឈុន ថាការចេញសេចក្ដីថ្លែងការណ៍របស់គាត់មិនធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរដ្ឋាភិបាលនោះទេ ប៉ុន្តែលោកថា ការចាប់ឃុំខ្លួនលោកទៅវិញទេដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​នោះ។

លោក រ៉ុង ឈុន បាននិយាយថា៖ «ខ្ញុំជួយពលរដ្ឋមិនមែនផលប្រយោជន៍ រ៉ុង ឈុន ទេ! ហើយតាមរយៈការចេញសេចក្ដីថ្លែងការណ៍មិនបានប៉ះពាល់កេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រីទេ ប៉ុន្តែអស់​លោក​ដែលចាប់ខ្លួនខ្ញុំទៅវិញទេ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី»។

បន្ទាប់ពីបញ្ចប់ការសាកសួរលោក រ៉ុង ឈុន រួច ប្រធានចៅក្រមជំនុំជម្រះ បានឱ្យឆ្មាំ​ពន្ធនាគារនាំខ្លួនកញ្ញា ស កនិ្នកា ចូលក្នុងសវនាការដើម្បីសាកសួរបន្ត។  

អំឡុងពេលសវនាការនោះ ចៅក្រមក៏បានប៉ះពាក្យសម្ដីគ្នាជាមួយមេធាវី លោក ជួង ជូងី ដែលការពារក្ដីឱ្យកញ្ញា ស កនិ្នកា ខណៈដែលចៅក្រមបង្ហាញឯកសារភស្តុតាង តែត្រូវលោកមេធាវី ជួង ជូងី និយាយកាត់​និងបានទះតុ។

លោកចៅក្រមបាន​ចាត់ទុកសកម្មភាពឡើងនិយាយកាត់និងទះតុរបស់មេធាវី ថាជាការ​មើល​ងាយ​លោកដែលជាចៅក្រម។

លោក​ចៅក្រម លិ សុខា បានថ្លែងថា៖ «លោកមើលខ្ញុំផង! ខ្ញុំជាអ្នកដឹកនាំ [សវនាការ] លោកមើល​ងាយ​ខ្ញុំមែនទេ»។

ក្រោយពីមានការប៉ះពាល់ពាក្យសម្ដីនោះ​ តំណាងអយ្យការ លោក សេង ហៀង បានឡើងកាត់ដោយឱ្យលោកមេធាវី ជួង ជូងី រក្សាក្រមសីលធម៌ បើមិនដូច្នោះទេ លោកនឹងស្នើចៅក្រមឱ្យលោកមេធាវី ជួង ជូងី ចេញក្រៅបន្ទប់សវនាការ។

លោក សេង ហៀង បាននិយាយថា៖ «សូមលោកមេធាវីរក្សាក្រមសីលធម៌ […] បើមិនអ៊ីចឹងទេ ខ្ញុំស្នើសុំលោកប្រធានក្រុមប្រឹក្សា ឱ្យលោកមេធាវីចេញក្រៅបន្ទប់សវនាការ»។

យ៉ាងណាក៏ដោយ បន្ទាប់ពីប៉ះពាក្យសម្ដីគ្នា ចៅក្រម តំណាងអយ្យការ និងមេធាវីរដ្ឋាភិបាល ក៏បានបន្តសួរទៅកញ្ញា ស កន្និកា  និងលោក តុន និមល ពាក់ព័ន្ធនឹងគោលបំណងនៃការបង្កើត«សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសង្គម» ហើយឈ្មោះអ្នកចូលរួមនិងការបង្កើតក្រុមឆាត​​ក្នុ​ង​ហ្វេសប៊ុកនិងតេឡេក្រាមក្នុងគោលបំណងអ្វី ហើយមានជជែកពីសេចក្ដីថ្លែងការណ៍និងការចាប់ខ្លួនលោក រ៉ុង ឈុន។ 

ក្រៅពីសួរសំណួរខាងលើនេះ ចៅក្រមក៏​បានសួរអំពីការចូលរួមតវ៉ាទាមទារឱ្យ​មានការ​​ដោះលែង លោក រ៉ុង ឈុន ផងដែរ។

កញ្ញា ស កន្និកា រៀបរាប់ថា ការបង្កើតសមាគមនេះធ្វើឡើង​​ក្នុងគោលបំណងជួយដល់សង្គមប៉ុណ្ណោះ ខណៈសមាគមនេះមិនទាន់ចេញជារូបរាង និងមិនទាន់រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅឡើយ។

កញ្ញាថា ការបង្កើតក្រុមឆាតក្នុង​​ហ្វេសប៊ុកនិងតេឡេក្រាមដែលបង្កើតនេះ មិនបានជជែកអំពីការ​ចាប់ខ្លួនលោក រ៉ុង ឈុន ហើយក៏មិនបានចែករំលែកសេចក្តី​ថ្លែងការណ៍ចូលក្នុងក្រុម​នេះ​ដែរ។

ចំណែកលោក តុន និមល បានឆ្លើយថា លោក​មិនបានដឹងពីការបង្កើតក្រុមឆាត​ក្នុង​​ហ្វេសប៊ុក និងតេឡេក្រាមនេះទេ។

កញ្ញា កន្និកា និងលោក តុន និមល បញ្ជាក់ថា មូលហេតុដែលពួកគេ​ចូលរួមតវ៉ាទាមទារឱ្យដោះលែង​លោក រ៉ុង ឈុន នោះ ដោយសារតែពួកគេ​យល់ថា ការចាប់ខ្លួននោះជារឿងអយុត្តិធម៌ ខណៈអ្នកទាំងពីរជាអ្នកគាំទ្រនិងបានចាត់ទុកលោកអាយដល​ (Idol)។

កញ្ញា កន្និកា និងលោក តុន និមល បន្តថា សកម្មភាពលោក រ៉ុង ឈុន កន្លងមក ពួកគាត់មើលឃើញថាមិនបានធ្វើខុសច្បាប់នោះទេ ព្រោះលោក រ៉ុង ឈុន បានជួយពលរដ្ឋរងគ្រោះដីធ្លីនិងកម្មករ​ច្រើន ហើយថា ការឈឺឆ្អាលរឿងព្រំដែនក៏មិនមានអ្វីខុសច្បាប់នោះដែរ។

ក្រោយពីដេញដោលពេញមួយព្រឹក ចៅក្រមជំនុំជម្រះ លោក លិ សុខា បានសម្រេចផ្អាកសវនាការ ដោយនឹងបន្តនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សហមេធាវីការពារក្ដីមួយរូបក្នុងចំណោម៣​រូបផ្សេងទៀតដែលការពារក្ដីឱ្យលោក រ៉ុង ឈុន កញ្ញា ស កន្និកា និងលោក តុន និមល គឺលោក សំ សុគង់ សង្កេតឃើញថា ការសួរនាំរបស់ចៅក្រមហាក់មានភាពលម្អៀង ដោយចាត់ទុកកូនក្ដីរបស់លោកថា​មានទោសរួចទៅហើយ ដោយសារ សំណួរដែលសួរភាគច្រើនជាសំណួរដាក់បន្ទុកកូនក្ដីរបស់លោក។

លោកថា៖ «ភាគច្រើនគាត់សួរទៅហាក់​ដូចជាគាត់ដឹង​ថា ​អ្វីដែលកូនក្ដីយើង​បានធ្វើគឺខុសបាត់ទៅហើយ គឺគាត់ចង់ទាញទៅខុស។ វាខុសពីក្រមសីលធម៌ ក៏ដូចជា​ច្បាប់ហ្នឹង គឺតម្រូវឱ្យ​ចៅក្រមជំនុំជម្រះជាចៅក្រមមួយឯករាជ្យ ហើយ​គាត់នៅជាអាជ្ញាកណ្ដាល​ ហើយគាត់សួរទាំងដោះផងនិងដាក់បន្ទុកផង ដើម្បីស្វែងរកការពិត»។

លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ច​​ចាប់ខ្លួននៅគេហដ្ឋានរបស់លោក​នៅរាជធានីភ្នំពេញ ​​កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកបាន​ប​ង្ហោះ​​សារលើបណ្តាញសង្គម​ហ្វេសប៊ុក ពាក់ព័ន្ធនឹងការបោះ​បង្គោល​​ព្រំដែនរវាងកម្ពុជា​ជាមួយវៀតណាម។

ចំណែកកញ្ញា ស កន្និកា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ខណៈ លោក តុន និមល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីលោកបានទៅតវ៉ានៅមុខស្ថានទូតចិនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត (Rhona Smith) កាល​ពីខែសីហា ឆ្នាំ​២០២០ បានស្នើ​ឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញ​មូលដ្ឋាន​ច្បាប់​​លើរបៀប​​នៃការចាប់ និងឃុំខ្លួន លោក រ៉ុង ឈុន ថាតើ​​​ស្របតាម​​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈដែរឬយ៉ាងណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ