តុលាការ​​កំពូល​ នឹង​​ប្រកាស​​សាល​ដីកា​​សំណុំ​រឿង​​សុំ​​នៅ​​ក្រៅ​​ឃុំ​​របស់​​សកម្ម​ជន​​បរិស្ថាន​៣​នាក់​​នៅ​​សប្តាហ៍​​ក្រោយ​​

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

តុលាការ​កំពូល គ្រោង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បរិស្ថាន​ចំនួន៣នាក់​នៅដើម​សប្តាហ៍​ក្រោយ ក្រោយពី​បើកសវនាការ​អសាធារណៈ​លើ​សំណុំរឿង​នេះ នៅ​ថ្ងៃទី១ ខែកុម្ភៈ​នេះ។

កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​សកម្មជន​បរិស្ថានបី​រូប រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី និង​លោក ថុន រដ្ឋា ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ពួក​គេ​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ដើរ​ថ្មើរជើង​ពី​វត្តភ្នំ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត ដែល​ឃ្លាំមើល​ករណីនេះ មានប្រសាសន៍​ថា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ តុលាការ​កំពូលបាន​បើក​សវនាការ​អសាធារណៈ​មួយទៅលើ​នីតិវិធី​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បរិស្ថានទាំង៣រូប​នេះ។

លោក អំ សំអាត បន្ត​ថា កន្លងមក ​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់ និង​មេធាវី ធ្លាប់​ប្តឹង​ជំទាស់​នឹង​សេចក្តី​សម្រេច​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​របស់​ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​តុលាការ​សាលាឧទ្ធរណ៍ ប៉ុន្តែ​សាលាឧទ្ធរណ៍​បានតម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត ទើប​ពួក​គេស​ម្រេច​ប្តឹង​សាទុ​ក្ខទៅ​តុលាការ​កំពូល។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះឱ្យ​ដឹង​ទៀត​ថា បើ​តាមរយៈ​មេធាវី គឺ​នៅក្នុង​សវនាការ​នៅ​ថ្ងៃនេះ សកម្មជន​បរិស្ថាន​ទាំង៣នាក់​នោះបាន​ស្នើសុំ​ទៅ​ចៅក្រម​អនុញ្ញាត​ឱ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ ដោយ​សម្អាង​ថា ខ្លួន​មាន​អាសយ​ដ្ឋាន​ច្បាស់លាស់ មានការ​ធានា​ពី​ក្រុម​គ្រួសារ​ត្រឹមត្រូវ មានការ​ធានា​ពី​ការចូលរួម​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​របស់​តុលាការ និង​មានភារ​កិច្ច​ក្នុង​ការ​ចិញ្ចឹម​បីបាច់​គ្រួសារ​ផង​ដែរ ប៉ុន្តែ​ត្រូវ​តុលាការ​កំពូល​លើកពេល​ប្រកាស​សាលដីកា នៅ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

លោក​បន្ថែម​ថា៖ «ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ទាំងអស់​នេះ គឺ​មិនថាអង្គការ​សិទ្ធិមនុស្ស​ជាតិឬអន្តរជាតិ​ទេ សូម្បីតែ​អ្នករាយការណ៍​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក៏​គេ​ចាត់ទុកថា ការ​ចាប់និង​ឃុំខ្លួន​ហ្នឹង​ជា​ការរំលោភ​បំពាន​ទៅលើ​សិទ្ធិ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គាត់​ដែរ ដោយ​ពួក​គាត់​គ្រាន់តែ​បំពេញការងារក្នុង​ការងារ​បរិស្ថាន​សម្រាប់​ជួយ​សង្គម​សោះ។ អ៊ីចឹង​ខ្ញុំ​គិតថា ពួក​គាត់​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន»។

បើ​តាមលោក អំ សំអាត សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចាប់ផ្តើម​បើក​សវនា​ការ​អង្គ​សេចក្តី​លើ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​ទាំង៣នាក់ នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ