នាយក​​រដ្ឋ​មន្ត្រី​ ណែនាំ​​ឱ្យ​​ស្ថាប័ន​រដ្ឋ​​ទាំង​អស់​​ប្រើ​ប្រាស់​​ទឹក​​និង​​ភ្លើង​​ដោយ​​សន្សំ​សំចៃ​

បង្គោលភ្លើងអគ្គិសនីមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ហួត វុទ្ធី

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ណែនាំ​ទៅកាន់​ក្រសួងនិង​ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​សន្សំសំចៃ​លើ​ការប្រើ​ប្រាស់​ទឹកនិង​ថាមពល​អគ្គិសនី ខណៈ​នៅ​តំបន់​ខ្លះ​នៃ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​ការ​ខ្វះខាត​នៅ​រដូវប្រាំង។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ផលិត​ទឹក​ស្អាត​បាក់ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន ​ថាបច្ចុប្បន្ន​នេះមាន​ក្រសួង​មួយចំនួនបាន​ប្រើប្រាស់​សូ​ឡា ដោយ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យបំប្លែង​ជា​ថាមពល​អគ្គិសនីដើម្បី​ប្រើប្រាស់ ដែល​នេះ​ជា​គំរូ​ល្អ​មួយក្នុង​ការកាត់បន្ថយ​ថាមពល​អគ្គិសនី។ ករណីនេះ លោក​ក៏បាន​ណែនាំ​ទៅ​ក្រសួងនិង​ស្ថាប័នរដ្ឋ​ផ្សេងទៀត គួរគប្បី​ប្រើប្រាស់ថាមពល​អគ្គិសនីនិង​ទឹកដោយ​សន្សំសំចៃ​ផង​ដែរ។ 

លោក​បាន​ថ្លែង​ថា៖ «ឥលូវហ្នឹង​! គប្បី​សន្សំសំចៃលើ​ការប្រើ​ប្រាស់​ទាំង​អគ្គិសនី​ក្តី ទាំង​ទឹក​ក្តី​! កុំ​ខ្ជះខ្ជាយ កុំ​មើលស្រាល។ មិនថា​គ្រួសារ​ទេ ជាពិសេស​ស្ថាប័នរដ្ឋ ត្រូវតែ​ប្រយ័ត្ន​ប្រយែង ពិសេស​ទៅលើ​ការប្រើ​ប្រាស់​អគ្គិសនី»។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជា៤ម៉ឺន​គ្រួសារ កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ខណៈ​តម្រូវការ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ជា​រៀងរាល់ថ្ងៃ។ 

លោក​បន្ត​ថា រាជធានី​ភ្នំពេញ​បច្ចុប្បន្ន ត្រូវការ​ទឹក​ប្រើប្រាស់​ប្រមាណ​ជាង៧០ម៉ឺន​ម៉ែត្រគូប ប៉ុន្តែការផលិត​បាន​ត្រឹមតែ​ជាង៦០ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ ពោល​គឺ​នៅ​ខ្វះ​ប្រមាណ១៥ម៉ឺន​ម៉ែត្រគូប។

អ្នកនាំពាក្យ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក ហ៊ា​ង សុទ្ធា​យុត្តិ បាន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

លោក​បន្ត​ថា ក្រសួង​បាន​ចំណេញ​ប្រាក់​ប្រមាណ​ជា៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ពី​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ពី​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យឬសូ​ឡា ដែល​ត្រូវ​បាន​បំពាក់​នៅ​លើដំបូល​នៃ​អគារ​របស់ក្រ​សួងដែល​ទើបតែ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​យល់ថា នេះ​គឺជា​ការ​អំពាវនាវ​មួយ​ដ៏​ល្អសម្រាប់​ការ​ឆ្លើយតបនិង​ចូលរួម​សន្សំសំចៃ ព្រោះ​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ អ៊ីចឹង​ការសន្សំសំចៃ​នេះគឺជា​រឿង​មួយ​សំខាន់ណាស់ ហើយ​វា​ស្ថិតនៅ​ក្នុង​បរិបទ​នៃ​ការ​យាយី​ដោយ​ជំងឺ​កូ​វីដ១៩»។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីអគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លោ​ក ស៊ឹម ស៊ី​ថា ជុំវិញ​កង្វះខាត​ទឹក​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញបាន​នៅឡើយ​ទេនៅ​ថ្ងៃ​ចន្ទ​នេះ។

លោក ហុង ម៉េ​ងហ៊ាន់ ប្រធាន​កម្មវិធី​បរិស្ថាន​និង​កសិកម្ម​នៃ​វេ​ទិ​ការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO​-Forum​) បាន​ថ្លែង​ថា ការ​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមែន​ត្រឹមតែ​ជួយ​ដល់​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជួយ​ដល់​ផ្នែក​បរិស្ថាន​ផង​ដែរ។ 

លោក​បាន​មានប្រសាសន៍​ថា៖ «ការ​អំពាវនាវ​នេះសំខាន់ណាស់​សម្រាប់​បរិស្ថាន។ ព្រោះអី​កាលណា​យើង​ប្រើ​ទឹក​ឬក៏​ភ្លើងដោយ​សន្សំសំចៃ​ហ្នឹង វា​មិន​ចំណេញ​តែ​ទៅលើ​សេដ្ឋកិច្ច​ទេ តែ​សម្រាប់​ជួយ​បរិស្ថាន​ពិភពលោក​ទាំងមូល»។

បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រោងចក្រ​ប្រព្រឹត្ត​កម្ម​ផលិត​ទឹក​ស្អាត​ចំការមន ដែល​ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃនេះ មាន​សមត្ថភាព​អាច​ផលិត​ទឹក​ស្អាត​បាន៥២ ០០០ម៉ែត្រគូបក្នុង​មួយថ្ងៃ ដែល​ពីមុន​អាច​ផលិត​ទឹក​ស្អាត​បាន​ត្រឹមតែ១២ ០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ។ 

ប្រភព​ដដែលបន្ត​ថា តាមរយៈ​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ផលិត​ទឹក​ស្អាត​ចំការមន​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជា២៨០ ០០០នាក់បាន​ទទួល​ទឹក​ស្អាត​ប្រើប្រាស់​ផ្ទាល់​ពី​បណ្ដាញទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ជាពិសេសប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​ដែល​រស់នៅ​តាម​សហគមន៍ស្ថិតនៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​បែក​ខាងត្បូង។

ដោយឡែក​ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង​វិញ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​ថា ជា​គម្រោង​ទី២របស់​ផែនការមេ​ដំណាក់កាល​ទី៣ ដែល​ស្ថិតនៅ​សង្កាត់​បាក់ខែង មាន​ចម្ងាយ១០គីឡូម៉ែត្រ ស្ថិតនៅ​ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន (ស្ពាន​ជ្រោយចង្វារ​)។ 

ប្រភព​ដដែលបន្ថែម​ថា គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង គឺជា​គម្រោង​សាងសង់​ដ៏​ធំ​មួយ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ប្រមាណ​ជា៤០០ ០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ទាំង​ជំហាន​ទី១ និង​ជំហាន​ទី២។ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង​និង​ដាក់​ឱ្យ​ដំណើរការ​នៅ​ត្រីមាស​ទី១ ឆ្នាំ២០២៤​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ