អាជ្ញាធរខេត្តថាមិនបានដឹងករណីបង្ហូរទឹកស្អុយចូលព្រែកកំពត

ទឹកពណ៌២ផ្សេងគ្នាដែលសកម្មជនបរិស្ថានអះអាងថា ទឹកពណ៌ខ្មៅជាទឹកស្អុយហូរចូលព្រែកកំពត។ រូប ពីចលនាមាតាធម្មជាតិ

អាជ្ញាធរខេត្តកំពតអះអាងថា មិនបានដឹងមានករណីបង្ហូរទឹកស្អុយចូលក្នុងព្រែកកំពត ដូចការផ្សព្វផ្សាយរបស់ក្រុមចលនាមាតាធម្មជាតិ កាលពី២សប្តាហ៍មុននោះទេ។​

កាលពីថ្ងៃទី១៣ខែមករា យុវជនចលនាមាតាជាតិបានផលិតវីឌីអូមួយ បង្ហាញពីការបង្ហូរទឹកស្អុយ និងការសំណល់ផ្សេងៗចូលព្រែកកំពតចាប់ពីចំណុចស្ពានចាស់ដល់ស្ពានថ្មី។​

យុវជននៅក្នុងវីឌីអូដែលគេបិទមុខ និងកែសំឡេងមិនឱ្យស្គាល់នេះ លើកឡើងថា ទឹកស្អុយដែលបង្ហូរចូលព្រែកនេះមិនបានឆ្លងកាត់ការកំចាត់មេរោគទេ នាំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងភ្ញៀវទេសចរ។​

យុវជនក្នុងវីឌីអូ៖«ធ្វើឱ្យជះក្លិនស្អុយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ព្រមទាំងធ្វើឱ្យខូចសោភ័ណភាពព្រែកទៀតផង»។​

ជុំវិញការលើកឡើងនេះ លោក វិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពតថ្លែងថា មិនដឹងទេ ហើយលោកក៏បិទទូរសព្ទមិនឱ្យសាកសួរបន្ត។​

លោក វិត វឌ្ឍនា៖«អា Mother Nature ណឹងទៀតហើយវ៉ើយ អីទេអាណឹងអត់ដឹងទេ ចាំឆ្លើយតាមជាក់ស្តែងទៅ»​។​

លោក​ អាឡិច​ ហ្គន់សាឡេស​ ដេវិត​សុន​ ដែល​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​

​ បាន​លើក​ឡើង​ថា​ ការ​បង្ហូ​រទឹក​ស្អុយ​ និង​កាក​សំណល់​ចូល​ទៅ​ក្នុង​ព្រែក​បែបនេះ​ បាន​ធ្វើឱ្យ​ខូច​សោភ័ណភាព​ព្រែក​ដោយ​ទឹក​មាន​ពណ៌​ខ្មៅ​ និង​ក្លិន​ស្អុយ​ ជា​ពិសេស​នៅ​រដូវ​ប្រាំង​។

លោកបន្តថា វាក៏​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវៈ​ចម្រុះ​ក្នុង​ព្រែក​ និង​ផល​ប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរដោយសារ​បាក់តេរី​ ឬ​មេ​រោគ​ដែល​មាន​នៅ​ក្នុង​ទឹក​ស្អុយ​ទាំង​នោះ​ ​។

លោក​ អាឡិច​ មាន​ប្រសាសន៍​ថា​ «​ទីមួយ​ វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​មច្ឆជាតិ​ ជីវៈចម្រុះ​នៅ​ក្នុង​ព្រែក​ ឬ​ ក៏នៅក្នុង​ស្ទឹង​ ហី​!!..ពី​មុន​ប្រជាជន​អាច​ធ្វើ​នេសាទ​នៅនោះ​បាន​ ឥលូវ​គឺ​កាត់​បន្ថយ​ខ្លាំង​ណាស់​ដោយសារ​គេ​ខ្លាច​ ខ្លាច​អី​ខ្លាច​ត្រី​ដែល​ចាប់​បាន​នឹង​គឺ​មាន​បាក់តេរី​ មាន​មេរោគ​។ ទីពីរ​ ប៉ះពាល់​អារម្មណ៍​របស់​ប្រជាជន​មូលដ្ឋាន​ណាស់​ ដោយសារ​វា​ស្អុយ​ ដោយសារ​វា​អាក្រក់​មើល៍​ ប៉ះពាល់​គេហៅ​ថា​សោភ័ណភាព​ និង​សុខភាព​របស់​ក្មេងៗ មនុស្ស​​ចាស់ជរា​ និង​ស្ដ្រី​មាន​ផ្ទៃពោះ​​ អា​ហ្នឹង​ក៏​ជា​ផល​ប៉ះពាល់​មួយ​ផង​ដែរ​»​​​​​​​។

បន្ថែម​ពី​លើ​នេះ​ លោក​ អាឡិច​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ វា​អាច​នឹង​បង្ករ​ផល​ប៉ះពាល់​ដោយ​ប្រយោល​មួយ​ចំនួន​ទៀត​ផង​ដែរ​ ទៅ​លើ​វិស័យ​ទេសចរណ៍​ និង​ការ​វិនិយោគ​ ដែល​ពួក​គេ​អាច​នឹង​ពិចារណា​ឡើង​វិញ​ ឬ​ទៅ​វិនិយោគ​នៅ​កន្លែង​ផ្សេង​ ប្រសិន​បើ​ខេត្ដ​កំពត​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទឹកស្អុយ​ និង​សំរាម​បាន​ល្អនោះ​ទេ​។  

សំរាមនៅព្រែកកំពត។រូបភាពពី ចលនាមាតាធម្មជាតិ

អាជ្ញាធរខេត្តកំពតធ្លាប់ដាក់ចេញផែនការកសាងកន្លែងចម្រោះទឹកស្អុយចំនួន​៣កន្លែងដើម្បីសម្លាប់មេរោគមុនបង្ហូរចេញទៅទីតាំងផ្សេងៗ។ កន្លែងចម្រោះទឹកស្អុយនេះគ្រោងនឹងចំណាយលុយ៣០ម៉ឺនដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការផ្សព្វផ្សាយថា តើដំណើរការសាងសង់ដល់កន្លែងចម្រោះទឹកស្អុយនោះដំណើរការដល់ណានៅឡើយទេ?​៕​

អត្ថបទដោយ អ៊ុន ស៊ីឡុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ