ពលរដ្ឋ​​ស្នើ​​អាជ្ញាធរ​​សង់​​បង្គន់​​សាធារណៈ​​បន្ថែម​ ដើម្បី​​បំពេញ​​តម្រូវ​ការ​​ប្រើ​ប្រាស់​​

បន្ទប់ទឹកសាធារណៈមួយកន្លែងនៅត្រើយម្ខាងមាត់ទន្លេចតុមុខក្រុងភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​អាជ្ញាធរ​សាងសង់​បន្ទប់ទឹក​សាធារណៈ​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​និង​ចៀសវាង​ការ​បន្ទោបង់​ពាសវាលពាសកាល​តាម​សួនច្បារ ឬដើមឈើ ឬទីតាំង​មួយចំនួន​ ដែល​បង្ក​ឱ្យ​មាន​ក្លិនស្អុយនិង​ប៉ះពាល់​បរិស្ថាន។

លោក អឹម សាវឹ​ន អាយុ៦៥ឆ្នាំ ជា​សន្តិសុខ​នៅ​ហាង​ អាយ​វ៉ន (IOne​) ក្នុង​រាជធានី​ភ្នំពេញ សង្កេតឃើញ​ថា បង្គន់​អនាម័យ​សាធារណៈសព្វថ្ងៃ​នេះ នៅ​មិនទាន់​មាន​គ្រប់គ្រាន់​នៅឡើយ​ទេ ជាពិសេសនៅ​តាម​មាត់ទន្លេនិង​សួន​សាធារណៈ​ជាដើម។ លោក​បន្ត​ថា កង្វះខាត​នៃ​បង្គន់​សាធារណៈជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឱ្យ​មានការ​បន្ទោ​បង់​តាម​ទី​សាធារណៈ។

ករណីនេះ លោក​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ សាងសង់​បង្គន់​សាធារណៈ​ឱ្យ​បាន​ច្រើនជាង​នេះ​បន្ថែម​ទៀត សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដើម្បី​បញ្ចៀស​ការ​បន្ទោបង់​ពាសវាលពាសកាល ដែល​នាំ​ឱ្យ​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប​ទៅ​លើ​ភ្ញៀវ​ទេសចរ។

បន្ទប់ទឹកសាធារណៈមួយកន្លែងនៅត្រើយម្ខាងមាត់ទន្លេចតុមុខក្រុងភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោក អឹម សាវឹ​ន បាន​និយាយ​ថា៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​លើ​បញ្ហា​អនាម័យនិង​បរិស្ថាន ឱ្យ​គាត់​ជួយ​ធ្វើ​បន្ទប់​អនាម័យ​តាម​ដង​ផ្លូវ​អ៊ីចឹង​ទៅ សម្រាប់​ប្រជាពលរដ្ឋ​យើង​ដែល​ធ្វើដំណើរ កុំឱ្យ​មាន​បញ្ហាការ​បត់ជើង​បត់​ដៃឬបន្ទោ​បង់​តាម​ជញ្ជាំង វា​ឆ្អេះឆ្អាប អាជ្ញាធរ​ឃើញ​ទៅ​ចាប់​យក​មក​អប់រំ វា​ពិបាក​អា​បញ្ហា​ហ្នឹង»។

កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ហៅ​មនុស្ស​ចំនួន១៣នាក់ទៅ​អប់រំ ដោយសារតែ​ពួក​គាត់​បាន​បន្ទោ​បង់​នៅ​តាម​ដើមឈើ សួនច្បារ និង​ទី​សាធារណៈ​មួយចំនួន ដែល​អាជ្ញាធរ​ថា បាន​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់​ធ្នាប់ របៀបរៀបរយ និង​បង្ក​ឱ្យ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់។ 

លោក គុន សាមឿ​ន អាយុ៥០ឆ្នាំ ជាជាង​ប៉ះ​កង់​ម៉ូតូ ម្តុំ​វិទ្យាល័យ​បឹងកេងកង ទទួលស្គាល់​ថា ពេលខ្លះលោក​បាន​ទៅបត់ដៃបត់ជើងនៅ​តាម​ទី​សាធារណៈ​មួយចំនួន​ដែរ ដោយសារ​បង្គន់​អនាម័យ​មិនសូវ​មាន។

លោក​បាន​និយាយ​ថា៖ «គ្មាន​បុគ្គល​ណា​ដែល​ចង់​ធ្វើ​អ៊ីចឹ​ងនោះ​ទេ តែបើ​បង្គន់​អនាម័យ​ភាគច្រើន​នៅ​ឆ្ងាយ​ៗ ទ្រាំមិនបាន​ ក៏​ឈរ​នោម​នៅ​ទី​សាធារណៈ​បែបនេះ​ទៅ ក៏​មានការ​ខ្មាសអៀន​ដែរ តែ​បញ្ហា​គឺថា​នៅ​ប្រទេស​យើង​នៅ​មាន​ភាព​ខ្វះខាត​ ដែល​ធ្វើ​ឱ្យ​ការ​បន្ទោបង់​នៅ​ទី​សាធារណៈ​ចេះតែ​មាន»។ 

លោក​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា កាលណា​ដែល​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ធ្វើបែប​នេះ វា​ពិតជា​មានផល​ប៉ះពាល់​ច្រើន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មកលេង​នៅ​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖ «មានផល​ប៉ះពាល់​ច្រើន ដោយសារ​អ្នកធ្វើ​ដំណើរ​អី វា​ធុំក្លិន ហើយ​ម្យ៉ាង​បរទេស​គេ​មកលេង​ស្រុក​យើង គេ​មើលទៅថា​ប្រទេស​យើង​គ្មាន​អនាម័យ​អ៊ីចឹង​ទៅណា! បើ​យើង​មាន​បង្គន់​អនាម័យ​ឱ្យ​សម្បូរ​ទៅ អ៊ីចឹង​អ្នក​យល់ដឹង​កាន់តែ​ច្រើន នាំគ្នា​ទៅ​បន្ទោ​បង់​នៅ​បង្គន់​អនាម័យ»។

លោក​ក៏បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​បង្គន់​សាធារណៈ​ឱ្យ​បាន​ច្រើន ជាពិសេស​នៅ​តាម​របង​សាលាឬរបង​សាធារណៈ ដើម្បី​កាត់បន្ថយ​ការពិបាក​របស់​ប្រជាពលរដ្ឋ។ 

កំពុង​លក់​កាហ្វេ​នៅក្នុង​តូប​មួយ​ក្បែរ​វិទ្យាល័យ​បឹងកេងកង អ្នកស្រី ពេជ្រ ស្រីមុំ អាយុ៣៨ឆ្នាំ បាន​និយាយ​ថា បច្ចុប្បន្ន បង្គន់​អនាម័យ​សាធារណៈ​មាន​ច្រើន​នៅ​តាម​តំបន់​មួយចំនួន ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​មិនសូវ​មាន​អ្នកចូលរួម​សម្អាត​ឱ្យ​បាន​ល្អ​នោះ​ទេ ដោយ​ភាគច្រើន​ខ្វះ​ការយល់​ដឹង។ 

អ្នកស្រី​បន្ត​ថា បើ​ទោះជា​មាន​បង្គន់​សាធារណៈ​ច្រើន​ក៏ដោយ ក៏​នៅ​មាន​ពលរដ្ឋ​មួយចំនួន​តូច នៅតែ​បន្ត​បន្ទោបង់​នៅ​តាម​ទី​សាធារណៈ​ដែរ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ខណៈ​ពលរដ្ឋ​ខ្លះទៀតត្រូវ​បង្ខំចិត្ត​បន្ទោ​បង់​នៅ​តាម​ទី​សាធារណៈ ដោយសារតែ​ពួក​គេ​នៅ​ឆ្ងាយ​ពីទី​តាំង​បង្គន់​អនាម័យ។

ស្របគ្នា​នេះ​ដែរ លោកស្រី ស៊្រុន ពៅ អាយុ៣៨ឆ្នាំ ជា​អ្នកលក់​កាហ្វេ​តាមផ្លូវ​នៅ​ម្តុំ​ផ្សារ​បឹងកេងកង មានប្រសាសន៍​ថា ការ​មាន​បន្ទប់ទឹក​សាធារណៈ​ច្រើន ជា​រឿង​ល្អ បើ​ទោះជា​ចូល​ប្រើប្រាស់​ម្តង ចំណាយ​ថវិកាពី​បី​រយ​រៀលទៅ​ប្រាំ​រយ​រៀលសម្រាប់​ជួយ​ឧប​ត្ថម្ភ​ដល់​អ្នក​សម្អាត​ក៏ដោយ។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​ក៏​ចង់​សំណូមពរ​រាជរដ្ឋាភិបាល​ឱ្យ​មាន​បន្ទប់ទឹក​សាធារណៈ​បន្ថែម វា​អាច​សម្រួល​ដល់​បរិស្ថាន​អី​ខ្លះ​ដែរ ព្រោះអី​ដូ​ចប្រុសៗ​ដឹង​ស្រាប់ហើយ គាត់​បត់​ដៃ​បត់ជើងតាម​ជញ្ជាំង​អ៊ីចឹង វា​អត់​ល្អ វា​មាន​ក្លិន»។

លោក ឈៀង ហ៊ា​ង អាយុ៥៦ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី បាន​លើកឡើង​ដែរ​ថា សព្វថ្ងៃ​នេះ បង្គន់​សាធារណៈ​មាន​ភាព​ខ្វះខាត​ច្រើន មិន​អាច​បំពេញ​តម្រូវការ​របស់​ពលរដ្ឋ​ទេ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​តូច ជាពិសេស​អ្នក​ប្រកបរបរ​រត់​ម៉ូតូឌុបឬម៉ូតូ​កង់​បី ត្រូវ​ទៅ​បន្ទោបង់​នៅ​តាម​ទី​សាធារណៈ។

លោក​ថា៖ «បើសិនជា​អាជ្ញាធរ​មានលទ្ធភាព គួរតែ​បង្កើត​បង្គន់​អនាម័យ​ឱ្យ​បាន​ច្រើន​បន្តិច​ទៅ ហើយ​បង្គន់​អនាម័យ​ហ្នឹង​យក​លុយ​ច្រើន​ទៀត ខ្លះ​យក​ប្រាំ​រយ ខ្លះ​យក​មួយ​ពាន់ បើសិនជា​អាជ្ញាធរ​មានលទ្ធភាព​គួរតែ free​ [មិន​យក​លុយ​]»។ 

លោក​បន្ថែម​ថា៖ «រឿង​យើង​យក​ថ្លៃ​អីហ្នឹង អ្នកខ្លះ​អត់​លុយ បើ​និយាយ​ពី​ជនអនាថា មិនមែន​មិន​ចង់ទៅ​រក​បង្គន់​ទេ ប៉ុន្តែ​ទៅដល់​ត្រូវការ​លុយ ពួក​គាត់​ដើរ​សុំទាន​គេ ហើយ​អ្នកខ្លះ​រត់​ម៉ូតូឬកង់​បី​អត់​សូវ​បាន អ៊ីចឹង​ទៅ​វា​មានផល​ប៉ះពាល់ គេ​ថាទៅ ​អស់​លុយ»។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា បង្គន់​អនាម័យ​សាធារណៈមាន​ច្រើន​គ្រប់គ្រាន់​នៅ​តាម​សួន​សាធារណៈ ខណៈ​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ ក៏​មាន​បង្គន់​អនាម័យ​ច្រើនសម្រាប់​ប្រើប្រាស់​ផង​ដែរ។ 

លោក​បាន​ថ្លែង​ថា៖ «ការ​យកចិត្ត​ទុកដាក់​កន្លែង​ហ្នឹង ​វា​ត្រូវហើយ! ប៉ុន្តែ​មិន​អាច​ទៅ​ធ្វើតាម​មនុស្សម្នាក់​ដែល​ comment​ [ផ្តល់​យោ​បល់់​] ថាឱ្យ​មនុស្ស​ឱ្យ​ច្រើន មាន​បន្ទប់ទឹក​ឱ្យ​ច្រើន​បានទេ កន្លែង​ហ្នឹង​ត្រូវ​សិក្សា​ឱ្យ​បាន​ល្អិតល្អន់ មិន​អាច​ធ្វើ១០០ម៉ែត្រ​បង្គន់​មួយ​បានទេ ដោយ​យើង​បាន​ធ្វើការ​សិក្សា​ត្រឹមត្រូវ​ហើយ កន្លែងណា​គួរ​ដាក់​បង្គន់ឬកន្លែងណា​គួរ​ធ្វើ​បន្ថែម»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «បើសិនជា​ខ្ញុំ​លើករឿង​ធ្វើ​បង្គន់​គ្រប់កន្លែង​អញ្ចឹង ទីក្រុង​របស់​យើង​ទៅជា​ទីក្រុង​បង្គន់»។

តែ​យ៉ាងណា លោក​ថា អាជ្ញាធរនឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការសាងសង់​បង្គន់​អនាម័យ​បន្ថែមនៅ​ទីតាំង​ណា​ដែល​ខ្វះខាត ហើយនិង​កែ​លម្អ​ឱ្យ​បាន​ស្អាត ដើម្បី​បង្ក​ភាព​ងាយស្រួល​ថែមទៀត​ដល់​សាធារណជន។

អ្នកវិភាគ​សង្គម លោក មាស នី សង្កេតឃើញ​តថភាព​ពីរ​ពាក់ព័ន្ធ​នឹង​បញ្ហា​បង្គន់​អនាម័យ​សាធារណៈ​នេះ ដោយ​លោក​ថា ទីមួយ កង្វះខាត​បង្គន់​អនាម័យ ដែល​តម្រូវ​ឱ្យ​មានការ​សាងសង់​បន្ថែម និង​ទីពីរ ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ដែល​ទៅ​បន្ទោ​បង់​តាម​ទី​សាធារណៈ ដែល​តម្រូវ​ឱ្យ​មានការ​អប់រំ​ផ្សព្វផ្សាយ​បន្ថែម។

លោក​បន្ត​ថា៖ «បើ​ខ្ញុំ​គិត​មើលទៅ សាលាក្រុង​អាច​មានការ​ស្ទាក់ស្ទើរក្នុង​ការពង្រីក​បង្គន់​ឱ្យ​ច្រើន​ហ្នឹង សំខាន់​គឺ​ការថែទាំ។ ខ្ញុំ​គិតថា ​ការថែទាំ​គឺ​មានការ​ពិបាក ​[…] ដល់ពេល​វាក​ខ្វក់​ពេក​អញ្ចឹង​ទៅ មនុស្ស​គេ​លែង​ចង់​ចូល អត់មាន​អ្នក​ថែ​អញ្ចឹង​ទៅ យូរ​ៗទៅ​វា​អាច​ទៅជា​កន្លែង​ដែលគេ​បោះបង់ចោល​ទៀត​ទៅ»។

ទោះ​យ៉ាងណា លោក មាស នី បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ឃាត់ខ្លួន​អ្នក​បន្ទោ​បង់​នៅ​តាម​ទី​សាធារណៈ យក​ទៅ​អប់រំ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា វា​មិន​មានការ​ខុស​អី​ទេ នេះ​ជា​ការ​ចាប់ផ្តើម​ក្នុង​ការអនុវត្ត​ច្បាប់ឬអនុវត្ត​នូវ​ក្រឹត្យក្រម​ហ្នឹង ទាល់តែ​យើង​មានធម៌​ក្តៅ​ហ្នឹង​ខ្លះ។ ប៉ុន្តែ​សូមកុំ​ឱ្យធ្វើ​តែម្តង​អញ្ចឹង ​[ហើយ]បាត់​ទៅវិញ​ទៅ។ ខ្ញុំ​គិតថា បើសិនជា​យើង​ធ្វើ​អាហ្នឹង ហើយ​យើង​ចាប់ផ្តើម​ពង្រាយ​បង្គន់​សាធារណៈ​ឱ្យ​បាន​ទៅ។ ថ្ងៃក្រោយ​ កាលណាយើង​ចាប់បាន​អ្នក​ដែល​បន្ទោបង់​ផ្តេសផ្តាស​ទៅ វា​អាច​នឹង​លែង​មានរឿង​អី​នឹង​ត្រូវ​ឆ្លើយតប​តទៅ​លើ​រឿង​ហ្នឹង​ទៀតហើយ»។ 

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារ​ណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ គិត​ត្រឹម​ដើមឆ្នាំ២០២០ រាជធានី​ភ្នំពេញ មាន​បង្គន់​អនាម័យដែល​បាន​បំពាក់​នៅ​ទី​សាធារណៈ​ចំនួន១២កន្លែង ក្នុង​នោះ​មាននៅ​មុខ​វត្ត​បទុម​វតី ចំនួន​ពីរ​កន្លែង ស្មើ​នឹង២០បង្គន់​, នៅ​តំបន់​កំពង់ដ​អរិយក្សត្រ ចំនួន១៨បង្គន់​, ខាងលិច​រង្វង់​មូល​សម្ដេច​ជួនណាត ចំនួន៦បង្គន់​, នៅ​បញ្ជរ​ទេសចរណ៍ ចំនួន២០បង្គន់​, សួនច្បារ​មុខក្រសួង​ការពារ​ជាតិ ចំនួន៦បង្គន់​, សួនច្បារ​វត្តភ្នំ​ ចំនួន១០បង្គន់​, បេនឡាន​ក្រុង​ឬទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឫស្សី​កែវ ចំនួន១៥បង្គន់​, សួន​ព្រះនាង​ប្រាជ្ញា​បារមី​ ចំនួន១៥បង្គន់​, ទីលាន​ប្រជាធិបតេយ្យ​ចាស់ ចំនួន៦បង្គន់ និង​នៅ​ក្បែរ​សួនច្បារ​លោកយាយ​ពេញ ចំនួន២បង្គន់​៕

ដោយ៖​​ ពក ខឺយ និង​ គឹម ចាន់សុខា​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ