រដ្ឋា​ភិបាល​​កម្ពុជា​​ព្យាករ​​ថា​​សេដ្ឋ​កិច្ច​​ប្រទេស​​នឹង​​កើន​ឡើង​៤​ភាគ​រយ​​នៅ​​ឆ្នាំ​២០២១

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

​រដ្ឋាភិបាល​ព្យាករ​ថា ​ក្រោយពី​ស្ថានភាព​កូ​វីដ១៩ធូរស្រាល​នៅ​ឆ្នាំ២០២១នេះ​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​កើនឡើង៤​% បើ​ធៀប​នឹង​ឆ្នាំមុន។

ក្នុង​វេទិកាសាធារណៈ​ស្តី​ពី «ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា ឆ្នាំ២០២១» នា​ព្រឹក​ថ្ងៃនេះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​លេខាធិការ​ប្រចាំ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បាន​ថ្លែង​ថា ​អំឡុង​ពេល​ស្ថានភាព​កូ​វីដ១៩ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​លើស​កល​លោក​ធ្លាក់ចុះ​ជាបន្តបន្ទាប់ ក្នុង​នោះ​កម្ពុជា​ក៏​ជួប​បញ្ហា​ប្រឈម​នឹង​សេដ្ឋកិច្ច​នេះ​ផង​ដែរ ប៉ុន្តែ​ស្ថិតនៅ​កម្រិតទាប​តែប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ។

នៅក្នុង​របាយការណ៍​របស់ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា ក្នុង​ឆ្នាំ២០២០ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះមក​ត្រឹម -៣,១​% បើ​ធៀប​នឹង​ឆ្នាំ២០១៩ កំណើន​សេដ្ឋកិច្ច​មាន​ចំនួន ៧,១​%។ 

ទោះជា​បែបនេះ​ក្តី លោក វិស្សុត អះអាង​ថា នៅ​ឆ្នាំ២០២១នេះ សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ​ក្នុង​អត្រាកំណើន​ទាប​ ពោល​គឺ ៤​% បើ​ធៀប​នឹង​ឆ្នាំ២០២០ ដោយសារ​វិធានការ​រដ្ឋាភិបាល​រឹងមាំ​ក្នុង​ការទប់ស្កាត់​កូ​វីដ១៩ ទទួល​បានផល​វិជ្ជមាន។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​លេខាធិការ​ប្រចាំ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី «ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា ឆ្នាំ២០២១» នា​ព្រឹក​ទី២៧ ខែមករា ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

លោក​ថ្លែង​ដូច្នេះ​ថា៖ «កំណើន​សេដ្ឋកិច្ច​យើង​កើនឡើង ៤​% មិនជា​អាក្រក់​ណាស់​ទេ។ យើង​ងើប​ពី ​-៣,១​% មកវិញ ទៅជា​វិជ្ជមាន​ទាំងអស់ កន្លែង​ដែល​អវិជ្ជមាន​ងើបឡើង​វិញ​ទាំងអស់»។

លោក​បាន​បន្ថែម​ថា​ កំណើន​សេដ្ឋកិច្ច​កើនឡើង​ដោយសារ​កម្ពុជា​មាន​សុវត្ថិភាព​សុខភាព​សង្គម​ដោយ​ទប់ស្កាត់​ទាន់ពេល​វេលា​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ការ​គិតគូរ​របស់​រដ្ឋាភិបាល​ដល់​អ្នក​វិនិយោគ​ក្នុង​ស្រុក កំណើន​នៃ​ពន្ធគយ ការចាយវាយ​ចំ​គោលដៅ​និង​បទ​បែន​តាម​សភាពការណ៍ និង​មានច្បាប់​វិនិយោគ​ដែល​នឹង​ចូលជាធរមាន​ក្នុង​ពេល​ឆាប់​ៗ។ 

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គោលនយោបាយ នៃ​ក្រសួងសេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ លោក ឈាង វណ្ណា​រិទ្ធ ថ្លែង​ក្នុង​វេទិកាសាធារណៈ​នោះ​ថា ហានិភ័យនិង​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​កម្ពុជា ក្រោយពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នាំ​ឱ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម ធ្វើ​ឱ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ ការប្រែប្រួល​អាកាសធាតុ និង​គ្រោះ​មហ​ន្តរាយ​ផ្សេង​ៗជាដើម។

យ៉ាងណាក៏ដោយ លោក វណ្ណា​រិទ្ធ អះអាង​ថា រដ្ឋាភិបាល​បាន​រៀបចំផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ចាប់ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ ផ្អែក​តាម​អភិក្រម​ចំនួន៣សំ​ខាន់​ៗ រួមមាន ការ​រក្សា​លំនឹងនិង​ស្តារ​ឡើងវិញ​នូវ​សង្គម​-សេដ្ឋកិច្ច​ ការកែទម្រង់ភាព​ប្រកួតប្រជែង និង​ការ​កសាង​ភាព​ធន់​ប្រកបដោយ​ចីរភាព ​ជាដើម។

ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Emerging Markets Consulting (EMC​) លោក ង៉ែត ជូ មានប្រសាសន៍​ថា នៅក្នុង​ឆ្នាំ២០២១នេះ បើ​ស្ថានភាព​កូ​វី​ដល្អ​ឡើងវិញ នោះ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​នឹង​មានការ​កើនឡើង ប៉ុន្តែ​លោក​ថា​ ពិបាក​នឹង​ស្មានថា​កើន​ប៉ុន្មាន​ភាគរយ ដោយសារ​អ្នក​វិនិយោគ​ទាំង​ជាតិ​និង​អន្តរជាតិ​ភាគច្រើន​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ជំងឺ​កូ​វីដ១៩ដូចគ្នា។

លោក​ផ្តល់​ជា​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​សេដ្ឋកិច្ច​ផ្សេងទៀត ​ដូចជា​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅក្នុង​ស្រុក កែច្នៃ​ផលិតផល​ក្នុង​ស្រុក និង​រក​ទីផ្សារ​ឱ្យ​ពលរដ្ឋ ដើម្បី​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ទទួល​បានផល​វិជ្ជមាន​ច្រើន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ