នាយក​​រដ្ឋ​មន្ត្រី​ កាត់​ប្រាក់​ខែ​​របស់​​ខ្លួន​​ចំនួន​៧​ខែ​​ទៀត​​ដើម្បី​​ប្រយុទ្ធ​​នឹង​​ជំងឺ​​កូ​វីដ​១៩​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ប្រកាស​បន្ត​កាត់​ប្រាក់បៀវត្ស​ចំនួន៧ខែ​បន្ថែម​ទៀត ប្រគល់​ជូន​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ១៩។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ​ថា ក្នុង​ឆ្នាំ២០២០កន្លងមក លោក​បាន​កាត់​ប្រាក់បៀវត្ស​ទាំងអស់​ក្រោយ​ការ​បង់ពន្ធ​លើ​បៀវត្ស​ជូន​រដ្ឋ រយៈពេល៧ខែ ដើម្បី​ជូន​ទៅ​ក្រសួងសុខាភិបាលក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វីដ១៩។

លោក​បន្ត​ថា ដោយសារតែ​កូ​វីដ១៩ នៅតែ​បន្ត​កើតមាន​នៅ​ទូទាំង​ពិភពលោក រាប់ទាំង​កម្ពុជា​ផង​នោះ លោក​នឹង​បន្ត​កាត់​បៀវត្ស​ទាំងអស់​ក្រោយ​ការ​បង់ពន្ធ រយៈពេល៧ខែ​ទៀត ជូន​ក្រសួងសុខាភិបាល ដោយ​គិត​ចាប់ពី​ខែកុម្ភៈ ដល់​ខែសីហា ឆ្នាំ២០២១។

លោក​គូសបញ្ជាក់​ថា៖ «បៀវត្ស​របស់ខ្ញុំ ១០លាន​រៀល​ក្នុង​មួយ​ខែ ត្រូវ​បង់ពន្ធ ៩១០ ០០០រៀល​ក្នុង​មួយ​ខែ និង​ប្រគល់​ជូន​ក្រសួងសុខាភិបាល ៩ ០៩០០ ០០០រៀល​ក្នុង​ខែ សរុប៧ខែ ​ចំនួន ៦៣ ៦៣៩ ០០០រៀល»។

ជាមួយគ្នា​នេះ​ដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ​មក​ពី​ក្រសួង​ស្ថាប័ន​នានា ទាំង​ស្ថាប័ន​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុងឬមួយ​ផ្នែក រយៈពេល​ខ្លី​ឬវែង តាម​ការ​ស្ម័គ្រចិត្ត ដើម្បី​ជួយ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ១៩ ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បរិច្ចាគ​ប្រាក់ខែ​របស់​ខ្លួន​ចំនួន៧ខែ​មក​ហើយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ហើយ​ជាបន្តបន្ទាប់​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​មន្ត្រី​រាជ​ការ​ផ្សេង​ៗ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ក៏បាន​ប្រកាស​បរិច្ចាគ​ប្រាក់ខែ​របស់​ខ្លួន​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ