ក្រសួង​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ១៩​ចំនួន​២​នាក់​ និង​​មាន​​អ្នក​ជា​​សះ​ស្បើយ​៣​នាក់ ​

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ​មក​ទឹកដី​កំណើត​វិញ កំពុងធ្វើការ​ត្រួតពិនិត្យ​នៅ​ទីតាំង​ពិនិត្យ​និង​តេ​ស្ត​កូ​វីដ១៩ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ – General Department of Immigration – GDI​)

ក្រសួងសុខាភិបាល រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មីចំនួន២នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន៣នាក់។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឱ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ទាំង២នាក់​នោះ រួមមាន បុរស​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី ធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី មក​កម្ពុជា កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ និង​ពលរដ្ឋខ្មែរ​ម្នាក់ដែល​ត្រឡប់​មក​ពី​ថៃ​ក្នុង​ថ្ងៃ​ដដែល​នោះ។

ក្រសួងបន្ត​ថា បច្ចុប្បន្ន ពួក​គេ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ និង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

ក្រសួងសុខាភិបាលបន្ត​ទៀត​ថា នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មាន​អ្នកព្យាបាល​ជាសះស្បើយ​ចំនួន៣នាក់ ក្នុង​នោះ​រួមមាន ស្ត្រី​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក​ម្នាក់ បុរស​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់មក​ពី​ប្រទេស​ឥណ្ឌូនេ​ស៊ី និង​ពលករ​ខ្មែរ​មក​ពី​ថៃ​ម្នាក់។

គួរ​បញ្ជាក់​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ឡើង​ដល់៤៦០នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៤១២នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន៤៨នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ