បទ​​យក​ការណ៍​៖​ យុវជន​​មិន​សូវ​​ហ៊ាន​​បញ្ចេញ​មតិ​​ពី​​បញ្ហា​​សង្គម​​លើ​​អ៊ិ​នធឺ​ណិ​ត​ដោយសារ​​បារម្ភ​​ពី​​សុវត្ថិ​ភាព​

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា៤១ វក្យ​ខណ្ឌ​ទី១ ចែងថា៖ «ប្រជាពលរដ្ឋ​ខ្មែរមាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​កា​របោះ​ពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ»។ 

ទោះជាយ៉ាងណា សេរីភាព​នៃ​ការ​បញ្ចេញមតិ​នេះត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្សនិង​មជ្ឈដ្ឋាន​មួយចំនួន​មើលឃើញ​ថា បាន​រង​នូវ​ការ​រឹតត្បិត​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ 

កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​បង្ហាញ​កង្វល់​របស់​ខ្លួនអំពីការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញមតិ ការ​គំរាមកំហែង​ដល់​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ ក្រោយពី​មានការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ និង​ចាប់ខ្លួន​ក្រុម​យុវជន​បរិស្ថាន អ្នក​ចម្រៀង​រ៉េ​បវ័យក្មេង​នៅ​ខេត្តសៀមរាប រួម​ទាំងការ​ចាប់ខ្លួនលោក រ៉ុង ឈុន និង​សកម្មជន​នយោបាយ​ដែល​ជា​អតីត​គណបក្ស​ប្រឆាំង។ 

ស្របគ្នា​នោះ អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ឃុំខ្លួន​ជា​លក្ខណៈ​ប្រព័ន្ធ និង​ធានា​ពី​សិទ្ធិ​នេះ​ឡើងវិញ តប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់អន្តរជាតិដែល​កម្ពុជា​បាន​ទទួលស្គាល់។ បញ្ហា​នៃ​ការ​រឹត​ត្បិត​នេះ​ហើយ បាន​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​មួយចំនួនមាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព​នៅពេល​ដែល​ពួក​គេ​និយាយ​ឬបញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ ជាដើម។

និស្សិត​ឆ្នាំទី១ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ព្រះ​តេជគុណ លីន យ៉ូ​រ៉ា មាន​សង្ឃដីកា​ប្រាប់​វី​អូ​ឌី​ថា ព្រះអង្គ​ភាគច្រើន​ប្រើប្រាស់​បណ្តាញ​សង្គមសម្រាប់​ការសិក្សា​ប៉ុណ្ណោះ ខណៈ​រឿង​សង្គម ជាពិសេសរឿង​នយោបាយ គឺ​ព្រះអង្គ​មិនសូវ​ហ៊ាន​បញ្ចេញមតិ​ឬចែករំលែក​ព័ត៌មាន​នោះ​ទេ។ 

ព្រះ​តេជគុណមាន​សង្ឃដីកា​ថា៖ «រឿង​នយោបាយ គឺ​សុទ្ធសឹងតែ​ជា​រឿង​មួយ​ដែល​មានហេតុ​ការណ៍​នៅ​ពីក្រោយ​ជានិច្ច ដូច្នេះ​ប្រសិនបើ​យើង​មិន​យល់​ច្បាស់​ទេ ហើយ​យើង​វិនិច្ឆ័យ​ទៅលើ​ហេតុ​អី​មួយ គឺ​ងាយ​នឹង​ខុស»។

ទោះជាយ៉ាងណា ព្រះអង្គ​ហ៊ាន​បញ្ចេញមតិ​ច្រើន​នៅ​ក្រៅ​ប្រព័ន្ធ​អ៊ិ​នធឺ​ណិ​តវិញ នៅពេល​មានការ​ពិភាក្សា​ជាមួយ​មិត្តភក្តិ​របស់​ព្រះអង្គ។ 

ព្រះ​តេជគុណ លីន យ៉ូ​រ៉ា យល់ថា មូលហេតុ​ដែល​នាំ​ឱ្យ​សិស្ស​និស្សិតហាក់ដូច​ជាព្រងើយកន្តើយ និង​មិនសូវ​ហ៊ាន​បញ្ចេញមតិ​បែបនេះ អាច​ដោយសារ​កត្តាកង្វះ​ព័ត៌មាន​ដែល​ទុកចិត្ត​បាន និង​ពុំ​មានការ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារនិង​សង្គម។ 

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «យុវជន​ពេលខ្លះ​គាត់​ដឹង ពេលខ្លះ​គាត់​ចង់​ [បញ្ចេញ​មតិ​] ដែរ ព្រោះ​គាត់​យល់ដឹង​ស្ថាន​ការ​ណ៍ច្រើន តែ​ដោយសារតែ​កត្តា​គំនាប​គ្រួសារនិង​សង្គម ធ្វើ​ឱ្យ​គាត់​បាក់ស្បាត ក៏ដូចជា​មិនសូវ​សកម្ម​ក្នុង​ការ​បញ្ចេញ​មតិ​ផ្សេង​ៗ អាច​និយាយ​បាន​ថា សឹងតែ​បាត់បង់​នូវ​ឧត្តមគតិ​ខ្លួនឯង ក៏ដូចជា​ឆន្ទៈ​របស់​ខ្លួនឯង។ ដឹង​ហើយ ប៉ុន្តែ​មិន​អាច​ធ្វើអ្វី​បាន ដោយសារតែ​គំនាប​គ្រួសារ អ្នក​ជុំវិញ​ខ្លួន និង​សង្គម»។

ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ កញ្ញា ថាន់ ថាញ់​ញ៉ា​រ័ត្ន បាន​ប្រាប់​វី​អូ​ឌីថា កញ្ញា​បាន​ប្រើ​បណ្តាញ​សង្គម​ក្នុង​ការ​តាមដាននិង​យល់ដឹង​ពី​នយោបាយ​ខ្លះ​ដែរ តែ​កញ្ញា​ពុំ​ដែល​បញ្ចេញ​មតិ​ផ្សេង​ៗពាក់ព័ន្ធ​បញ្ហា​សង្គម​នៅ​លើ​ប្រព័ន្ធ​អ៊ី​នធឺ​ណិ​តទេ ដោយ​បារម្ភ​ពី​បញ្ហា​ដែល​អាច​កើតឡើង​ក្រោយ​ការ​បង្ហោះ​សារ​របស់​គាត់​នៅ​លើ​បណ្ដាញ​សង្គម។ 

កញ្ញា​បន្ថែម​ថា៖ «អាហ្នឹង​អាច​និយាយ​បាន​ថា យើង​មើល​មួយ​ជ្រុង​ថាគាត់​អត់​ខ្វល់ ប៉ុន្តែ​មួយ​ជ្រុង​ទៀតគឺ​មាន​អ្នក​ខ្វល់​ខ្លាំង​មែនទែន ប៉ុន្តែ​គាត់​អត់​ចេញមុខ​ទេ ដោយសារ​អី ពេលវេលា និង​កាលៈទេសៈ​អត់​អំណោយផល អត់​អាច​ឱ្យ​គាត់​ចេញមុខ​បាន ព្រោះ​ពេល​ដែល​ចេញ​ គាត់​ដឹងហើយ​លទ្ធផល​គេ​ចាប់ ចេញ​ចាប់​ៗ»។

ជា​និស្សិត​ឆ្នាំទី៤ ផ្នែក​គូរ​ប្លង់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ យុវ​និស្សិត ណាំ ស៊ី​ថៃ​យ៉ា បាន​ប្រាប់​វី​អូ​ឌី​ថា លោក​តែងតែ​តាមដាននិង​ចង់​យល់ដឹង​ពី​បញ្ហា​ផ្សេង​ៗនៅក្នុង​សង្គម។ ហាក់បីដូចជា​ឈឺឆ្អាល​ខ្លាំង​ទៅលើ​រឿង​សង្គម លោក​បាន​បង្ហាញ​ក្ដី​បារម្ភ​ពីអ​នាគ​តប្រទេស​កម្ពុជា​ដោយសារតែ​យុវជន​បច្ចុប្បន្ន​ញាំញី​ទៅ​ដោយ​ស្រានិង​រឿង​សប្បាយ​ៗ ជាជាង​ខ្វល់​ពី​រឿង​សង្គមនិង​នយោបាយ​ដូច​បច្ចុប្បន្ន​នេះ។ 

លោក​ថា៖ «ដូច​រាល់ថ្ងៃ បើសិនជា​សង្គម​មួយ​សម្បូរ​តែ​រឿង​សប្បាយ រឿង​សើច ផឹកស៊ី អញ្ចឹង​យើង​គិតថា​ប្រទេស​នោះ​ ថ្ងៃ​ទៅមុខ​ប្រាកដជា​គ្មាន​អី​រីក​ចម្រើន​ទេ»។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា មានប្រសាសន៍​ថា តាម​របាយការណ៍​បឋម​ដែល​សមាគម​ទទួល​បាន គឺ​នៅក្នុង​ឆ្នាំ២០២០កន្លងទៅ សកម្មជន​ដីធ្លី បរិស្ថាន និង​នយោបាយ ប្រមាណ៥០នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួននិង​ចោទប្រកាន់​នៅ​តុលាការ​ជាបន្តបន្ទាប់ ក្រោយពី​ពួក​គេ​បាន​សម្ដែង​មតិ ដើម្បី​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​មាន​ដំណោះស្រាយ​បញ្ហា​ព្រៃឈើ បរិស្ថាន និង​បញ្ហា​សង្គម​ផ្សេង​ៗទៀត។ 

លោក​ថា៖ «ឆ្នាំ២០១៧ – ២០១៨ – ២០១៩ – ២០២០ គឺថា វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មិន​ខុសគ្នា​ទេ ហើយ​យើង​មិនទាន់​ឃើញ​មាន​បញ្ហា​ល្អ​ប្រសើរ ចំពោះ​បញ្ហា​នៃ​ការ​រឹតត្បិត​និង​សិទ្ធិ​សេរីភាព​ទេ គឺ​វា​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ។ អាហ្នឹង​យើង​ដឹង​ទាំងអស់គ្នា​ថា នៅពេល​មាន​វិបត្តិ​នយោបាយ ហើយ​បច្ចុប្បន្ន​យើង​មាន​វិប​ត្តិ​ធំៗ​មួយចំនួន ជាពិសេស​នយោបាយនិង​បញ្ហា​កូ​វី​ដទៀត គឺថាធ្វើ​ឱ្យ​សេរីភាព​មួយចំនួន​កាន់តែ​បន្ត​ធ្លាក់ចុះ​បន្ត​ទៀត»។

ទោះជាយ៉ាងណា សម្រាប់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន មានប្រសាសន៍​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាកាលពី​ឆ្នាំ២០២០កន្លងទៅ មានការ​រីកចម្រើន រួម​ជាមួយនឹង​ការចូលរួម​អនុវត្តរបស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អ​ថែមទៀត។ 

លោក​បន្ថែម​ថា ការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​នៅ​ឆ្នាំ២០២០កន្លងទៅ គឺជា​ការអនុវត្ត​ច្បាប់​សុទ្ធសាធ ហើយ​មិន​អាចយ​កមនុស្ស​ប៉ុន្មាន​នាក់​នេះមក​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ទាំងមូល​នោះ​ទេ។ 

លោក​ថា៖ «យើង​មិន​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ដោយ​បំពានច្បាប់ ហើយ​យើង​ត្រូវតែ​មានការ​ប្រឈម​ចំពោះមុខ​ច្បាប់។ ហើយ​យើង​មិន​អាច​ចាត់ទុកថា​នេះជា​ការរំលោភ​សិទ្ធិមនុស្ស​ចំពោះ​បងប្អូន​នោះ​ទេ។ អញ្ចឹង​ហើយ មានការ​មិនទាន់​យល់​ច្បាស់ ឬក៏​មានការ​សម្តែង ការ​ធ្វើ​មិន​ច្បាស់​ដើម្បី​បំពានច្បាប់ ឆ្លៀតឱកាស​បំពានច្បាប់ ហើយ​ទម្លាក់កំហុស​មក​លើ​រាជរដ្ឋាភិបាលនៅក្នុង​ការអនុវត្ត​ច្បាប់​ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស ជា​រឿង​មួយ​ដែល​មានការ​យល់​ច្រឡំ​របស់​បងប្អូន»។

លោក​ថា ដើម្បី​ចៀសវាង​ការ​ឃាត់ឬចោទប្រកាន់​ពី​តុលាការ​លើ​ការ​សរសេរឬបង្ហោះ​មតិយោបល់​លើ​ហ្វេ​សបុ​កឬបណ្ដាញ​សង្គម ពលរដ្ឋនិង​យុវជន​ត្រូវ​យល់ដឹង​ពី​ច្បាប់ ហើយ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ពី​សកម្មភាពនិង​មតិយោបល់​ទាំងនោះទៅ​នឹង​ប្រតិកម្ម​របស់​សាធារណជន​ផង​ដែរ។ 

លោក​ថា៖ «អញ្ចឹង​ហើយ​ការដែល​យើង​ប្រើប្រាស់​សិទ្ធិសេរីភាពមនុស្ស​ម្នា​ក់ៗ គឺ​យើង​ត្រូវ​យល់ដឹង​ថាតើ​ច្បាប់​ហាម​អី​ខ្លះ អញ្ចឹង​ការ​សម្តែង​មតិ​នៅ​តាម​បណ្តាញ​សង្គម ការ​ច្រៀង ការ​រាំ យើង​មើល​ថា តើ​អត្ថន័យ​នេះ​វា​ជា​ការរំលោភ​ច្បាប់​ដែរ​ឬទេ វា​ជា​ការ​ញុះញង់​ដើម្បី​ឱ្យ​មានការ​ប្រព្រឹត្ត​បទ​ព្រហ្មទណ្ឌ»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ លោក​បណ្ឌិត ប៉ា ចន្ទ​រឿន ថាការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយនិង​ច្បាប់ នៅ​មានកម្រិត​នៅឡើយ ខណៈរដ្ឋាភិបាលក៏​ហាក់​មិនសូវ​បាន​លើកទឹកចិត្ត​ដល់​ពួក​គាត់។ 

លោក​បន្ថែម​ថា លើស​ពីនេះ ការ​ចាប់ខ្លួន​ដោយ​គ្រាន់តែ​ពួក​គាត់​បញ្ចេញមតិ​របស់​គាត់​លើ​បណ្ដាញ​សង្គម គឺ​វា​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​ថែមទៀត នូវ​សកម្មភាពឬការ​បញ្ចេញមតិ​ដែល​ទាក់ទង​នឹងន​យោ​បាយ ដែ​លយូរៗទៅ​ធ្វើ​ឱ្យ​ពួក​គាត់​ព្រងើយ​កន្ដើយ​ចំពោះ​នយោបាយ​ថែមទៀត ដែល​ករណីនេះ​លោក​ចាត់ទុកថា​ជា​គ្រោះថ្នាក់​សម្រាប់​ជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ