ក្រសួង​មហា​ផ្ទៃ​​ស៊ើប​អង្កេត​​ស្នងការ​​រង​​ខេត្ត​តាកែវ​​ម្នាក់​​ជុំ​វិ​ញ​ប​ណ្តឹង​​ជំរិត​ទារ​ប្រាក់

ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ ឧត្ដមសេនីយ៍​ត្រី ហ៊ិ​ន សុ​ខខេង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province.)

​​ក្រុម​ការងារ​​ក្រសួងមហាផ្ទៃ កំពុង​ដំណើរការ​ស៊ើបអង្កេត​ករ​ណី​បណ្តឹ​ងរ​បស់​ប្រជាពលរដ្ឋ ដែល​ចោទ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ ឧត្ដមសេនីយ៍​ត្រី ហ៊ិ​ន សុ​ខខេង ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ។

អ្នកនាំពាក្យ​អគ្គាធិការ​ដ្ឋាន​ក្រសួងមហាផ្ទៃ លោក ឯម វិចិត្រ ថ្លែងប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ​ថា ក្រសួងមហាផ្ទៃ បាន​ទទួលពាក្យ​បណ្ដឹង​ពី​ពលរដ្ឋដែល​ប្ដឹង​ថា លោក ហ៊ិ​ន សុ​ខខេង និង​មន្ត្រី​ប៉ូលិ​សមួយ​ចំនួន​ទៀត ថា​បាន​ជំរិតទារប្រាក់​ពី​ពួក​គាត់កាលពី​ខែកក្កដា ឆ្នាំ២០២០។ 

លោក​បន្ត​ថា ក្រោយពី​ទទួល​បា​នពាក្យប​ណ្តឹ​ងនោះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក៏បាន​សម្រេច​ជាគោល​ការណ៍​ឱ្យ​អគ្គាធិការ​ដ្ឋាន​ស៊ើបអង្កេត​ករណីនេះ។ ទោះជាយ៉ាងណា លោក​បដិសេធ​មិន​អត្ថា​ធិប្បាយ​លម្អិត​ពី​ករណីនេះ​ទេ។ 

លោក ឯម វិចិត្រ មានប្រសាសន៍​ថា៖ «ក្នុង​នីតិ​វិធី​ស៊ើបអង្កេត ពេល​ដែល​លិខិតបង្គាប់ការ​ណ៍ចេញ​យើង​ផ្ដើម​ការ​[ស៊ើបអង្កេត​] ខាង​ជំនាញ​កំពុងធ្វើការ។ បើសិនជា​បាន​លទ្ធផល​យ៉ាងណា​ហ្នឹង ជំនាញ​នឹង​ជម្រាប​ជូន​ជា​សាធារណៈ​តែម្ដង»។

លិខិតបង្គាប់ការណ៍របស់​អគ្គាធិការ​ដ្ឋាន​ក្រសួងមហាផ្ទៃ បាន​ចាត់​ឱ្យលោក​ឧត្តមសេនីយ៍ ឯក​សេង វណ្ណៈ ដឹកនាំ​មន្ត្រី​នគរបាល​ចំនួន៥នាក់​ផ្សេងទៀត ចុះទៅ​បំពេញ​បេ​សកកម្ម​នៅ​ខេត្តតាកែវ រយៈពេល៥ថ្ងៃ ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។ 

បេ​សកកម្ម​ស្រាវជ្រាវ​ពាក្យបណ្ដឹង​របស់​មន្ត្រី​នគរបាល និង​ពលរដ្ឋ​ក្នុង​មូលដ្ឋានខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្ដឹង​ចោទប្រកាន់លោក​ឧត្តមសេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការ​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ។ 

លោក ហ៊ិ​ន សុ​ខខេង បដិសេធ​មិន​ឆ្លើយតប​នឹង​សំណួរ​របស់​វី​អូ​ឌីឡើយ ខណៈ​ដែល​ស្នងការ​នគរបាល​ខេត្តតាកែវ លោក សុខ សំណាង ក៏​មិន​ឆ្លើយតប​ដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ស្វាគមន៍​ចំពោះ​ចំណាត់ការ​ណ៍របស់ក្រ​សួង​មហាផ្ទៃ ដែល​ចុះ​ស៊ើបអង្កេត​លើ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​នេះ។ ក៏ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ អនុវត្ត​ច្បាប់​ជាធរមាន ប្រសិនបើ​រក​ឃើញថាមានការ​ប្រព្រឹត្ត​ខុសច្បាប់​ប្រាកដ​មែន​នោះ។ 

លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា៖ «បើសិន​រក​ឃើញ​ជន​ហ្នឹង​បាន​ប្រព្រឹត្ត គួរតែ​មានការ​ដាក់ទោស​ទណ្ឌ​ទាំង​ផ្នែក​រដ្ឋបាលនិង​ក្រម​ព្រហ្មទណ្ឌ​នៃ​កម្ពុជា​ហ្នឹង។ កាលណា​អនុវត្ត​ច្បាប់​តឹង​រ៉ឹង អាច​នឹង​កាត់បន្ថយ​ភាព​អសកម្ម​នេះ​នៅពេល​ខាងមុខ»។

គេហទំព័រ​កម្ពុជា​ថ្មី សរសេរ​ដោយ​ស្រង់​ខ្លឹមសារនៃ​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​នោះ ដោយ​បាន​លើកឡើង​ថា កាលពី​ឆ្នាំ២០១៩ លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ិ​ន សុ​ខខេង និង​បក្ខ​ពួក​បាន​ចាប់​បង្ខាំង​មនុស្ស​ជំរិត​យក​ប្រាក់​ចំនួន២០ម៉ឺន​ដុល្លារ​អាមេរិក។ ក្នុង​នោះ នាយ​នគរបាល​រូប​នេះនិង​មនុស្ស​ក្រោមបង្គាប់ បាន​ចាប់​បង្ខាំង​ជនបរទេស​ចំនួន៣នាក់និង​ជនជាតិ​ខ្មែរ២នាក់ និង​ដកហូត​យក​ខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ពី​អ្នក​ទាំងនោះ​ផង។ 

ប្រភព​ដដែលបាន​ផ្សព្វផ្សាយ​បន្ត​ទៀត​ថា លុះដល់​ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មាន​តំណាង​ជនរងគ្រោះ២នាក់បាន​មក​ប្ដឹងតវ៉ា​ដល់​ស្នងការ​ដ្ឋាន ក្នុង​គោលបំណង​ទាមទារ​ឱ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ខាងលើ និង​ទាមទារ​យក​សម្ភារដែល​ដកហូត​ពី​ជនបរទេសត្រឡប់មកវិញ។

ក្រោយ​មាន​បណ្ដឹងតវ៉ា ក៏​មាន​ស្នងការ​រងនៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវមួយ​រូប ​(មិន​ស្គាល់ឈ្មោះ​) បាន​យក​សម្ភារទៅ​ប្រគល់​ឱ្យ​ជនរងគ្រោះ​វិញដល់​រាជធានី​ភ្នំពេញ។ 

លេខាធិការ​ដ្ឋាន​សាលាដំបូង​ខេត្តតាកែវ លោក ង៉ែត ដា​វុធ ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា ករណីនេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់​បាន​កោះហៅ លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ិ​ន សុ​ខខេង ទៅ​សាកសួរ​ជុំវិញ​ដំណើររឿង​នេះម្ដង​រួចមក​ហើយ ក្នុងអំឡុងឆ្នាំ២០២០។ 

លោក ង៉ែត ដា​វុធ៖ «ខាង​តំណាង​អយ្យការ ហៅ​គាត់​ [ហ៊ិ​ន សុ​ខខេង​] មក​សួរ​ម្ដង​ហើយ នៅ​ឆ្នាំ២០២០ ប៉ុន្តែ​ខាង​បង​មិនទាន់​បាន​មើល​ឯកសារ​ទេ​ថា​រឿង​យ៉ាង​ម៉េច​ៗ ចាំ​ជូន​ព័ត៌មាន​ពេលក្រោយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ