ស្ថានទូត​​កម្ពុជា​​ជំរុញ​​ឱ្យ​​មាន​ការ​​ផ្តល់​​សំណង​​ដល់​​ពលករ​​ខ្មែរ​​រង​គ្រោះ​​ក្នុង​​ហេតុ​ការណ៍​​បាក់​​ស្ពា​ន​​នៅ​​ថៃ​

កម្មករ​បម្រើការ​ងារ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស រងគ្រោះ​ថ្នាក់​ដោយសារ​ស្ពាន​អាកាស​សែល​កំពុងតែ​បន្ត​សាងសង់​បាន​បាក់​ស្រុត​ចុះ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅ​បរិវេណ​ផ្លូវ​សុរៈ​ណា​រ៉ា​យ ឃុំ​ឃោ​កស៊ូ​ង ស្រុក​មឿង​នគររាជ​សីមា ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ។ (​ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok​)

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​ថា ស្ថានទូត​កម្ពុជាកំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ដោះស្រាយ​សំណង​ដល់​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​ស្រុត​ស្ពាន​ដែល​កំពុង​សាងសង់​នៅ​ខេត្ត​នគររាជ​សីមា។

កាលពី​រសៀល​ថ្ងៃសៅរ៍ ទី២៣ ខែមករា សំណង់​ស្ពាន​អាកាស​កំពុង​សាងសង់​មួយ​កន្លែង ស្ថិតនៅ​ក្នុង​ស្រុក​មឿង​នគររាជ​សីមា ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ បាន​បាក់​ស្រុត បណ្តាល​ឱ្យ​កម្មករ​ខ្មែរ​ចំនួន៧នាក់ ភូមា​ម្នាក់ និង​ថៃ​ម្នាក់ រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ កម្មករ​ខ្មែរ២នាក់របួសធ្ងន់​ត្រង់​ជើង។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា មិនទាន់​មាន​របាយការណ៍​ជនរងគ្រោះ​រក​ឃើញ​បន្ថែម​ថ្មី​នៅឡើយ ខណៈ​ដំណើរការ​កាយ​គំនរ​បាក់បែក​នៃ​សំណង់​ស្ពាន​មិនទាន់​បញ្ចប់​នៅឡើយ។

លោក កុយ គួង ប្រាប់​តាម​ប្រព័ន្ធ​សារ Telegram ថា៖ «មកដល់ពេលនេះ មិន​មាន​ព័ត៌មាន​អំពី​ករណី​មាន​ជនរងគ្រោះ​ណា ​[ស្លាប់​] បាត់បង់ជីវិត​នៅឡើយ​ទេ។ ស្ថានទូតកំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់ ដូចជាសំ​ណង​ផ្សេង​ៗ»។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុងចំណោម​ពលករ​ខ្មែរ​ចំនួន៧នាក់ដែល​រង​របួស​នោះ គឺ​មាន៣នាក់បាន​ចាកចេញ​ពី​មន្ទីរពេទ្យហើយ​ ចំណែក២នាក់​ទៀតនឹង​ចេញពី​មន្ទីរពេទ្យ​នៅ​ល្ងាច​នេះ ខណៈ៤នាក់​ទៀត ​(ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​រង​របួស​បាក់ជើង​) នឹង​ចេញពី​មន្ទីរពេទ្យ​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​ទៀត​នេះ។

ស្ថានទូត​កម្ពុជា បន្ត​ទៀត​ថា ខាង​និយោជកនិង​ធានារ៉ាប់រង​សង្គម​ជា​អ្នកទទួល​ខុសត្រូវ​រាល់​ការ​ចំណាយ​លើ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​ពលករ​ខ្មែរ​ទាំងអស់ ខណៈ​ពលករ​ដែល​កំពុង​សម្រាក​ព្យាបាលនិង​មិនទាន់​អាច​ចូល​ធ្វើការ​វិញ​បាន នឹង​ទទួល​បាន​ប្រាក់ឈ្នួល​ទៅតាមច្បាប់។ 

អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា លោក ហេង សួរ មានប្រសាសន៍​យ៉ាង​ខ្លី​ថា ការ​ផ្តល់​សំណង​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នោះ គឺ​ធ្វើ​ទៅតាម​លក្ខខណ្ឌ​របប​ធានារ៉ាប់រង​សន្តិសុខ​សង្គម​របស់​ប្រទេស​ថៃ។

មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ (សង់​ត្រា​ល់​) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុ​ផុន លើកឡើង​ថា មូលហេតុ​នៃ​ការ​បាក់​ស្រុត​នៃ​សំណង់​ស្ពាន​អាកាស​ដែល​មាន​កម្ពស់១០ម៉ែត្រ​ពី​ដី អាច​បណ្តាល​មក​ពី​ការសាងសង់​ខុស​បទ​ដ្ឋាន​បច្ចេ​កទេស​សាងសង់ឬការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់។ លោក​ថា យ៉ាងណា​ក្រុមហ៊ុន​សាងសង់​ពុំ​ទាន់​មានការ​ប្រកាស​ពី​ការ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​នៅឡើយ។

លោក លឹង សុ​ផុន ប្រាប់​ថា៖ «ករណី​ហ្នឹងគឺ​អត់​ទាន់​មាន​ឆ្លើយតប​ច្បាស់លាស់​ទេ ប៉ុន្តែដោយ​មន្រ្តី​ក្រសួងសាធារណការ​ហ្នឹង គាត់​ចូល​ទៅ​ជួប​ពលករ​ខ្មែរយើង ហើយ​មានការ​ជួយឧបត្ថម្ភ​ប្រាក់​ដើម្បី​ព្យាបាល​ពួក​គាត់ ហើយ​ជំរុញ​ឱ្យ​អ្នក​រត់​ម៉ៅ​ហ្នឹងទទួលការ​ខុសត្រូវ​លើ​ការដែល​ធ្វេសប្រហែស​ក្នុង​ការ​ធ្វើការ»។

មន្ត្រី​អង្គការ​ដែល​ធ្វើការ​លើ​សិទ្ធិពល​ករ​ចំណាកស្រុក​រូប​នេះ បន្ថែម​ថា ពលករ​អន្តោប្រវេសន៍​កម្ពុជានៅ​ប្រទេស​ថៃ ដែល​ធ្វើការ​ក្នុង​វិស័យ​សាងសង់ កំពុង​ប្រឈម​ហានិភ័យ​ការងារ​ខ្ពស់ ខណៈ​ករណី​គ្រោះថ្នាក់​ទៅលើ​ពួក​គេ​បាន​កើតឡើង​ជាបន្តបន្ទាប់ រាប់ទាំង​ករណី​បាត់បង់ជីវិត។

តាម​ប្រភព​ពី​សារព័ត៌មាន The Pattaya News ក្រុម​សមត្ថកិច្ច​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ជាបឋម​អំពី​មូលហេតុ​នៃ​ការ​បាក់​ស្រុត​កំណាត់​ស្ពាន​នោះ​ថា គឺ​បណ្តាល​មក​ពី​រន្ទា​ដែក​មាន​សភាព​ច្រេះ ​មិន​អាច​ទ្រ​ទម្ងន់​បេតុងដែល​កំពុង​ចាក់​បំពេញ​ដោយ​ស៊ីម៉ង់​ត៍សើម​បាន ទើប​នាំ​ឱ្យ​កំណាត់​ស្ពាន​ដួល​រលំ​ដូច្នេះ។ 

របាយការណ៍​ប្រចាំខែ​តុលា ឆ្នាំ២០២០ របស់​ការិយាល័យរដ្ឋបាល​ពលករ​បរទេស​របស់​ថៃ​បង្ហាញថា ​ពលករ​បរទេស​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​មាន​ចំនួន២ ៤៨២ ២៥៦នាក់ ដែល​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន៥០១ ៩៥០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ