បុរស​​ម្នាក់​​ស្លាប់​និង​៣​នាក់​​ត្រូវ​​បាន​​សង្គ្រោះ​ ក្រោយ​ពី​​ពួក​​គេ​​បរិភោគ​​ដង្កូវ​ដួង​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

​មន្ត្រី​សុខាភិបាល​ខេត្តព្រះវិហារ ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ និង៣នាក់​ផ្សេងទៀតត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ក្រោយពី​ពួក​គាត់​បាន​ទទួលទាន​ដង្កូវដួង។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ លោក គួង ឡូ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅ​ភូមិ​សែន​គង់ ឃុំ​ចម្រើន ស្រុក​សង្គមថ្មី។

លោក​បន្ត​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​ទាំង៤នាក់បាន​ប្រមូល​យក​ដង្កូវដួងចេញពី​ក្នុង​ដើមត្នោត​មួយ​ដើម បាន​ប្រហែល១គីឡូក្រាម រួច​យក​ទៅ​បំពង​ខ្លាញ់ដើម្បី​ហូប​ជាមួយ​បាយ។

លោ​ក គួង ឡូ បន្ត​ទៀត​ថា សត្វ​ដង្កូវដួង១គីឡូក្រាម​នេះ ជនរងគ្រោះ​បាន​យក​ចែក​គ្នា៤នាក់ ក្នុង​នោះ​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ម៉ៅ លាន បាន​ទទួលទាន​សត្វ​ដង្កូវដួង​នោះ​ចំនួន​កន្លះ​គីឡូ​តែម្នាក់ឯង។ 

ប្រធានមន្ទីរ​រូប​នេះ បាន​គូសបញ្ជាក់​ថា៖ «គាត់ ​[ជនរងគ្រោះ​ដែល​ស្លាប់​] អាច​គ្រោះថ្នាក់​ដោយសារគាត់​បាត់បង់​ជាតិទឹក ដោយសារ​គាត់​មាន​អាការ​ក្អួត​ខ្លាំង ធ្វើ​ឱ្យ​បាត់បង់​ជាតិទឹក​ខ្លាំង​ទៅ ពេលយប់​អត់មាន​បងប្អូន​ណា​ដឹង រហូតដល់​ជិត​ភ្លឺ​បាន​ម្ដាយ​ដឹង។ ដល់​អ៊ីចឹង​វា​អាច​គ្រោះថ្នាក់។ ចំណែក​ពួក​គាត់៣នាក់​ទៀត​បាន​ហូប​ទឹក អ៊ីចឹង​គាត់​រាក​មែន គាត់​បាន​ហូប​ទឹក​ទៅ ​វា​ដូចជា​ជួយ​បំពេញ​ជាតិទឹក​មកវិញ»។ 

បើ​តាមលោក គួង ឡូ ជនរងគ្រោះ៣នាក់​ទៀត រួមមាន​ឈ្មោះ ប៉ុយ វីន ឈ្មោះ ឌឹម សុភា និង​ឈ្មោះ ប្រាជ្ញ ពិសី ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មណ្ឌលសុខភាព​ត្រឡប់ទៅ​ផ្ទះ​វិញ បន្ទាប់ពី​ពួក​គាត់​បាន​ធូរស្បើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ