ពលរដ្ឋខណ្ឌច្បារអំពៅតវ៉ាករណីអាជ្ញាធរបោះបង្គោលព័ទ្ធដី

ទីតាំងដែលអាជ្ញាធររៀបចំបោះបង្គោលកំណត់ព្រំដីរដ្ឋនៅក្នុងខណ្ឌច្បារអំពៅនៅថ្ងៃទី២៣ខែមករាឆ្នាំ២០២១។ រូប ដោយ ណាត សុភាព

ពលរដ្ឋប្តេជ្ញាតវ៉ារហូតស្លាប់ខ្លួនបើសិនជាអាជ្ញាធរខណ្ឌច្បារអំពៅបោះបង្គោលព័ទ្ធយកដីដែលពួកគាត់អាស្រ័យផលដោយមិនផ្តល់សំណង ខណៈអាជ្ញាធរអះអាងថា ពលរដ្ឋចូលកាន់កាប់ដីនោះដោយខុសច្បាប់មិនអាចផ្តល់សំណងឱ្យបានទេ។​

ស្រ្តីមេម៉ាយ វ័យ៥៤ឆ្ឆាំ អ្នស្រី ផា សុលីតា ដែលមានជំងឺប្រចាំកាយនោះ និយាយរៀបរាប់ថា រយៈពេលជិត១សប្តាហ៍កន្លងមកនេះ អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា  និងប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ រាជធី លោក លឹម ពី បានមកប្រាប់ជាពលរដ្ឋជាង១៥០គ្រួសារមិនឱ្យធ្វើកសិកម្មរាប់សិបហិកតា និងដាក់កងកម្លាំងសមត្ថិច្ចយាមច្រកចូលទៅដី ព្រមទាំងយកគ្រឿងចក្រដាំបង្គោលថ្មីព័ទ្ធជុំវិញដីប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ  ហើយថែមទាំងចោទពលរដ្ឋថា កាន់កាប់ដីរដ្ឋខុសច្បាប់ទៅវិញ។

អ្នកស្រីនិយាយថា៖ «គេមកបោះបង្គោលរបង គេអត់មានសេចក្តីជូនដំណឹង ពេលពួកខ្ញុំសួរ គឺគេថាពួកខ្ញុំកាន់កាប់ដីរដ្ឋ  ហើយឥឡូវ អាជ្ញាធរគេប្រាប់មិនឱ្យធ្វើស្រែនៅលើដីហ្នឹងទៀតទេ គេថាដីហ្នឹងជាដីរដ្ឋ»។

ទោះជាបែបនេះក្តី ពលរដ្ឋទាំងនោះទទួលស្គាល់ថា ដីនោះ ជាដីកោះរបស់រដ្ឋមែន ប៉ុន្តែពួកគេកាន់កាប់នឹងអាស្រ័យផលដូចជា ដាំស្រូវ ពោត សណ្តែក លើដីនោះចាប់ពីឆ្នាំ២០០៨រហូតមកដល់ឆ្នាំ២០២០ ពោលជាង១០ឆ្នាំ ដោយមិនមានការរារំាំងឬជំទាស់ពីអាជ្ញាធរនោះទេ។

លោក ឈុន គឹមលី អាយុ៥៥ឆ្នាំ ដែលអះអាងាថា គាត់កាន់កាប់ដីប្រហែល២ហិកតា នៅតំបន់នោះ ជាង១០ឆ្នាំមកហើយ មិនដែលមានទំនាស់ ឬជម្លោះជាមួយអាជ្ញាធរ​ ឬប្រជាពលរដ្ឋនៅតំបន់នោះទេ។ ប៉ុន្តែលោកថា​ បើរដ្ឋាភិបាលមានគម្រោងយកដី (ដីកោះមាស) នោះធ្វើការអភិវឌ្ឍន៍មែន ត្រូវចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរឱ្យអាជ្ញាធរបង្ហាញប្រជាពលរដ្ឋបានឃើញ និងផ្តល់សំណងសមរម្យជូនពលរដ្ឋជាដើម។

លោកនិយាយថា៖ «ខ្ញុំសូមជំរាបទៅសម្តេច ឬសម្តេចគតិបណ្ឌិតប៊ុនរ៉ានី បើលោកចង់ធ្វើការអភិវឌ្ឍន៍យ៉ាង យើងខ្ញុំមិនប្រឆាំងនិងការអភិវឌ្ឍន៍ទេ ទីមួយខ្ញុំចង់បានដីរបស់ខ្ញុំមកកាន់កាប់និងអាស្រ័យផលមកវិញ ទីពីរបើលោកអភិវឌ្ឍន៍ចេញគោលការណ៍​ឬសេចក្តីណែនាំ ដើម្បីឱ្យពួកគេត្រៀមខ្លួន និងផ្តល់សំណងឱ្យសមរម្យឱ្យពួកខ្ញុំទាំងអស់គ្នា»។

ស្ត្រីម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ព្រមានថា បើសិនជាអាជ្ញាធរនៅតែធ្វើរបងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋកាន់កាប់នឹងអាស្រ័យផលទេ គាត់សុខចិត្តតស៊ូមតិរហូតដល់ថ្ងៃស្លាប់ ដើម្បីការពារដីនោះ។

អ្នកស្រីព្រមានដូចនេះថា៖ «ពួកខ្ញុំនឹងតវ៉ាមិនឱ្យគេបិទផ្លូវ ហើយមិនឱ្យគេមកយកដីប្រជាពលរដ្ឋទេ ខ្ញុំស៊ូស្លាប់នៅលើដីរបស់ខ្ញុំ មិនអាចឱ្យបុគ្គលណាម្នាក់ រដ្ឋអំណាចណាម្នាក់មកយកដីរបស់យើងខ្ញុំទទេៗនោះទេ គឺដាច់ខាតតែម្តង»។

វីអូឌីមិនអាចសុំការបំភ្លឺពីប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ លោក លឹម ពី បានទេនៅថ្ងៃនេះ។

ចំណែក អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់សម្រេចធ្វើរបងព័ទ្ធដី(ដីកោះមាស)នោះ ដើម្បីយកមកធ្វើជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋវិញ ដោយសារពលរដ្ឋមួយចំនួនបានយកបង្គោលបោះលើដីនៅតំបន់នោះធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។

លោកមានប្រសាសន៍ថា៖ «គេធ្វើរបងដើម្បីកុំឱ្យមានការទន្ទ្រានខុសច្បាប់ អត់មានប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងដំណាំដាំដុះអ្វីនោះទេ ព្រោះប្រជាពលរដ្ឋបានយកបង្គោលទៅបោះព័ទ្ធយកដីរដ្ឋនោះ ហើយដីជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយយើងទៅទន្ទ្រានកាន់កាប់យ៉ាងម៉េច អត់មានអាជ្ញាធរ មន្ត្រីណាទទួលស្គាល់ទេ​»។

ដោយឡែក ចំពោះសំណើរដែលពលរដ្ឋស្នើសុំឱ្យអាជ្ញាធរផ្តល់សំណងសមរម្យមុននឹងធ្វើរបងព័ទ្ធដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរដ្ឋវិញនោះ អាជ្ញាធរមិនផ្តល់សំណងឱ្យនោះទេ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរកវិធីដោះស្រាយឬផ្តល់សំណងសមរម្យជូនពលរដ្ឋនៅតំបន់នោះ មិនត្រូវចោទពលរដ្ឋថាទន្ទ្រាន ឬកាន់កាប់ដីរបស់រដ្ឋខុសច្បាប់នោះទេ ពីព្រោះរយៈពេលដែលកាន់កាប់ជាង១០ឆ្នាំ មិនមានអាជ្ញាធររូបណាចេញទៅរារំាំង ឬហាមឃាត់ពួកគេនោះទេ។

មន្ត្រីសិទ្ធិមនុស្សរូបនោះបន្តថា បើអាជ្ញាធរមិនព្រមរកវិធីដោះស្រាយឱ្យពលរដ្ឋទេ ពលរដ្ឋអាចនឹងធ្វើការតវ៉ាជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។

លោកមានប្រសាសន៍ថា៖ «រដ្ឋគួរតែរកដំណោះស្រាយ ចរចា ឬក៏ផ្តល់សំណងសមស្របដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីជៀសវាងនូវបាតុភាពផ្សេង ព្រោះកន្លងមកការដោះស្រាយមិនបានសមស្រប នាំឱ្យមានបាតុភាពផ្សេងៗកើតមាន យើងមានបទពិសោធន៍រួចហើយ»។

តាមពលរដ្ឋរស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ  អះអាងថា ពួកគេកាន់កាប់ដី (ដីកោះមាស) នោះកាលពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០២១នេះ មានរយៈពេល១៣ឆ្នាំមកហើយ។ ពួកគេថា អ្នកដែលរងផងប៉ះពាល់សរុប១៥៨គ្រួសារ និងមានផ្ទៃដីសរុបប្រហែលជា៣០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ