នាយក​​រដ្ឋ​មន្រ្តី​​ថា​​នឹង​​បន្ត​​កាត់​​បឹង​​តា​មោក​​ដើម្បី​​អភិ​វឌ្ឍ​បម្រើ​​ប្រយោជន៍​​សាធារណៈ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​ថ្មី​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន អគារ​ទី​ស្តី​ការ​ថ្មី និង​វិទ្យាស្ថាន «តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន» ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ២ ខណ្ឌឫស្សីកែវ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា ​លោក​មិន​ខ្វាយខ្វល់​នឹង​ការ​រិះ​គន់​ដដែល​ៗជុំវិញ​ការ​កាត់​បឹង​តា​មោក​ទេ ដោយ​ថា ​ការ​កាត់​ដី​នោះ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​រួម ហើយ​ដី​ខ្លះទៀត​ជា​ដីស្រែ​ប្រាំង​ដែល​ជា​កម្ម​សិទ្ធិ​របស់​ពលរដ្ឋ។ 

ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​ថ្មី​របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃសុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា កន្លងមក​មាន​មន្ត្រី​សង្គម​ស៊ីវិលនិង​សាធារណ​ជន​មួយចំនួនតែងតែ​និយាយ​រិះគន់​រដ្ឋាភិបាល ជុំវិញ​ការ​ចេញ​អនុក្រឹត្យ​លុប​ផ្ទៃ​បឹង​តា​មោកឬបឹង​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ទៅ​ឱ្យ​ស្ថាប័នរដ្ឋនិង​ក្រុមហ៊ុន​ឯកជនសម្រាប់​សាងសង់​អគារនិង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

លោកនាយក​រដ្ឋមន្ត្រី បន្ត​ថា ដើមចម​ដែល​នាំ​ឱ្យ​លោក​សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​ឱ្យទៅ​ស្ថាប័នរដ្ឋ និង​ផ្នែក​ខ្លះទៀត​ឱ្យទៅ​ក្រុមហ៊ុន​ឯកជនធ្វើការ​អភិវឌ្ឍ​នោះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ មិនមែន​ដូច​ការ​លើកឡើង​របស់​អ្នករិះគន់​ដែលថាធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កន្លែង​ស្តុ​បទឹ​កកង្វក់និង​រំដោះ​ទឹក​ចេញពី​ភ្នំពេញ​នោះ​ទេ។ 

លោក​បន្ត​ថា៖ «ទីក្រុង​របស់​យើងមិនមែន​ត្រឹមតែ​អភិវឌ្ឍ​ត្រឹម​ទីក្រុង​ចាស់​ទេ ពង្រីក​ពី​ជាង​៣០០​គីឡូម៉ែត្រ​ការ៉េ ទៅ​ជាង៧០០គីឡូម៉ែត្រ​ការ៉េ​ហើយ។ អ៊ីចឹង​បាន​ជា​ខ្ញុំ​មានការ​ធុញទ្រាន់​ជាមួយនឹង​ការ​លើកឡើង​ច្រំដែល​នៃ​មនុស្ស​មួយចំនួនដែល​ថា​យើង​លុប​បឹង យើង​លុប​អានេះ យើង​លុប​អានោះ»។ 

ទោះជា​បែបនេះ​ក្តី លោក ហ៊ុន សែន បញ្ជាក់​ថា មិន​ចាប់អារម្មណ៍​នឹង​ការរិះគន់ពី​មជ្ឈដ្ឋាន​នានា​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ប្រាប់​ឱ្យ​ហើយ ខ្ញុំ​នឹង​កាត់​បន្ត​ទៅទៀត ព្រោះ​សុទ្ធតែ​ស្រែប្រាំង​ប្រជាជន បើ​មិន​កាត់​ឱ្យ​ប្រជាជន​ […] ប៉ុន្តែ​មិនមែន​អ្នកណា​ចេះតែ​ទៅ​ធ្វើ​បានទេ ​[…] ប៉ុន្តែ​អនុក្រឹត្យ​នេះ​ទុក​ឱ្យ​ខ្ញុំ​ចាត់ចែង អាណា​គួរ​ធ្វើ អាណា​មិន​គួរ​ធ្វើ ប្រទេស​នានា​គេ​បូម​ដល់​សមុទ្រ ពង្រីក​ដល់​សមុទ្រ យក​ដី​ដើម្បី​អភិវឌ្ឍទៅ​ហើយ ម៉េច​ក៏​កម្ពុជា​ធ្វើ​នេះ​ក៏​ខុស ធ្វើ​នោះ​ក៏​ខុស ច្រណែន​ឬអី»។

ទោះជាយ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​មិន​ចេញ​អនុក្រឹត្យ​លុប​បឹង​ដើម្បីអភិវឌ្ឍ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ទេ ហើយ​លោក​ក៏​មិន​ឯកភាព​ចំពោះ​ការ​បិទមុខ​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ដែរ។

លោក​ថ្លែង​ដូចនេះ​ថា៖ «ទីក្រុង​ប្រទេស​របស់​យើង​ក៏​កាន់តែ​ធំ កន្លែង​ធ្វើការ​របស់​យើង​ក៏​កាន់តែ​ច្រើន ហើយ​ពង្រីក​មក​ខាង​ហ្នឹង [បឹង​តា​មោក​] វា​មាន​ទាក់ទិន​អី​នឹង​កា​រស្តុ​បទឹ​ក ទឹក​មក​ពីលើ​បុក​មក​ទម្លាក់​ទៅ​ខាង​ណោះ​ទៅ។ កន្លងទៅ​ ទំនប់​របស់​យើង​មួយ​ខ្សែ​អត់មាន​របាំង​នៅ​ពីមុខ​បាន វា​ចេះតែ​បុក​នឹង​ទំនប់​កប់​ស្រូវ​នោះ កាលណា​មាន​របាំង​នៅ​ពីមុខ​ហើយ វា​មាន​អ្វីទៅ​ប៉ះពាល់​អី​ទៀត គេ​លុប​បឹង​ធ្វើ​ទីក្រុង​អស់ហើយ នៅតែ​ជេរ​ឯង​ចុះ​ឡើង​ៗ។ ទេ​! អ្នក​ជេរ​គេ​ជេរ​ទៅ យើង​ធ្វើ​ នៅតែ​ធ្វើ»។

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត (STT​) លោក សឿង សា​រ៉ន មានប្រសាសន៍​ថា សង្គម​ស៊ីវិល មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ។

ប៉ុន្តែ​លោក​ថា ដើម្បី​កុំឱ្យ​មាន​កា​រិះគន់ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​របាយការណ៍​ជាក់លាក់ និង​ធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ​កាត់​ផ្ទៃ​បឹង​នេះ។ លោក​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាលផ្តល់​ព័ត៌មាន​ជូន​សាធារណជននិង​សង្គម​ស៊ីវិល និង​ទុក​ឱកាស​ឱ្យ​ពួក​គេ​បាន​ផ្តល់​ជា​យោបល់​ទៅ​រដ្ឋាភិបាលជុំវិញ​ករណីនេះ​ផង​ដែរ។

លោក ​សា​រ៉ន មានប្រសាសន៍​ថា៖ «រដ្ឋាភិបាល​អាច​ធ្វើការ​វាយតម្លៃ​ផល​ប៉ះ​ពាល់​ផ្សេង​ៗ ទាក់ទង​នឹង​សង្គម​សេដ្ឋកិច្ចហើយនិង​បរិស្ថាន ដើម្បី​ធានា​ថា ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​របាយការណ៍​គួរតែ​ចេញផ្សាយ​ជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋឬសាធារណ​ទូទៅ​គាត់​បាន​ទទួលនិង​ពិគ្រោះ​យោបល់​ផង​ដែរ»។

កាលពីដើម​ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជាបាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក ជា​សម្បតិ្ត​របស់​រដ្ឋ ដែល​មានផ្ទៃ​ដី​សរុប​ប្រមាណ៣ ២៣៩ហិ​កតា សម្រាប់​ស្តុក​ទឹក​កខ្វក់និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ។ 

ចាប់តាំងពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តា​មោក​សរុប​ជាង៥៨០ហិ​កតា ទៅ​ឱ្យ​ស្ថាប័នរដ្ឋ ដូចជា ក្រសួង​យុត្តិធម៌ ក្រសួងការពារជាតិ សាលា​រាជធានី​ភ្នំពេញ សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារនិង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗជាដើម។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា បឹង​ធម្មជាតិ​ទាំងអស់នៅ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​ចាក់​ដី​លុប​អស់ទាំង​ស្រុង។

របាយការណ៍​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩០មក បឹង​ចំនួន១៦ហើយ​ត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង ខណៈ​បឹង​ចំនួន១០ទៀតត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ៗជា​បណ្ដើរ​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ