កម្មករ​​រោងចក្រ Y​&W​ បន្ត​​ការ​​តវ៉ា​​បិទ​​កំណាត់​ផ្លូវ២១៧​ ទាមទារ​​ឱ្យ​​មាន​​ដំណោះ​ស្រាយ​​វិវាទ​​ការងារ​​

កម្មករ​-កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Y&W ស្ថិតនៅ​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​និង​បិទផ្លូវ​លេខ២១៧ ទាមទារ​ដំណោះស្រាយ​ការងារ នៅ​ព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

កម្មករ-​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Y&W ស្ថិតនៅ​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ នៅ​ព្រឹក​នេះ បាន​បន្ត​ការ​តវ៉ា​បិទ​កំណាត់ផ្លូវ​លេខ២១៧ នៅមុខ​រោងចក្រ​ជាថ្មី ដេីម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រដោះស្រាយ​វិវាទ​ការងារ៣ចំណុចជូន​ពួក​គាត់។

អ្នកនាង ចាប់ ស្រីមុំ អះអាង​ជា​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ Y&W រយៈពេល៤ឆ្នាំ​មក​ហើយ មានប្រសាសន៍​ថា កម្មករ​-កម្មការិនី​រោង​ច្រក​នេះ​ជាង៥ពាន់​នាក់បាន​នាំគ្នា​ប្រមូល​ផ្តុំ​តវ៉ា​មុខ​រោងចក្រ ចាប់តាំងពី​ថ្ងៃម្សិលមិញ​មក ដោយសារតែ​ពួក​គាត់​មិន​ពេញចិត្តការដែល​ថៅកែ​រោងចក្រ ពន្យា​រពេល​ម្តង​ហើយ​ម្តង​ទៀត ដោយ​មិន​បើកប្រាក់​ដំណាច់​ឆ្នាំនិង​ប្រាក់៥ភាគរយដល់​កម្មករ។

អ្នកនាង​ថា៖ «កាលពីដើម​ឆ្នាំ២០២០ ដោយសារ​វិបត្តិ​កូ​វីដ ថៅកែ​សុំ​ពន្យា​រពេល​បើកប្រាក់​ដំណាច់​ឆ្នាំ ប្រាក់៥ភាគរយ ចំនួន៦ខែ។ ដល់ពេល​គ្រប់៦ខែ គាត់​សុំ​ពន្យារ​ពេល​ដល់​ខែ១ ឆ្នាំ២០២១នេះ​ទៀត​ គិតទៅ​វា​មួយឆ្នាំ​ហើយ ហើយ​ម្សិលមិញ គាត់​ថា​សុំ​ពន្យារ​ពេល៣ខែ​ទៀត ដល់​ខែ៣ អ៊ីចឹង​ហើយ​បាន​យើង​មិនសុខចិត្ត នាំគ្នា​តវ៉ា»។

អ្នកនាង ចាប់ ស្រីមុំ បន្ថែម​ថា ការ​ពន្យា​រពេល​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​បើកប្រាក់​ដំណាច់​ឆ្នាំនិង​ប្រាក់៥ភាគរយ​ដល់​កម្មករ​នេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ជីវភាព ដោយសារតែ​ពួក​គាត់​ចំណាយ​ច្រើន ទាំង​ថ្លៃ​ទឹក ភ្លើង បង់ថ្លៃ​សាលា​ឱ្យ​កូន និង​អ្នកខ្លះ​ជំពាក់បំណុល​ធនាគារ​ ជាដើម។

អ្នកស្រី សំ គា អាយុ៤២ឆ្នាំ ជា​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​នេះ បាន​បន្ថែម​ថា ការ​តវ៉ា​របស់​កម្មករ​រយៈពេល២ថ្ងៃ​មកនេះ និង​ឈាន​ដល់​បិទ​កំណាត់ផ្លូវ​លេខ២១៧ ធ្វើឡើង​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​វិវាទ​ការងារ​ចំនួន៣ចំណុច រួមមាន ទាមទារ​បើកប្រាក់​ដំណាច់​ឆ្នាំ ប្រាក់៥ភាគរយ និង​លុយ​ថ្ងៃ​បាយ​ថ្ងៃត្រង់។ 

វី​អូ​ឌី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​តំណាង​រោងចក្រ Y&W និង​មន្ត្រី​ក្រសួងការងារ ជុំវិញ​ការ​តវ៉ា​នេះ​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កាលពី​សប្តាហ៍​មុន ក៏​មានកម្ម​ករ​រោងចក្រ​ចំនួន២នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តពោធិ៍សាត់ បាន​នាំគ្នា​តវ៉ាទាមទារ​ឱ្យ​ភាគី​រោងចក្រ​បើកប្រាក់​អតីតភាព​ការងារជូន​ពួក​គាត់​ផង​ដែរ។ ក្រោយ​ការ​តវ៉ា ភាគី​រោងចក្រ​បាន​ដោះស្រាយនិង​សន្យា​បើកប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​នៅពេល​ដ៏​ឆាប់​ខាងមុខ ទើប​កម្មករ​នាំគ្នា​សម្រេច​ចូល​ធ្វើការ​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ