ក្រសួង​ការងារ​ឱ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​រំឭក​អតីត​ភាព​ការងារ​ជូន​កម្មករ​ ក្រោយ​មាន​ការ​​តវ៉ា​ជា​បន្ត​បន្ទាប់​

កម្មករ​-កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Y&W ស្ថិតនៅ​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​និង​បិទផ្លូវ​លេខ២១៧ ទាមទារ​ដំណោះស្រាយ​ការងារ នៅ​ព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បាន​ជូនដំណឹង​ដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវបើកប្រាក់រំឭកនិងប្រាក់ដំណាច់អតីតភាពការងារជូនកម្មករឡើងវិញ​ ក្រោយពីក្រុមកម្មករផ្ទុះការតវ៉ាជាបន្តបន្ទាប់នៅដើមឆ្នាំ២០២១នេះ។

កាលពី​សប្តាហ៍​មុននិងនៅសប្តាហ៍នេះ កម្ម​កររាប់ពាន់នាក់នៅរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ បានផ្ទុះការតវ៉ាដើម្បីទាមទារប្រាក់រំឭកប្រាក់ដំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត ក្រោយពីថៅកែរោងចក្រទាំងនោះ​ពន្យារពេលបើកប្រាក់អតីតភាពការងារ​ឱ្យពួកគេ។

ក្នុងសេចក្តីជូនដំណឹងចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងការងារបានប្រាប់ឱ្យម្ចាស់រោងចក្រសហគ្រាស​ទាំងអស់ ត្រូវចាប់​ផ្តើមអនុវត្តឡើងវិញក្នុង​ឆ្នាំ២០២១នេះ នូវ​ការ​​បើកប្រាក់រំឭកប្រាក់ដំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ប្រាក់ដំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ក្រោយ​ក្រសួង​ប្រកាសពន្យារពេលបើកកាលឆ្នាំមុន។

ក្រសួងការងារបញ្ជាក់ថា ប្រាក់រំឭកប្រាក់អតីតភាពការងារមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ដែលថៅកែនៅជំពាក់កម្មករនោះ ត្រូវបើកជូនកម្មករ​នៅឆ្នាំ២០២០ ដោយអនុវត្តទូរទាត់នៅក្នុងត្រីមាសទី១ និងត្រីមាសទី៣ ខណៈ​ប្រាក់រំឭកប្រាក់អតីតភាពការងារមានមុនឆ្នាំ២០១៩នេះដែរ ដែលត្រូវបើកក្នុង​​ឆ្នាំ២០២១ គឺត្រូវអនុវត្តទូរទាត់ជូនកម្មករក្នុងត្រីមាសទី២ និង​​ទី៤។

ចំពោះប្រាក់ដំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ ក្រសួងថា ថៅកែត្រូវទូរ​ទាត់ជូនកម្មករនៅក្នុងត្រីមាសទី១ និង​ទី៣ ហើយប្រាក់ដំណាច់អតីតភាពការងារក្នុងឆ្នាំ២០២១ ថៅកែត្រូវទូរទាត់ជូនក្នុងត្រីមាសទី២​ និង​ត្រីមាសទី៤។

តែយ៉ាងណា ក្រសួងថា កម្មករនិងថៅកែអាចចរចាគ្នាកំណត់នីតិវិធីនិងកាលបរិច្ឆេទជាក់លាក់នៃការទូរ​ទាត់ប្រាក់ដំណាច់អតីតភាពការងារទាំងនេះ ដោយស្របទៅតាមស្ថានភាពរោងចក្រ សហគ្រាស និងអាជីវកម្មរបស់​ខ្លួនបាន។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក​ ខេន លូ បានទេនៅថ្ងៃនេះ។

ពាក់ព័ន្ធប្រាក់រំឭកប្រាក់ដំណាច់អតីតភាពការងារនេះដែរ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយ&ដាប់បែលយូ ហ្គាមេន (Y&W GARMENT CO.,LTD) ស្ថិតនៅ​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានតវ៉ារហូតដល់មានការបិទកំណាត់​​ផ្លូវលេខ២១៧ ចំនួន២ថ្ងៃជាប់ៗគ្នា តាំងពីថ្ងៃ​ម្សិលមិញនិងថ្ងៃនេះ។

អ្នកនាង ចាប ស្រីមុំ អះអាងថា ​ជា​កម្មការិនី​ផ្នែកដេរធ្វើការងារ​នៅ​រោងចក្រ Y&W  រយៈពេល៤ឆ្នាំ បានប្រាប់វីអូឌី​នៅ​កន្លែងតវ៉ា​ថា ការដែល​កម្មករ​-កម្មការិនី​រោង​ច្រក​នេះ​ជាង៥ពាន់​នាក់បាន​នាំគ្នា​ប្រមូល​ផ្តុំ​តវ៉ា​មុខ​រោងចក្រ គឺ​​ដោយសារតែ​ពួក​គាត់​មិន​ពេញចិត្តចំពោះ​ថៅកែដែលពន្យា​រពេល​ម្តង​ហើយ​ម្តង​ទៀត ដោយ​មិន​បើក​ប្រាក់​ដំណាច់​ឆ្នាំ ​ប្រាក់៥ភាគរយដល់​កម្មករ និងអត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ។

អ្នកស្រីបន្ថែមថា៖ «ថៅកែគាត់រំលោភលើកម្មករណាស់ គាត់ជំពាក់កម្មករម្តងហើយម្តងទៀត។ គាត់អត់ចង់បើក​ឱ្យកម្មករនោះទេ គាត់យកលេសអញ្ចេះ យកលេសអញ្ចោះ។ ឆ្នាំ២០២០ គាត់យកលេសកូវីដ សុំពន្យារពេលដល់៦ខែ។ ៦ខែ កម្មករយល់ព្រម ដោយសារយោគ​យល់ នឹកឃើញថៅកែគាត់ខាត ក្រោយមកគាត់សុំលើកដល់១ឆ្នាំ [ពួកខ្ញុំ] ព្រមទៀត តែដល់ថ្ងៃដែលត្រូវបើកឱ្យពួកខ្ញុំ បែរជាគាត់អត់បើកឱ្យពួកខ្ញុំ»

កម្មការិនីផ្នែកដេរម្នាក់ទៀត អ្នកស្រី សំ គា អាយុ៤២ឆ្នាំ និយាយ​ថា ការ​ពន្យា​រពេល​ម្តង​ហើយ​ម្តង​ទៀតពីសំណាក់ភាគីរោងចក្រនេះ​ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ជីវភាពគ្រួសារ ដោយសារតែ​ពួក​គាត់ត្រូវការ​ចំណាយ​ច្រើន ទាំង​ថ្លៃ​ទឹក ភ្លើង បង់ថ្លៃ​សាលា​ឱ្យ​កូន និង​អ្នកខ្លះ​ជំពាក់បំណុល​ធនាគារ​ជាដើម។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអំពាវនាវដល់សម្តេច [នាយករដ្ឋមន្ត្រី] ជួយដោះស្រាយដល់ពួកខ្ញុំផង ក្នុងគ្រួសារកម្មករម្នាក់ៗជួបបញ្ហាលំបាកដូចតែខ្ញុំដែរ ត្រូវការលុយផ្ញើជូនម៉ែឪនៅស្រុក កូនរៀន ថ្លៃទឹកភ្លើង បន្ទប់ជួល ត្រូវការលុយ​បង់សងធនាគារ និងចាយវាយប្រចាំថ្ងៃ និយាយទៅកម្មករជួបការលំបាកច្រើនណាស់»

បើតាមអ្នកស្រី សំ គា ការតវ៉ារបស់ពួកគាត់កាលពីម្សិលមិញនេះ ក៏មានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចរយៈពេលខ្លីដែរ ដោយសមត្ថកិច្ចបានចាប់​ឃាត់ខ្លួន​កម្មករពីរនាក់ដាក់លើរថយន្ត និងមានស្ត្រីមានផ្ទៃពោះម្នាក់រងរបួស​ក្បាលដោយសារតែ​ការគប់ដុំថ្មដាក់គ្នារវាងអាជ្ញាធរនិងក្រុមកម្មករ។

អភិបាលរងខណ្ឌដង្កោ លោក ជ គឹមស៊ បានប្រាប់ចំពោះមុខកម្មករថា អាជ្ញាធរបានដោះលែងកម្មករពីរនាក់ដែលចាប់ខ្លួននោះវិញហើយកាលពីថ្ងៃ​ម្សិលមិញ។

ប្រធានរដ្ឋបាលរោងចក្រ (Y&W) អ្នកស្រី​ ជៀប ពេជ្យនារី មានប្រសាសន៍ថា រោងចក្រពិតជាបានជំពាក់ប្រាក់ដំណាច់អតីតភាពការងារមួយឆ្នាំ គឺឆ្នាំ២០២០។

អ្នកស្រីថា ការដែលថៅកែជំពាក់នោះ ដោយសារតែរោងចក្រមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺកូវីដ១៩ និង​​គ្រោះ​ទឹកជំនន់នា​ពេលកន្លងមក។ អ្នកស្រីបន្តថា ថៅកែគ្រោង​បើកប្រាក់ដំណាច់អតីតភាពការងារចំនួន​​ពាក់កណ្តាលជូនកម្មករនៅថ្ងៃទី៣០ ខែមករា និងពាក់កណ្តាលទៀតបើកជូននៅខែមេសា ឆ្នាំ២០២១នេះ ប៉ុន្តែក្រុមកម្មករមិនព្រម។

អ្នកស្រីបន្ថែមថា៖ «ខាងរោងចក្រថា បើកឱ្យគាត់កន្លះឆ្នាំ​ដោយបើកឱ្យនៅថ្ងៃទី៣០ ខែមករាហ្នឹង ប៉ុន្តែចំណុចដែលគាត់ទាមទារ គាត់បានទាមទារផ្សេងៗទៀត។ គាត់ទារ​បានមួយ គាត់ទារមួយទៀត ហើយមួយទៀត ពួកគាត់អត់មានអ្នកណាមួយជាជំហរមកដោះស្រាយទេ។ យើងតំណាងជាជំហរក្នុងការដោះស្រាយ ប៉ុន្តែពួកគាត់អត់ទេ។ ហើយភាគច្រើនកម្មករប្រុសដែលគាត់តវ៉ាហ្នឹង គាត់ប្រើគ្រឿងស្រវឹងច្រើន ហើយបានចូលមកដោះស្រាយ ដល់ពេលអ៊ីចឹងយើងពិបាកនិយាយគ្នាណាស់»

​ពាក់ព័ន្ធការតវ៉ារបស់​កម្មក​រ​រោងចក្រ Y&W នេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌីតាមតេឡេក្រាម (Telegram) ថា ការតវ៉ារបស់ក្រុមកម្មករចំនួន២ថ្ងៃនេះ គឺមានជនក្លែងបន្លំធ្វើជាកម្មករនិងបានបង្កហិង្សា ដែលលោកថា សមត្ថកិច្ចកំពុងតាមដាននិងវែករកមុខ។ លោកបន្តថា កម្មករដែលតវ៉ាមានប្រមាណជិត​១ ០០០នាក់​ប៉ុណ្ណោះ ក្នុងចំណោមកម្មករសរុបជាង៥ ០០០នាក់ ដែលសល់ពីនោះ ពួកគាត់នៅធ្វើការធម្មតា។

លោកបន្ថែមថា៖ «ដូច្នេះមិនមានអ្វីជាបញ្ហាទៀតទេ ពីព្រោះគ្រប់ភាគីដឹងនូវអ្វីដែលជាសិទ្ធិនិងយន្តការត្រូវដោះស្រាយ។ អ្នកណាធ្វើខុសច្បាប់ ទទួលខុសត្រូវ អ្នកមិនពាក់ព័ន្ធបំពេញការងារជាធម្មតា»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានស្នើ​ឱ្យក្រសួងការងារ និងថៅកែរោងចក្រ Y&W សម្របសម្រួលដោះស្រាយប្រាក់អតីតភាពការងារជូនកម្មករ ដើម្បីបញ្ចប់​បញ្ហានិងការតវ៉ារបស់ក្រុមកម្មករ។

លោកបន្ថែមថា៖ «ទី១ ក្រសួងការងារ ត្រូវចុះទៅឱ្យក្រុមហ៊ុនប្រើប្រាស់កិច្ចសន្យាឱ្យបានត្រឹមត្រូវ ហើយទី២ អនុវត្តបើកប្រាក់ហ្នឹងតាមប្រកាសថ្មីហ្នឹងទៅ បានតែម្តង»

ជាមួយគ្នានេះដែរ លោក អាត់ ធន់ ក៏បានបង្ហាញការ​​គាំទ្រចំពោះសេចក្តីជូនដំណឹង​របស់ក្រសួងការងារ​ ដែលតម្រូវឱ្យម្ចាស់រោងចក្រសហគ្រាសទូរ​ទាត់ប្រាក់រំឭកប្រាក់អតីតភាពការងារជូនកម្មករ ដោយពុំមានការពន្យារតទៅទៀតបែបនេះ។ លោកថា ប្រសិនបើបន្តពន្យា​​រពេលទៀត អាចនឹងធ្វើឱ្យកម្មកររោងចក្រផ្សេងៗផ្ទុះការតវ៉ា​បន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ