កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូ​វីដ​​ចំនួន​៥​នាក់​​បន្ថែម​​ទៀត​ និង​​មាន​​អ្នក​ជា​​សះ​ស្បើយ​៤​នាក់​

ពលករ​កម្ពុជា​បាន​ធ្វើដំណើរ​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាមរយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​-Oddar Meanchey provincial police​)

​ក្រសួងសុខាភិបាល រក​ឃើញ​ពលករ​ខ្មែរ​ចំនួន៤នាក់ និង​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក​ម្នាក់ទៀត បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​កើន​ដល់៤៥៣នាក់ គិត​មកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាលចេញផ្សាយ​នៅ​ថ្ងៃនេះ ឱ្យ​ដឹង​ថា ពលករ​ខ្មែរ៤នាក់ដែល​ទើប​មក​ពី​ប្រទស​ថៃ និង​រក​ឃើ​ញថា​បាន​ឆ្លង​កូ​វី​ដនោះ មាន​អាសយដ្ឋាន​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ស្វាយរៀង។ ពួក​គេ​បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី៦ ខែមករា និង​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ក្រៅពីនោះ ក្រសួង​ក៏បាន​រក​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់ទៀតដែល​ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក មកដល់​កម្ពុជា​នៅ​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ក៏​មាន​ឆ្លង​ជំ​ងឺកូ​វីដ១៩ដែរ។

ក្រសួង​បន្ត​ថា ចំពោះ​អ្នកធ្វើ​ដំណើរ​តាមយន្តហោះ​ជាមួយ​អ្នកជំងឺ​រូប​នេះ ចំនួន១០៧នាក់ ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កចំនួន១៤ថ្ងៃ នៅ​សណ្ឋាគារ មណ្ឌល​ចត្តាឡីស័​ក និង​នៅក្នុង​ស្ថានទូត​អាមេរិក​ចំនួន២នាក់ ក្នុង​រា​ជធានី​ភ្នំពេញ។

ក្រសួង​បន្ថែម​ថា នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏​មាន​ពលករ​ចំនួន៤នាក់ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ផង​ដែរ។ 

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន៤៥៣នាក់ ក្នុង​នោះ អ្នកព្យាបាល​ជាសះស្បើយ​ចំនួន៣៩៦នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ចំនួន៥៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ