តុលាការ​​កោះ​ហៅ​​អនុ​រដ្ឋ​​លេខា​ធិការ​២​រូប​​ទៅ​​សាក​សួរ​​លើ​​សំណុំ​រឿង​​ឆបោក​

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញដីកាកោះ​ហៅ​មន្ត្រី​ជាន់ខ្ពស់​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​ក្រសួង​យុត្តិធម៌ ​ចំនួន២រូប ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺនៅ​ចុងខែ​មករានិង​ដើមខែ​កុម្ភៈខាងមុខនេះ ពាក់ព័ន្ធ​នឹង​សំណុំរឿងឆបោក។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ដាច់ដោយឡែក​ពីគ្នា​ចំនួន២ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឌុច សុ​ខសារិ​ន ចុះ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បាន​បង្គាប់​ឱ្យ លោក ឆែម ពេត អនុរដ្ឋ​លេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ចូលខ្លួន​ទៅ​សាលាដំបូង នៅ​ថ្ងៃទី២៦ ខែមករា និង​លោក មាស សាវឿ​ន អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ចូលខ្លួន​នៅ​ថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ។

ក្នុង​ដី​កាដ​ដែល​បញ្ជាក់​ថា ការ​កោះហៅ​មន្ត្រី​ទាំង២រូបដើម្បី​សាកសួរ​នេះ ធ្វើឡើង​ក្រោយពី​មា​នប​ណ្តឹ​ងរ​បស់​ឈ្មោះ កាន រិទ្ធី ដែល​បាន​ប្តឹង​ពួក​គេ​ពី​បទ «ឆបោក» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ។ បើ​តាម​ដើមចោទនិង​ចុងចោទ បណ្តឹង​លើ​សំណុំរឿងឆបោកនេះ គឺ​ពាក់ព័ន្ធ​ករណី​ឆបោក​ទិញ​លក់​ដី​ទំហំ២ហិ​កតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

លោក ឆែម ពេត អនុរដ្ឋ​លេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី មានប្រសាសន៍​នៅ​ថ្ងៃពុធ​នេះ​ថា លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែមករា​នេះ តាម​ការ​បង្គាប់​របស់​តុលាការ ខណៈ​ដែល​លោក​អះអាង​ថា ពុំ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ឡើយ។

លោក​បាន​បញ្ជាក់​ថា៖ «ជា​រឿង​មិន​ពិត​ទេ ជា​ការចោទប្រកាន់​ខ្ញុំ​ទេ! ឈ្មោះ កាន រិទ្ធី [ដើម​បណ្តឹង​] គាត់​រក​ទិញ​ដី ហើយ​ឈ្មោះ មាស សាវឿ​ន គាត់​ថា គាត់​មាន​ដី​លក់»។ 

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​ក៏បាន​ប្រាប់​ [ទៅ​ឈ្មោះ កាន រិទ្ធី​] ថា មាស សាវឿ​ន គេ​មាន​ដី​លក់។ ហើយ​លោក រិទ្ធី គាត់​ចង់​ទិញ ហើយ​គាត់​ក៏បាន​ទៅ​ជួបគ្នា​ជាមួយ មាស សាវឿន ទៅ ហើយ​បាត់​រហូត​ទៅ រហូតដល់​មាន​ពាក្យ​បណ្តឹង​ហ្នឹង។ ដូច្នេះ​ការ​ឆបោក អត់​ពាក់ព័ន្ធ​ដល់​ខ្ញុំ​ទេ ខ្ញុំ​គ្រាន់តែ​ជា​អ្នកនាំ​អ្នកទិញនិង​អ្នកលក់ជួបគ្នា»។

លោក មាស សាវឿ​ន អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ដែរ​នោះ មិន​អាច​ទាក់ទង​សុំ​អត្ថា​ធិប្បាយ​បានទេ នៅ​ថ្ងៃពុធ​នេះ។

ចំណែកលោក កាន រិទ្ធី ជា​ដើម​បណ្តឹង និង​ជា​អតីត​អភិបាលរងខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា នៅ​អំឡុង​ខែសីហា ឆ្នាំ២០១៦ ឈ្មោះ ឆែម ពេត បាន​ណែនាំ​អូសទាញ​រូបលោកឱ្យ​ទិញ​ដី​មួយ​កន្លែងពីឈ្មោះ មាស សាវឿ​ន ដែល​ពេលនោះ រូបលោក​មិន​ស្គាល់​ថាលោក​ មាស សាវឿ​ន ជា​អ្នកណា​នោះ​ទេ។

លោក​បន្ត​ថា ដោយមាន​ការ​អូសទាញអស់​រយៈពេល​ប្រមាណ៣ខែពីសំណាក់​លោក ឆែម ពេត នៅ​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ លោក​ក៏បាន​សម្រេច​ទិញ​ដី​ដែល​មាន​ទំហំ ២០ ០០០ ម៉ែត្រការ៉េ (ស្មើ២ហិ​កតា​) នោះ ក្នុង​តម្លៃ ២០០ ដុល្លារក្នុង​មួយ​ម៉ែត្រការ៉េ។ លោក​អះអាង​ថា ក្នុង​ដំណើរការ​ទិញ​ដី​នោះ លោក​បាន​កក់​អស់​ចំនួន១សែន​ដុល្លារ ដើម្បី​ឱ្យ​ភាគី​ម្ខាងទៀតរត់ការ​ធ្វើ​ប្លង់។

លោក​បាន​បញ្ជាក់​ថា៖ «ពេល​គាត់​យក​លុយ១សែន​ដុល្លារ​ហ្នឹង​ទៅ គឺ​ទៅបាត់​រហូត​ទៅ​[…] លោក ​ឆែម ពេត គឺជា​អ្នក​លួងលោម​ឱ្យឈ្មោះ មាស សាវឿ​ន បោក​យើង ហើយ​វា​ធានាអះអាង​ថា វា​ជា​អ្នក​កាន់​ឯកសារ»។

យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានសម្រេច​ដាក់​ឱ្យលោក មាស សាវឿ​ន និងលោក ឆែម ពេត ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បញ្ចប់​បទល្មើស ឬបង្ការ​បទល្មើស​កុំឱ្យ​កើតជា​ថ្មី ដើម្បី​រារាំង​កុំឱ្យ​មាន​ការ​កៀប​សង្កត់​លើ​សាក្សីឬជនរងគ្រោះ ឬដើម្បី​ទប់ស្កាត់​ការ​ត្រូវរ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទនិង​អ្នកសមគំនិត។

ដី​កាដ​ដែល​បន្ត​ថា ការសម្រេច​នេះក៏​ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី និង​ដើម្បី​ធានា​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈកុំឱ្យ​មានការ​ច្របូកច្របល់​ដែល​បណ្តាល​មក​ពី​បទល្មើស​នេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ថ្លែង​ថា៖ «វា​ជា​រឿង​ធម្មតា​នៃ​ការអនុវត្ត​ច្បាប់ មិនថា​មន្ត្រី​រដ្ឋាភិបាលឬរាស្ត្រ​សាមញ្ញ​ធម្មតា នៅពេល​មានការ​ចោទប្រកាន់ គាត់​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ ហើយ​ធ្វើការ​ពារ​ខ្លួន​តាមផ្លូវ​ច្បាប់»។

លោក ​ជិន ម៉ា​លីន បាន​បន្ត​ថា រហូតដល់​ពេលនេះ មាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ចំនួនពីរ​រូប​ហើយ ក្នុង​នោះ​មានលោក មាស សាវឿ​ន អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ដែល​ត្រូវ​បាន​តុលាការចេញដីកា​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ចំនួន៤បទល្មើស ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​ប្រមាណ១ ០០០ហិ​កតា នៅ​ខេត្តមណ្ឌលគិរី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ