ពលរដ្ឋទាមទារឱ្យបង្ហាញគម្រោងពង្រីកអាងស្តុកទឹកស្អុយនៅបឹងទំពុន

សកម្មភាពអាជ្ញាធរឈូសឆាយ ពង្រីកស្ថានីយ៍ស្តុកទឹកស្អុយនៅក្នុងបឹងទំពុននៅថ្ងៃទី១៨ខែមករា ឆ្នាំ២០២១។ រូបពីប្រជាសហគមន៍

ពលរដ្ឋជិត៤០គ្រួសារក្នុងសង្កាត់បឹងទំពុន១ស្នើឲ្យអាជ្ញាធរបង្ហាញឱ្យបានច្បាស់លាស់ពីគម្រោងរៀបចំពង្រីកស្ថានីយ៍ស្តុកទឹកស្អុយ និងដោះស្រាយបញ្ហានានាដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅទីនោះ។​

ប្រជាពលរដ្ឋ៣៧គ្រួសារស់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យរាជធានីភ្នំពេញអំពាវនាវឲ្យអាជ្ញាធរផ្តល់ដំណឹងឲ្យបានជាក់លាក់ និងដោះស្រាយនូវរាល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍអាងស្តុកទឹកក្នុងសហគមន៍របស់ពួកគេនេះ។

អ្នកស្រី ស៊ុំ ចន្ថា ជាពលរដ្ឋររស់នៅក្នុងសហគមន៍ខាងលើរៀបរាប់ថា ជារឿងមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលអាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំសម្រេចពង្រីកបឹងស្តុកទឹកនេះ ។​​​ ប៉ុន្តែអ្វីដែលអ្នកស្រី និងពលរដ្ឋផ្សេងទៀតចង់បាននោះគឺការផ្តល់ជាព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាផ្តល់កិច្ចពិភាក្សារវាងពលរដ្ឋដែលមានដីនៅទីនោះជាមួយអាជ្ញាធរពាក់ព័ន្ធ និងផ្តល់ជាដំណោះស្រាយនូវផលប៉ះពាល់ផ្សេងៗទាក់ទងនឹងការអភិវឌ្ឍនោះ។

អ្នកស្រីបញ្ជាក់៖«គេអត់មានបានមកពិភាក្សារមួយឬក៏ជូនដំណឹងដល់ប្រជាជនដែលជាប្រជាពលរដ្ឋទាំង៣៨ គ្រួសារនឹង គេអត់មានជូនសោះ។​ ខ្ញុំចង់សំណូមពរឲ្យខាងអាជ្ញាធរគាត់ចង់ពង្រីកអីពង្រីកទៅ ដូចថាពួកខ្ញុំជាប្រជាពលរដ្ឋនឹងអត់មានអីទៅបង្ខៀបង្ខាំង(រារាំង)គេអត់ឲ្យពង្រីកទេ ប៉ុន្តែបើសិនជាពួកគាត់ធ្វើហើយប៉ះពាល់ដីប្រជាពលរដ្ឋ គាត់គួរតែជូនដំណឹង ឬក៏គាត់មានដំណោះស្រាយអីឲ្យប្រជាពលរដ្ឋចឹង»

ចំណែកពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី ប្រាជ្ញ ច័ន្ទសុមាលី លើកឡើងថា កាលពីប្រមាណជា២ខែមុនអាជ្ញាធរធ្លាប់បានហៅប្រជាពលរដ្ឋទាំង៣៧គ្រួសារនោះទៅសង្កាត់ដើម្បីធ្វើកំណត់ហេតុពីសំណូមពររបស់ពលរដ្ឋ។ អ្នកស្រីបន្តថា ចាប់ពីពេលនោះមកមិនឃើញមានការឆ្លើយតបអ្វីទាល់តែសោះនឹងសំណូមពរពលរដ្ឋទាល់តែសោះសូម្បីតែព័ត៌មានពីការសាងសង់នោះ លុះដល់ថ្ងៃព្រហសត្បិ៍ទី១៤ ខែមករានេះស្រាប់តែមានវត្តមានគ្រឿងចក្រដំំណើរការលើដីរបស់ពួកគាត់។

អ្នកស្រីថា៖« ក្រោយពីពួកខ្ញុំសំណូមពរទាំងអស់គ្នាជាង៣០គ្រួសារហ្នឹងហើយស្រាប់អត់មានឃើញឆ្លើយតបសំណូមពរខ្ញុំទេ ស្រាប់ដល់ថ្ងៃទី១៤ហ្នឹងស្រាប់ដាក់គ្រឿងចក្រដាក់ដីចាក់ចូលក្នុងដីរបស់ពួកខ្ញុំហ្មង អត់មានបានជូនដំណឹងអីខ្ញុំទេ។​ ដល់ពួកខ្ញុំផ្ទុះការតវ៉ាបានធ្វើថាជូនដំណឹងយូរហើយ យូរហើយពួកខ្ញុំអត់មានក្រដាសអីដល់ដៃពួកខ្ញុំមួយសន្លឹកទេ»

ពលរដ្ឋរូបនេះបន្ថែមថា អ្នកស្រីមិនរុញរានូវការអភិវឌ្ឍរបស់រដ្ឋាភិបាលទេគ្រាន់តែចង់ឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរដោះស្រាយជាសំណងនូវបញ្ហាដែលពលរដ្ឋកំពុងជួបប្រទះប៉ុណ្ណោះ។

អ្នកស្រី ច័ន្ទសុមាលី ថា ៖«ខ្ញុំអត់ឃាត់ទេអភិវឌ្ឍន៍យកទៅធ្វើអាងស្តុកទឹកសល់ដីប៉ុន្មានធ្វើជាបុរីធ្វើជាខុនដូឲ្យក្រុមហ៊ុនណាក៏ដោយក៏ខ្ញុំអត់ហាមឃាត់ដែរសំខាន់ដោះស្រាយឲ្យខ្ញុំ»

យោងតាមកិច្ចប្រជុំស្តីពីការដាក់វិធានការកែលម្អស្ថានីយ៍បូមទឹកបឹងទំពុនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃួង​ ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថារដ្ឋបាលរាជជានីភ្នំពេញមានផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីបន្ថែម ដោយស្ថានីយនេះទទួលរងនូវទឹកភ្លៀងជាច្រើន ដូច្នេះទាមទារឲ្យមានការអភិវឌ្ឍឡើងវិញដើម្បីមានសមត្ថភាពរំដោះទឹកបានលឿន។

អភិបាលរងខណ្ឌមានជ័យលោក ឡុង ណែត ជាអ្នកដឹកនាំកម្លាំងទៅរៀបចំពង្រីកស្ថានីយ៍ស្តុកទឹកនេះ មិនបកស្រាយទេដោយលោកបង្វែសំនួរឱ្យទៅសួរខាងសាលារាជធានីវិញ។​

លោក ឡុង ណែត៖«សួរទៅសាលាក្រុងបានដឹងច្បាស់​ ព្រោះគម្រោងហ្នឹងធ្លាប់មកពីសាលាក្រុង»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍លើការស្នើសុំ និងទាមទាររបស់ពលរដ្ឋទាំង៣៨ គ្រួសារនោះថា អាជ្ញាធរធ្លាប់បានជូនដំណឹងជាច្រើនសារមកហើយពីការពង្រីកស្ថានីយ៍ស្តុកទឹកបឹងទំពុននេះ។

លោកថា៖«មានការជូនដំណឹងមានការអីច្បាស់លាស់មិនដូចការលើកឡើងថាមិនបានជូនដំណឹងមិនបានជម្រាបមិនបានអីទេ យើងជូនដំណឹងច្រើនលើកច្រើនសារក្នុងនាមអាជ្ញាធររបស់យើង»។​

លោកបន្តទៀតថាការទាមទារសំណងរបស់ពលរដ្ឋមិនត្រឹមត្រូវទេ ព្រោះបឹងនោះជាទ្រព្យសម្បត្តិរបស់រដ្ឋមិនមែនជាកម្មសិទ្ធរបស់នរណាម្នាក់នោះទេ។ លោកបន្ថែមថា ដោយសារតែពេលកន្លងមករដ្ឋមិនទាន់មានតម្រូវការក្នុងការរៀបចំទីតាំងនោះទើបអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងនោះប្រើប្រាស់ ប៉ុន្តែឥឡូវនេះរដ្ឋត្រូវការធ្វើអាងស្តុកទឹកស្តារឡើងវិញដើម្បីជួយរំដោះការជន់លិចនៅតំបន់នោះនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

លោក ម៉េត មាសភក្តីមានប្រសាសន៍ថា៖«យើងកាន់កាប់លើទ្រព្យសម្បត្តិសាធារណៈ ចង់យូរប៉ុណ្ណាក៏ខុសច្បាប់ដែរ តែសំណាងហើយដែលគេមិនយកទោសទណ្ឌអី កន្លងមកដែលមិនទាន់មានតម្រូវការក្នុងការរៀបចំទីតាំងនឹងអីក៏យើងចេះតែបន្តការរស់នៅចឹង ប៉ុន្តែកុំយល់ឃើញថាវាជាការកាន់កាប់ដោយស្របច្បាប់»

ពលរដ្ឋរស់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យរាជធានីភ្នំពេញ អ្នកស្រី ស៊ុំ ចន្ថា បានបញ្ជាក់ថាប្រជាពលរដ្ឋក្នុងសហគមន៍របស់អ្នកស្រីបានប្រើប្រាស់ដីនោះដើម្បីធ្វើកសិកម្ម និងរស់នៅលើដីនោះតាំងពីឆ្នាំ១៩៧៩មក និងទទួលបានប័ណ្ណកម្មសិទ្ធតាំងពីឆ្នាំ១៩៩១។ អ្នកស្រីបន្ត ទើបតែរយៈពេលប្រមាណមួយខែមុននេះប៉ុណ្ណោះដែលសាលារាជធានីភ្នំពេញបានប្រកាសថាយកដីនោះដើម្បីអភិវឌ្ឍន៍៕

អត្ថបទដោយ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ