មន្រ្តី​​សិទ្ធិ​មនុស្ស​​ជំរុញ​​ឱ្យ​​ចាប់​​ជន​ល្មើស​​ដែល​​បាញ់​បោះ​​សេរី​​មក​​ផ្តន្ទា​​ទោស​​ដើម្បី​​លុប​បំបាត់​​វប្បធម៌​​និ​ទណ្ឌ​​ភាព​

ទីតាំងកើតហេតុដែលមន្ត្រីនគរបាល​ប៉ុស្តិ៍​កោះឧកញ៉ាតីម្នាក់បាញ់សម្លាប់បុរសម្នាក់ នៅចំណុចភូមិ ចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ១៨.៣០នាទី។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

​មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស​ដែល​ជា​អតីត​មន្រ្តី​យោធា​និង​សមត្ថកិច្ច​ដែល​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ មក​ផ្តន្ទា​ទោស​តាមច្បាប់​ ដើម្បី​កុំឱ្យ​វប្បធម៌​និ​ទណ្ឌ​ភាព​កើតមានឡើង ខណៈ​មន្រ្តី​អនុវត្ត​ច្បាប់​អះអាង​ថា ​សមត្ថកិច្ច​មិនដែល​បោះបង់​ការ​តាម​ចាប់ខ្លួន​ជនល្មើស​ណាមួយ​នោះ​ទេ។ 

ក្នុងរយៈពេល​ប្រហែល​មួយឆ្នាំ​ចុងក្រោយ​នេះ យ៉ាងហោចណាស់មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនរងគ្រោះ​ចំនួន៤ករណី ​ដែល​បង្កឡើង​ដោយ​អតីត​មន្រ្តី​នគរបាល​និង​យោធា បាន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ហើយ​ជនល្មើស​បាន​រត់គេច​ខ្លួន​រហូតមកដល់​សព្វថ្ងៃ​នេះ។ ជនរងគ្រោះ​ទាំងនោះរួមមាន និស្សិតពេទ្យ​ម្នាក់ឈ្មោះ ជុន ឌី​ណា ត្រូវ​គូ​ដណ្តឹង​ជាម​ន្ត្រី​យោធា​បាញ់សម្លាប់​ កាលពី​យប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ឌី​ជេ​ចាក់ភ្លេង​ម្នាក់ ត្រូវ​បាន​ជនសង្ស័យឈ្មោះ ដួង មុនី​រដ្ឋ ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ពាក់​ស័ក្តិ៤ បាញ់​ស្លាប់​លើ​តុ កាលពី​ថ្ងៃ៩ ខែមករា ឆ្នាំ២០២០។ 

ដោយឡែក​ កាលពី​យប់​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ លី ថា​រិយ ជា​អតីតមន្ត្រី​នគរបាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បាញ់សម្លាប់​ជាងកាត់សក់ឈ្មោះ សុខ សុ​កេន នៅ​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។ រី​ឯជនរងគ្រោះឈ្មោះ ពូន ប៊ុ​នស៊ី​ម ត្រូវ​បាន​ឈ្មោះ គៀត សុ​ផា​រ៉ែ​ន មាន​តួនាទី​ជាម​ន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃក្រសួងមហាផ្ទៃ បាញ់២គ្រាប់​សំដៅ​មក​ខ្លួន ប៉ុន្តែ​គ្រាប់​បាន​ផ្លា​តត្រូវ​ប្រអប់ជើង កាលពី​ថ្ងៃ៩ ខែធ្នូ ឆ្នាំ២០២០។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត ដែល​តាមដាន​ករណី​ឃាតកម្ម​នោះ បាន​អះអាង​ថា ករណី​បាញ់បោះ​ដោយសេរីកាលពី​ពេលកន្លងមក ភាគច្រើន​ជាម​ន្ត្រី​ប៉ូលិ​សនិង​យោធា​ជាដើម ប៉ុន្តែអាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ចាប់​ជនល្មើស​បាន​ខ្លះ និង​មួយចំនួន​ទៀតរត់គេច​ខ្លួន​រហូតមកដល់​សព្វថ្ងៃ​នេះ។ 

លោក សំអាត មាន​ជំនឿ​ថា បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ចង់​ស្រាវជ្រាវ​ចាប់​ជនល្មើស​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់ មិន​មានការ​លំបាក​នោះ​ទេ ព្រោះ​សមត្ថកិច្ចមាន​សមត្ថភាព​ច្រើន​ក្នុង​ការស្រាវជ្រាវនិង​តាម​ចាប់​ជនល្មើស។

លោក​លើក​ជាឧទាហរណ៍​ថា ​ដូចជា​រឿង​ឃាតកម្ម​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី កាលពី​ពេល​ថ្មី​ៗនេះ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ជនល្មើស​នៅក្នុង​ព្រៃនៃ​ខេត្តរតនគិរី ប៉ុន្តែ​ជនល្មើស​បាន​តដៃ​ជាមួយ​សមត្ថកិច្ច ទើបសម​ត្ថ​កិច្ច​បាញ់​ឱ្យ​ស្លាប់​នៅកន្លែង​កើតហេតុ។

បន្ថែម​ពីនេះ មន្ត្រី​សិទ្ធិមនុស្ស​រូប​នោះ អះអាង​ថា បើ​សិន​ជា​សមត្ថកិច្ច​មិន​ពង្រឹង​ការអនុវត្ត​ច្បាប់និង​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​មក​ផ្តន្ទា​ទោស​តាមច្បាប់​ទេ នឹង​ធ្វើ​ឱ្យ​វប្បធម៌​និ​ទណ្ឌ​ភាព​បន្ត​កើតមាន។

លោក​ អំ សំអាត ថ្លែង​ដូច្នេះ​ថា៖ «បើសិនជា​ការអនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​ទេ វប្បធម៌​ធម្មជាតិ​វា​នឹង​បន្ត​កើតឡើង កាលណា​មាន​និ​ទណ្ឌ​ភាព​កើតឡើង ការអនុវត្ត​ច្បាប់​មិន​អាច​ទៅ​រក​បញ្ហា​នីតិរដ្ឋ ឬក៏​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ក្នុង​សង្គម​ជាតិ​ដូចគ្នា​បានទេ»។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់សមា​គម​អាដ​ហុក លោក ស៊ឹង សែន​ករុណា កត់សម្គាល់​ថា ម​ន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធមួយ​ចំ​នួន​តែងតែ​យក​កាំភ្លើង​តាម​ខ្លួន​ទាំង​នៅ​ក្រៅ​ម៉ោង​ធ្វើការ។ លោក​ថា​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ឱ្យ​មន្ត្រី​ទាំងនោះ​ទុក​កាំភ្លើង​នៅកន្លែង​ធ្វើការ នៅពេល​ដែល​ពួក​គេ​ចេញពី​កន្លែង​ធ្វើការ​ត្រឡប់ទៅ​ផ្ទះ​វិញ ក៏​ជាផ្នែក​មួយ​ក្នុង​ការទប់ស្កាត់​មិន​ឱ្យ​មាន​បទល្មើស​កើតឡើង​ផង​ដែរ។

មួយវិញទៀត លោក​ថា នៅពេល​ដែល​បទល្មើស​មួយ​កើតឡើង​ ហើយ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់មិន​ចាត់វិធានការ​ច្បាប់​ទេ នោះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ទាំង​សុវត្ថិភាព និង​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម ​ជាដើម។

លោក​មានប្រសាសន៍​ថា៖ «កាលណា​មានការ​បាញ់បោះ​ទាំងអស់​ហ្នឹង សន្តិសុខ​សង្គម សណ្តាប់​ធ្នាប់​សង្គម ​វា​ទៅជា​អនាធិបតេយ្យ បើសិនជា​អ្នក​ទាំងអស់​ប្រើប្រាស់​នូវ​អាវុធ​ទាំងអស់​ហ្នឹង​ទៅ​បាញ់បោះ​នៅ​តាម​ទី​សាធារណៈ​ ពលរដ្ឋ​ក៏​មានការ​ភ័យខ្លាច​ដែរ»។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នកវិភាគ លោក ប៉ា ចន្ទរឿន សង្កេតឃើញ​ថា ដើមចម​ដែល​នាំ​ឱ្យ​អំពើ​ហិង្សា ជាពិសេស​ករណី​បាញ់សម្លាប់​ដែល​កើត​ចេញពី​ប្រភព​ជនល្មើស​ជាម​ន្ត្រី​កងរាជអាវុធហត្ថនិង​នគរបាល​នោះ ដោយសារ​កន្លងមក​ ការ​ជ្រើសរើស​មន្ត្រី​ទាំងនោះ​នៅ​មាន​ភាព​ធូររលុង រើស​តែ​អ្នកមាន​ភាព​ក្លាហាន ដោយ​មិនបាន​សិក្សា​ពី​អាកប្ប​កិរិយា​របស់​បុគ្គល​នោះ​ឱ្យ​បាន​ច្បាស់លាស់។

លោក​មានប្រសាសន៍​បន្ត​ថា៖ «បើសិនជា​យើង​មិន​យកចិត្ត​ទុកដាក់​លើ​ចំណុច​ទាំងនេះ​ទេ នោះ​ស្ថានភាព​សុខ​សន្តិភាព​របស់​យើងមិន​អាច​រីក​ធំធាត់​ទៅមុខ​បានទេ»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ ប៉ុន្តែ​លោក​ថា គ្រាន់តែ​មាន​បុគ្គល​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ ដែល​ប្រើ​កាំភ្លើង​បាញ់សម្លាប់​មនុស្ស រួច​រត់គេច​ខ្លួន។ លោក​បន្ត​ថា​ រាល់​បទល្មើស​ដែល​កើតឡើង សមត្ថកិច្ច​តែងតែ​អនុវត្ត​តាមច្បាប់ ដោយ​មិន​ប្រកាន់​បក្ខ​ពួក​និយម​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ប៉ុន្មាន​រឿង​ដែល​ប្អូន​និយាយ យើង​មានមុខ​សញ្ញា​ហើយ យើង​មាន​តម្រុយ​ហើយ ក៏ប៉ុន្តែ​សំខាន់​មុខសញ្ញា​ហ្នឹង​វា​រត់គេច​ខ្លួន មិនមែន​យើង ​[សមត្ថកិច្ច​] មិន​រក​ទេ អ្នករក​គេ​ប្រឹងរក​ណាស់ បើសិនជា​រឿង​ហ្នឹង​ច្បាស់លាស់។ ថ្មី​ៗនេះ គេ​រក​ឃើញ​ដូចជា កម្លាំង​រាប់​រយ​នាក់​ព័ទ្ធ​ព្រៃភ្នំ ប៉ុន្មាន​ខេត្ត​ឯណោះ បើ​ដឹង ​យើង​មិន​ឱ្យ​រត់​រួច​ទេ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា បើសិនជា​ជនល្មើស​ដែល​ប្រព្រឹត្ត​ជា​សមត្ថកិច្ច ហើយ​ស្ថាប័នរដ្ឋ​មិន​មាន​វិធានការ​លើ​ជនល្មើស​នោះ​មែន ទើប​នាំ​ឱ្យ​មានអំពើ​និ​ទណ្ឌ​ភាព។ លោក​បន្ត​ថា ​កន្លងមក ​ស្ថាប័នរដ្ឋ​តែងតែ​អនុវត្ត​តាមច្បាប់​ដោយ​ស្មើភាព​គ្នា និង​មិនដែល​ឱ្យ​ជនល្មើស​រួចខ្លួន​នោះ​ទេ ​បើ​ទោះជា​ជនល្មើស​ជាម​ន្ត្រី​សមត្ថកិច្ច​ក៏ដោយ។

លោក​មានប្រសាសន៍​ថា៖ «ដំណើរការ​នីតិវិធី​តុលាការ មានការ​ស៊ើបសួរ មានការ​ចោទប្រកាន់ ប៉ុន្តែ​ជន​ដៃដល់​រត់គេច​ខ្លួន ហើយ​ចាប់​មិនទាន់​បាន វា​មិនមែន​ជា​ករណី​និ​ទណ្ឌ​ភាព​ទេ ប៉ុន្តែ​សំណុំរឿង​ទាំងអស់​ហ្នឹងសុទ្ធតែ​សមត្ថកិច្ច​កំពុង​ចាត់ការ ប៉ុន្តែ​គ្រាន់តែ​ជន​ដៃដល់​រត់គេច​ខ្លួន​បាត់»។

លោក​មេធាវី សុក សំ​អឿន ពន្យល់​តាម​នីតិវិធី​ច្បាប់​ថា ឃាតករ​ដែល​បាញ់សម្លាប់​ជនរងគ្រោះ អាច​ប្រឈម​នឹង​បទល្មើស ដូចជា ឃាតកម្ម​គិតទុកជាមុន ឬបទ​ល្មើស​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ អាស្រ័យ​លើស​កម្ម​ភាព​របស់​ជនល្មើស​ប្រព្រឹត្ត។

ទោះជាយ៉ាងណា មេធាវី​រូប​នោះផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​បាញ់បោះ​សេរី​នោះឱ្យ​មាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​ស្ថាប័នរដ្ឋ​ពង្រឹង​ការ​ហ្វឹកហ្វឺន​ដល់​មន្ត្រី​របស់​ខ្លួន​ឱ្យ​យល់ដឹង​ពី​ច្បាប់និង​ក្រមសីលធម៌​ក្នុង​ការប្រើ​ប្រាស់​អាវុធ​ជាតិផ្ទុះ​ ជាដើម។

លោក​ផ្តល់​ជា​អនុសាសន៍​ដូចនេះ​ថា៖ «បើសិនជា​យើង​ជា​អ្នក​ដែល​កាន់​អាវុធ មានការ​ហ្វឹកហ្វឺន​គ្រប់គ្រាន់ ដឹងច្បាប់​គ្រប់គ្រង​អាវុធ វា​នឹង​កាត់បន្ថយ មិនមែន​មាន​អ្វី​កើតឡើង​ចេះតែ​បាញ់​នោះ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ