ក្រសួង​​កសិកម្ម​​សុំ​​គោល​ការណ៍​​ពី​​នាយក​​រដ្ឋ​មន្ត្រី​ ដើម្បី​​ចាត់​ការ​​អ្នក​​រំលោភ​​យក​​ដី​​រដ្ឋ​​នៅ​​មណ្ឌល​គិរី​​

ដីតំបន់ភ្នំនៅស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ (ផ្ដល់ឱ្យ)

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្នើសុំ​គោលការណ៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ចាត់វិធានការ​ទៅលើ​អ្នកឃុបឃិត​រំលោភ​យក​ដី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន២ នៅ​ស្រុក​អូររាំង និង​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រសួង​កសិកម្ម បាន​ជម្រាបទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថាដី​រាប់ពាន់​ហិ​កតា​របស់​ក្រុមហ៊ុន​ វូ​ជី​សាន អិល​អេស គ្រុប​ខូល​ធី​ឌី និង​ក្រុមហ៊ុន ហួរ លីង អ៊ិ​នធើ​ណេ​សិន​ណល អ៊ី​នសឺ​រេន ដែល​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ២០០៥ និង២០១០ ដើម្បី​វិនិយោគ​ដាំ​ដើម​ស្រល់ នៅ​ស្រុក​អូររាំង និង​ក្រុងសែនមនោរម្យ ត្រូវ​បាន​រំលោភ​យក​កាន់កាប់​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ។

លិខិត​ដដែល​នោះឱ្យ​ដឹង​ថា ក្នុងចំណោម​ដី​ដែល​រង​ការរំលោភ​កាន់កាប់​នោះ ក៏​មាន​ទីតាំង​ខ្លះ មានការ​បញ្ជាក់​ទិញ​-លក់​ដី ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន ហើយ​កន្លែង​ខ្លះទៀតមាន​ទាំង​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង។

ក្រសួង​កសិកម្ម បន្ថែម​ទៀត​ថា ផ្ទៃដី​ព្រៃ​ធម្មជាតិនិង​ព្រៃឈើ​ស្រល់​របស់​រដ្ឋដែល​បាន​រក្សាទុក ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងពីរ​នោះ ក៏​រង​ការ​កាប់​ទន្ទ្រាន​ដីនិង​ហ៊ុម​របង​ព័ទ្ធ​យក​ធ្វើជា​កម្ម​សិទ្ធិ​ផង​ដែរ ដោយ​ទីតាំង​ខ្លះមានដល់​ទៅ​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​កាន់កាប់​ទៀតផង។

ក្រសួង​កសិកម្ម បាន​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការអនុញ្ញាតក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​មួយចំនួន ក្នុង​នោះ​រួមមាន ឱ្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយ​ណាដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ​-ឃុំ​-ស្រុកនិង​ខេត្ត ហើយ​ត្រូវ​ដកហូត​ដី​ទាំងនោះ​មក​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ។ 

ក្រសួង​កសិកម្ម ក៏​ស្នើ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​ ការ​បំប្លែង​ដី​រដ្ឋ​ខុសច្បាប់ និង​បញ្ហា​ផ្សេង​ៗទៀត។

បើ​យោង​តាម​លិខិត​ដែល​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បាន​ទទួល​កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​ឯកភាពតាម​ការ​ស្នើសុំ​របស់ក្រ​សួង​កសិកម្ម​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន សុំ​មិនទាន់ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ​ទេ ដោយ​រង់ចាំ​មានការ​ចេញ​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​សិន។

លោក​បាន​ថ្លែង​ថា៖ «ប្រសិនជា​ការ​ចេញ ស.ជ.ណ និង​មាន​បទបញ្ជា យើង​នឹង​អនុវត្ត​ហើយ ប៉ុន្តែ​ឥលូវ​រង់ចាំ​មើល​ការ​ចេញ ស.ជ.ណ សិន»។

វី​អូ​ឌី មិន​អាច​សុំ​ការឆ្លើយតប​ពីអ​ភិបាល​ខេត្តមណ្ឌលគិរី លោក ស្វាយ សំ​អៀង និង​លោក ​ជាក់ ម៉េ​ងហ៊ា​ង អភិបាលរងខេត្ត បានទេ ​នៅ​ថ្ងៃនេះ។

ប្រធានមន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្តមណ្ឌលគិរី លោក ម៉ៅ ចំរើន មានប្រសាសន៍​ថា ​លោក​មិនបាន​ដឹង​ថា​មាន​ករណី​រំលោភ​ដី​រដ្ឋ​និង​ក្លែង​ឯកសារ​នៅ​ស្រុក​អូររាំង​និង​ក្រុង​សែនមនោរម្យ​នោះ​ទេ។ 

លោក​បន្ថែម​ថា៖ «ខ្ញុំ​អត់​ដឹងរឿង​ហ្នឹង​ដែរ​ ទាល់តែ​យើង​ចុះ​ស្រាវជ្រាវ​មើល​សិន។ ពេល​ដែល​យើង​ចុះ​អនុវត្ត​ យើង​រក​ឃើញ​បែបហ្នឹង យើង​អនុវត្ត​តាម​ហ្នឹង​ទៅ»។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ប៉ែន ប៊ុ​ណ្ណា​រ៍ បាន​បង្ហាញ​ការ​គាំទ្រ​ក្រសួង​កសិកម្ម​ដែល​ទាមទារ​ឱ្យ​មាន​វិធានការ​ចំពោះ​អ្នកឃុបឃិត​រំលោភ​យក​ដី​រដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ។

លោក​បន្ត​ថា នៅក្នុង​ខេត្ត​នេះ មាន​ករណី​រំលោភ​យក​ដី​រដ្ឋ​ជាច្រើន​ករណីដោយ​មន្ត្រី​មាន​លុយ​មានអំណាច ហើយ​រូបលោកនិង​ប្រជា​សហគមន៍ ក៏​ធ្លាប់​បាន​ប្តឹង​ករណី​រំលោភ​ដី​រដ្ឋនិង​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​លើ​ដី​ព្រៃ​ខុសច្បាប់ ទៅ​តុលាការ​ជាង១០បណ្តឹង​ផង​ដែរ។

លោក​បន្ថែម​ថា៖ «មួយ​រយៈ​ចុងក្រោយ​នេះ ផ្ទុះ​រឿង​ច្រើន​នៅ​ខេត្តមណ្ឌលគិរី ទាំង​ករណី​រំលោភ​យក​ដី​រដ្ឋ ទាំង​កាប់​ឈើ។ នេះ​ជា​រឿង​មួយ​ដែល​ត្រូវ​ដល់ពេល​ដែល​ត្រូវ​ចាត់វិធានការ ​[ករណី]បាត់បង់​ដី​រដ្ឋ។ អ្នក​ដែល​ប្រព្រឹត្ត​ត្រូវតែ​ប្រឈមមុខ​ជាមួយ​ច្បាប់ ត្រូវតែ​ផ្តន្ទា​ទោស​ទៅតាមច្បាប់ ដើម្បី​ឱ្យ​សង្គម​មួយ​មានការ​គោរពច្បាប់ និង​មិន​បន្ត​ឱ្យ​មានអំពើ​ពុករលួយ»។

កាលពី​ខែកុម្ភៈ ឆ្នាំ២០២០ ប្រជា​សហគមន៍​នៅ​ស្រុក​អូររាំង និង​មន្ត្រី​សិទ្ធិមនុស្ស បាន​ប្តឹង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន​នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ទៅ​សាលាដំបូង​ខេត្ត ដោយ​ចោទ​ថា អាជ្ញាធរ​ទាំងនោះ​បាន​កាប់​រាននិង​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ