ពលរដ្ឋ​​ជិត​៤០​គ្រួសារ​​នៅ​​បឹង​ទំពុន​​ទាមទារ​​សំណង​​មុន​នឹង​​យក​​ទីតាំង​​ពួក​​គេ​​រស់​នៅ​​ឱ្យ​​ក្រុម​ហ៊ុន​​អភិ​វឌ្ឍ

​ប្រជាពលរដ្ឋ​ប្រហែល៤០នាក់ តំណាង​ឱ្យ៣៨គ្រួសារ ដែល​មាន​ដី​ស្ថិត​ក្នុង​ភូមិ​សន្សំ​កុសល​ទី២ និង​ទី៦ សង្កាត់​បឹងទំពុន​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​បន្ត​ការ​តវ៉ាទាមទារ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង ខណៈ​ក្រុមហ៊ុន​ចាក់​ដី​រំលោភ​លើ​ដីធ្លី​របស់​ពួក​គេ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

​ប្រជាពលរដ្ឋ​ប្រហែល៤០នាក់ តំណាង​ឱ្យ៣៨គ្រួសារ ដែល​មាន​ដី​ស្ថិត​ក្នុង​ភូមិ​សន្សំ​កុសល​ទី២និង​ទី៦ សង្កាត់​បឹងទំពុន​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​បន្ត​ការ​តវ៉ា​ជាថ្មី​ទៀត នៅ​ថ្ងៃអង្គារ​នេះ ដើម្បី​ទាមទារ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង ខណៈ​ក្រុមហ៊ុន​ចាក់​ដី​រំលោភ​លើ​ដីធ្លី​របស់​ពួក​គេ។

លោក គឹម ជីវ៉ា ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​បឹងទំពុន​ទី១ ប្រាប់​អ្នកសារព័ត៌មាន​កន្លែង​តវ៉ា​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​យក​ដី១២,៩ហិ​កតា​របស់​ប្រជាពលរដ្ឋ៣៨គ្រួសារ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ធ្វើការ​អភិវឌ្ឍ​ដោយ​មិនបាន​ដោះស្រាយ​សំណង​សមរម្យ​ជូន​ពួក​គេ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាន​ចូល​ទៅកាន់​កាប់និង​រស់នៅ​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ​ជាបន្តបន្ទាប់ តាំងពី​ឆ្នាំ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ដោយមាន​ការ​ទទួលស្គាល់និង​បញ្ជាក់​ការ​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។

លោក​បន្ថែម​ថា៖ «ពួក​ខ្ញុំ​មិនមែន​ជា​អ្នកកាន់កាប់​ឬទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​នោះ​ទេ។ ពួក​ខ្ញុំ​មាន​លិខិត​កាន់កាប់​ស្របច្បាប់​ ដោយ​ទទួល​ដោយ​លោក​ចៅសង្កាត់ ឯកសារ​មាន​តាំងពី​ឆ្នាំ១៩៨០ជាង​រហូតដល់២០២០ជាង​ក៏​មាន​ ដែល​ទទួលស្គាល់​ដោយ​អភិបាលខណ្ឌ​ក៏​មាន។ ពួក​ខ្ញុំ​មាន​ទាំង​លិខិត​បង់ពន្ធ​អចលនវត្ថុ​ប្រចាំឆ្នាំ​ក៏​មាន ប៉ុន្តែ​ពេលនេះ​បែរ​អាជ្ញាធរ​ចោទ​ថា ពួក​ខ្ញុំ​កាន់កាប់​ឬទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​ទៅវិញ»។

លោក​បន្ថែម​ថា ​អ្នកភូមិ​បាន​នាំគ្នា​តវ៉ា​តាំងពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រោយ​ក្រុមហ៊ុន​ឯកជន​មួយបាន​ប្រើ​គ្រឿងចក្រ​ទៅ​ឈូស​ឆាយនិង​ចាក់​ដីលើ​ដី​កំពុង​មាន​ទំនាស់ ហើយ​នៅ​ព្រឹក​នេះ ពួក​គាត់​មានបំណង​ទៅ​ធ្វើពិធី​អុជ​ធូប​បន់ស្រន់​នៅ​លើ​ដី​នោះ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌមានជ័យ រារាំង។ 

ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី ស៊ុម ចន្ថា អាយុ៦៣ឆ្នាំ និយាយ​ថា កន្លងមក អាជ្ញាធរ​ធ្លាប់​បាន​កាត់​ដី​របស់​គាត់​អស់៥០ម៉ែត្រ ដើម្បី​យក​ទៅ​អភិវឌ្ឍ​អាងស្តុកទឹក​បឹងទំពុន​នេះ ហើយ​កាលពី​ខែមករា ដើមឆ្នាំ​នេះ អាជ្ញាធរ​បន្ត​កាត់​ដី​របស់​ពលរដ្ឋ​ថែមទៀត ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្តនិង​ផ្ទុះ​ការ​តវ៉ា។ អ្នកស្រី​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​តាម​តម្លៃ​ទីផ្សារ មុននឹង​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ។

អ្នកស្រី​បន្ថែម​ថា៖ «ពួក​ខ្ញុំ​អត់​រារាំង​នឹង​ការ​អភិវឌ្ឍ​របស់​សាលាក្រុងនិង​ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​ពួក​យើង​សុំ​ឱ្យ​មានដំណោះស្រាយ​សមរម្យ​ទៅតាម​តម្លៃ​ទីផ្សារ​ជូន​ពួក​ខ្ញុំ ប៉ុន្តែ​ឥលូវ​ពួក​គាត់​មិនព្រម​ចេញ​មក​ជួប​ចរចា​រក​ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ​សោះ»។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អភិបាលរង​ខណ្ឌមានជ័យ លោក ឡុង ង៉ែត បដិសេធ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះ ខណៈ​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ ម៉េ​ត មាស​ភក្តី ពុំ​អាច​ទាក់ទង​បាន។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា កន្លងមក​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ជុំវិញ​បឹងទំពុន​នេះ​ទៅដល់​ក្រុមហ៊ុន​ជាច្រើន ដើម្បី​ធ្វើការ​អភិវឌ្ឍ។ លោក​ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពិចារណា​ឡើងវិញ ចំពោះ​ការ​ដោះស្រាយ​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ទាំង៣៨គ្រួសារដែល​រង​ផល​ប៉ះពាល់​ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។

លោក​បន្ត​ថា៖ «បើ​គាត់​រស់នៅនិង​កាន់កាប់​យូរឆ្នាំមកហើយ។ អាហ្នឹង​គួរតែ​មាន​ដំណោះស្រាយ​ណាមួយ​សមស្រប​សម្រាប់​ពួក​គាត់ ពីព្រោះ​អី​យើង​អាច​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​បាន ចុះ​ប្រជាពលរដ្ឋ​ម៉េច​មិន​គិតគូរ​អំពី​ផលប្រយោជន៍​របស់​គាត់ឱ្យ​បាន​សមស្រប ដែល​នេះ​ជា​កត្តា​មួយ​ចាំបាច់​ត្រូវតែ​គិតគូរ​និង​ពិចារណា​ទៅលើ​បញ្ហា​ទាំងអស់​នេះ ពីព្រោះ​ប្រសិនបើ​ដេញ​ពួក​គាត់​ដោយ​ពុំ​មាន​សំណង​ណាមួយ វា​ចៀស​មិន​ផុត​ទេអំពី​បញ្ហា​តវ៉ា​ទាមទារ​ដែ​លប​ង្កើ​តប​ញ្ហា​កាន់តែ​ស្មុគស្មាញ​ថែមទៀត»។

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០១៨ ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ចេញ​សេចក្តី​ជូនដំណឹង​មួយដោយ​សុំ​កាត់​ដី​បឹងទំពុន​ទំហំ៣៥ហិ​កតា ទៅ​ឱ្យ​ក្រុមហ៊ុន​ភ្នំពេញ ព្រី​ខាស ផ្លេន ធ្វើការ​អភិវឌ្ឍ​អាងស្តុកទឹក​បឹងទំពុន​តូច និង​បឹងទំពុន​ធំ ដោយ​ថា​ ដើម្បី​រក្សា​នូវ​តួនាទី​បឹង និង​រក្សា​បឹង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ។

សេចក្តី​ជូនដំណឹង​ដដែល​នេះ បានឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រក្សា​ផ្ទៃ​បឹងទំពុន​តូច ដែល​មាន​ទំហំ​ប្រមាណ១២,៩ហិ​កតា​ដែល​នៅសល់ ដោយធ្វើ​ការ​ស្តារ​និង​រៀបចំ​បុក Sheet​-Pile ជុំវិញ​ធ្វើជា​ជញ្ជាំង​ ដើម្បី​ការពារ​កុំឱ្យ​មានការ​រំលោភបំពាន និង​រក្សាទុក​ជា​អាងស្តុកទឹក​សម្រាប់​ថ្ងៃ​អនាគត។

សេចក្តី​ជូនដំណឹង​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បញ្ជាក់​ទៀត​ថា ចំពោះ​ផ្ទៃ​បឹងទំពុន​ទាំងពីរដែល​ទទួលរង​ការរំលោភ​បំពាន​ពី​ប្រជាពលរដ្ឋ និង​ឈាន​ដល់​ការសាងសង់​ជា​សំណង់​រឹង​មាំ​យូរឆ្នាំហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​ប្រទានកម្ម​ជូន​ពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង ហើយ​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​ជាគោល​នយោបាយ​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់​ផ្ទៃ​អាង​ខុសច្បាប់​តាម​ស្ថានភាព​ជាក់ស្តែង ដោយ​ក្នុង​តម្លៃ២០ដុល្លារ​ទៅ៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ក្រោយមក​ នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ​មួយ​ស្តី​ពី​ការកំណត់​ផ្ទៃ​អាងស្តុកទឹក​បឹងទំពុន១២,៩ហិ​កតា ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ធ្វើ​អនុប្រយោគ​នូវ​ផ្ទៃ​បឹង​ទំហំ៣៥ហិ​កតា ទៅ​ក្រុមហ៊ុន ភ្នំពេញ ព្រី​ខាស ផ្លេន ធ្វើការ​អភិវឌ្ឍ​ទៅជា​តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅឋាន និង​សួន​បៃតង។ អនុក្រឹត្យ​ដដែល​នេះ​បញ្ជាក់​ថា រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់និង​ឯកសារ​ទិញ​លក់​កន្លងមក ​ត្រូវ​ទុកជាមោឃៈ។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែ​វិ​ច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​វាស់វែងនិង​កំណត់​ព្រំ​ដី​ក្នុង​ផ្ទៃ​បឹងទំពុន​ទំហំ៤៧,៩ហិ​កតា ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ។ ក្រោយ​វាស់វែង​រួច សាលា​រាជធានី​ភ្នំពេញ កាត់​ផ្ទៃដី​ទំហំ​៣៥ហិ​កតា ទៅ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ និង​នៅសល់១២,៩ហិ​កតា ទុកជា​សម្បត្តិ​រដ្ឋ​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ