កម្ពុជា​ស្នើ​សុំ​ជំនួយ​​វ៉ាក់សាំង​កូវីដ​១៩​ពី​ប្រទេស​ឥណ្ឌា​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា បាន​ស្នើ​សុំជំនួយ​វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ពីប្រទេសឥណ្ឌា ដោយសារ​​ឥណ្ឌាក៏ជាប្រទេសមួយដែលផលិត​វ៉ាក់សាំងប្រឆាំងជំងឺនេះដែរ។

ការស្នើនេះបានធ្វើឡើងនៅក្នុងជំនួបរវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា​ប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេស​ប៊ុកផ្លូវការរបស់លោកថា ក្នុងជំនួបនោះ លោកបាន​ស្នើ​តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទៅកាន់​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Damodardas Modi ដើម្បីសុំជំនួយ​វ៉ាក់សាំងចាក់ការពារជំងឺកូវីដ​១៩ពីប្រទេសឥណ្ឌា ព្រោះប្រទេសនេះផលិតវ៉ាក់សាំងកូវីដ១៩បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋឥណ្ឌាជាង៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។

ប្រទេសឥណ្ឌា​ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅលើប្រជាពលរដ្ឋរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យម្សិលមិញ បាន​លើកឡើងក្នុងទំព័រហ្វេស​ប៊ុក​ដែរថា លោកនឹង​ចាក់វ៉ាក់សាំងដែលជាជំនួយរបស់​សាធារណរដ្ឋ​ចិនមុនគេ ក្រោយ​ពីចិនបានប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​លើកដំបូងចំនួន១លានដូស សម្រាប់​មនុស្ស៥០ម៉ឺននាក់​ ដល់កម្ពុជា ក្នុងពេលឆាប់ៗនេះ។

កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា រដ្ឋាភិបាលនឹងទទួល​យកជំនួយ​ឬទិញ​តែវ៉ាក់សាំង​ទាំងឡាយណាដែលទទួលស្គាល់ដោយ​អង្គការសុខភាពពិភពលោកប៉ុណ្ណោះ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាសំឡេង​កាលពីថ្ងៃទី១៥ ខែមករា ថា មកដល់ពេលនេះ អង្គការសុខភាពពិភពលោកមិនទាន់​ទទួលស្គាល់នូវវ៉ាក់សាំង​របស់ប្រទេស​ណាឬក្រុមហ៊ុនណា​មួយនោះទេ ខណៈប្រទេសជាច្រើនបាន​ប្រើប្រាស់រួចទៅហើយ​នូវ​វ៉ាក់សាំង​ប្រឆាំងវីរុសកូវី១៩ ក្នុងនោះក៏មានវ៉ាក់សាំងរបស់ចិននេះផងដែរ។

លោកបានថ្លែងថា៖ «អ្វីដែលជាភាពចាំបាច់របស់យើង ​យើងមិនអាចរង់ចាំបានទៀតនោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យ​ឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំងដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្ស​​​ដល់រាប់លាននាក់បានប្រើប្រាស់ និងមាន​​ប្រទេសមួយចំនួនទៀត រាប់ទាំងប្រទេស​ឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។

បើតាមក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩ សរុប​ចំនួន៤៣៩នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន​៣៨៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​នានាចំនួន៥៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ