លោកស្រីមូរ សុខហួរប្តេជ្ញារកមធ្យោបាយចូលទឹកដីកម្ពុជា

លោកស្រី មូរ សុខហួរ បង្ហាញសំបុត្រយន្តហោះ នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២១។ រូបពីហ្វេសប៊ុកលោកស្រី មូរ សុខហួរ

លោកស្រីមូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិប្តេជ្ញារកមធ្យោបាយធ្វើដំណើរចូលទឹកដីកម្ពុជាដើម្បីសង្គ្រោះប្រទេសជាតិ ខណៈមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា អតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិជាក្រុមឧទ្ទាមក្បត់ជាតិមិនអនុញ្ញាតឱ្យចូលក្នុងប្រទេសវិញទេ។​

លោកស្រី មូរ សុខហួរ ថ្លែងក្នុងវីដេអូឃ្លីបនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃនេះថា លោកស្រី និងសមាជិកគណបក្សសង្គ្រោះជាតិផ្សេងទៀត បានមកដល់ព្រលានយន្តហោះ ប៉ុន្តែបុគ្គលិកនៅព្រលានយន្តហោះនោះ មិនអនុញាតឱ្យពួកគាត់ឡើងយន្តហោះពីអាមេរិកទៅសិង្ហបុរី ដើម្បីត្រឡប់មកកម្ពុជាវិញនោះទេ ដោយសារ មិនមានទិដ្ឋកា ឬវីសា ពីរដ្ឋាភិបាលកម្ពុជា។

លោកស្រី មូរ សុខហួរ ថ្លែងថា ដើមចមដែលនាំឱ្យរូបគាត់និងសមាជិកផ្សេងទៀត ត្រឡប់មកកម្ពុជា ដោយសារតុលាការបានចេញដីកាកោះហៅពួកគាត់ឱ្យចូលបំភ្លឺនៅតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងដែលរដ្ឋាភិបាលចោទថា «ក្បត់ជាតិ»។

មេដឹកនាំអតីតបក្សប្រឆាំងរូបនោះ ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ផ្តល់ទិដ្ឋកា ឬវីសា ដល់ពួកគាត់ ដើម្បីឱ្យបានមកដល់កម្ពុជាតតាំងក្តីនៅសវនាការឱ្យមានតម្លាភាព និងយុត្តិធម៌។ លោកស្រីក៏បញ្ជាក់ជំហរមិនបោះបង់បំណងវិលត្រឡប់ចូលកម្ពុជាទេ។

លោកស្រីមូរ សុខហួរ៖«ថ្ងៃណឹងមិនបានថ្ងៃស្អែក ថ្ងៃស្អែកមិនបានថ្ងៃខាតស្អែក។ ខំទៅទៀតបងប្អូន ដូចការប្រឡងអីចឹង ប្រឡងទាល់តែជាប់ ចាស់បើមិនខំមិនជាប់ទេ។ កុំចប់ បើយើងថាចប់ត្រឹមណឹងយើងដូចយកទឹកដីឱ្យគេហើយ យកជាតិយើងឱ្យគេហើយ អត់ចប់បានទេ»។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនផ្តល់ទិដ្ឋកា ឬវីសាឱ្យអតីតមេដឹកនាំបក្សប្រឆាំងនោះទេ ដោយសារពួកគេប្រព្រឹត្តអំពើខុសច្បាប់។

លោកមានប្រសាសន៍ថា៖ «មិនជួយអន្តរាគមន៍ផ្តល់ទិដ្ឋកា ឬវីសា ឱ្យទេ ព្រោះពួកហ្នឹងក្រុមឧទ្ទាមក្រៅច្បាប់ រឿងអីរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាទៅជួយឱ្យក្រុមឧទ្ទាមក្រៅច្បាប់ចូលស្រុក ទុកឱ្យនៅក្រៅ[ប្រទេស]ហ្នឹងហើយ»

លោកស្រី មូរ សុខ​ហួរ ដែល​បាន​រស់នៅ​ឯក្រៅ​ប្រទេស ​ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​កាលពី​ចុងឆ្នាំ២០១៧នោះ បានប្រកាស​​ថា លោកស្រី​នឹង​វិល​ចូល​កម្ពុជា​វិញ​ ដើម្បី​ចូលរួម​សវនាការ​តាម​ដីកាកោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអតីតមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាង ១០០ នាក់ ដើម្បីបើកសវនាការជាពីរដំណាក់កាលគឺទី ១ នៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២១ និងលើកទី ២ នៅថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២១ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ