WWF និងក្រសួងបរិស្ថានបារម្ភពីការបាត់បង់សត្វព្រៃ

ប្រភេទសត្វព្រៃដែលកំពុងបាត់បង់នៅកម្ពុជា។ រូបពី WWF

របាយការណ៍​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​រួម​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​អង្គការ​អភិរក្ស​សត្វព្រៃ​( WWF) ក្នុង​ខេត្ត​មណ្ឌល​គិរី​បង្ហាញ​ថា​សត្វ​​ដែល​មាន​ក្រចកជើង​ចំពាម​ដូច​ជា​ទន្សោង ឈ្លូស និង​ជ្រូក​ព្រៃ​ក្នុង​ដែន​អភិរក្ស បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្នុង​របាយ​ការណ៍​ស្រាវជ្រាវដែល​មាន​ឈ្មោះ​ថា Population status of ungulates in the eastern plains landscape ចេញ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០ របស់​អង្គការ WWF និង​ក្រសួង​បរិស្ថាន ​បាន​ឱ្យ​ដឹង​ថា​ចំនួន​សត្វ​ទន្សោង ឈ្លូស និង​ជ្រូក​ព្រៃ បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​ការ​បរបាញ់ និង​ដាក់​អន្ទាក់​។

របាយការណ៍​នោះ​បាន​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ក្នុង​ដែល​ជម្រក​សត្វ​ព្រៃ​ចំនួន​២គឺ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក និង​ភ្នំព្រេច គេ​ឃើញ​មាន​វត្តមាន​សត្វ​ទន្សោង​ចំនួន​៨៥៦​ក្បាល ដែល​បាន​ធ្លាក់​ចុះ​៧២​ភាគ​រយ ខណៈ​សត្វ​ឈ្លូសឃើញ​មាន​តែ​ ៣ ៣៥០​ក្បាល ដែល​បាន​ធ្លាក់​ចុះ​៥២​ភាគ​រយ និង​សត្វ​ជ្រូក​ព្រៃ​មាន​ចំនួន​៤ ០១៧​ក្បាល​ដែលបាន​ធ្លាក់​ចុះ​ ១៨ភាគរយ ដោយ​ចំនួន​នៃ​ការ​ធ្លាក់​ចុះ​នេះ​គឺ​យក​ទៅ​​ធៀប​​នឹង​ឆ្នាំ​២០១០។

ក្រៅពី​សត្វ​ទាំង​៣​ខាង​លើ​សត្វ​ខ្ទីង រមាំង និង​ប្រើស​ គឺ​នៅ​សល់​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ​នេះ​។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ក្នុង​សន្នីសិទ​សារព័ត៌មាន​ក្នុង​ខេត្ត​មណ្ឌល​គិរី​នៅ​ថ្ងៃ​ទី​១៥ មករា ថា​ការ​ធ្លាក់​ចុះ​នេះ​បណ្ដាល​មក​ពី​ការ​បាត់​បង់​ជម្រក និង​ការ​ដាក់​អន្ទាក់​របស់​ព្រាន​ព្រៃ។

លោក​មាន​ប្រសាសន៍​ថា៖ « កាលពី​ឆ្នាំ​២០១០​អី​ យើង​ឃើញ​ថា​វត្ត​មាន​សត្វ​មាន​ច្រើន​ ក៏​ប៉ុន្ដែ​ចំនួន​អន្ទាក់​មាន​តិច​ទេ។ តែ​តាម​ការ​សិក្សា​មក​ឃើញ​ថា​ចំនួន​អន្ទាក់​នេះ​គឺ​មាន​ការ​កើន​ឡើង​ដែល​អន្ទាក់​នេះ​គឺ​ជា​បញ្ហាប្រឈម​សម្រាប់​ជីវ​ចម្រុះ​ ជា​ពិសេស​គឺ​សម្រាប់​សត្វព្រៃ » ។

ទោះ​ជា​យ៉ាងណា​លោក​ថា​ និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​សត្វ​ព្រៃ​នេះ​គឺ​ជា​និន្នា​សកល​ទៅ​ហើយ មិន​មែន​កើត​ឡើង​នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ លោក​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ឱ្យ​ចូល​រួម​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​​បង្កើន​ការ​អនុវត្តន៍​ច្បាប់​លើ​ជន​ល្មើស ដោះ​អន្ទាក់ និងបង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ទៅ​កាន់​ពលរដ្ឋ​ឱ្យ​បាន​កាន់​តែ​ច្រើនផង​ដែរ។ ​​

ប្រធាន​ផ្នែក​តាម​ដាន និង​ស្រាវជ្រាវ​ជីវ​ចម្រុះ​នៃ​អង្គការ​ WWF កញ្ញា Milou Groenenberg លើកឡើង​​ថា​ការ​ធ្លាក់​ចុះ​នៃ​សត្វ​ទាំង​នេះ​​ក្នុងព្រៃ​​អភិរក្ស​​វាបាន​គំរាម​កំហែង​ជា​ខ្លាំង​ដល់​ការ​អភិរក្ស​ ក៏ដូច​ជា​ការ​ថែ​រក្សា​សត្វ​ផ្សេង​ទៀត​ដែល​រស់​ដោយ​ការ​ស៊ីសាច់​ជា​អាហារ​មាន​ដូច​ជា​ខ្លា និង​ត្នាត​ជា​ដើម​។

កញ្ញា Milou មាន​ប្រសាសន៍​ថា៖ « អ៊ីចឹង​ដោយ​សារ​តែ​សត្វ​ទន្សោង​ជា​សត្វ​ប្រភេទ​ធំ​ហើយ​វា​ទន់​ខ្សោយ​ជា​ង​គេ​ វា​បាត់​បង់​មុន​គេ​ បន្ទាប់​មក​តាម​ដោយ​សត្វ​ធន់​ល្មមគឺ​សត្វ​ឈ្លូស​ហ្នឹង​ ហើយ​នឹង​សត្វ​ជ្រូកព្រៃ​ដែល​ធន់​ទ្រាំ​នឹង​ការ​ប្រែប្រួល​ខ្លួនជាង​គេ។ ដូច្នេះ​ប្រសិន​ជា​គំរូ​នៃ​ការ​ថយ​ចុះ​ហ្នឹង​នៅ​តែ​បន្ត​ថយ​ចុះទៀត​អ៊ីចឹង​អនាគត​ព្រៃ​របស់​យើង​គឺ​សល់​តែ​ព្រៃ​ទេ [គ្មាន​សត្វ​ព្រៃ​រស់​នៅ​ឡើយ​] » ។

នាយក​​អង្គការ​WWF ប្រចាំ​កម្ពុជា​លោក សេង ទៀក បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ និង​ជម្រុញ​ឱ្យ​មាន​វិធាន​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ឱ្យ​បាន​ ដើម្បី​ថែ​រក្សា និង​បង្កើន​ចំនួន​សត្វ​ទាំង​នេះ​ឡើង​វិញ​។

លោក​ឱ្យ​ជា​យោបល់​ថា​ ដើម្បី​អភិរក្ស និង​បង្កើន​ចំនួន​សត្វព្រៃ​ឡើង​វិញ​វា​ចាំ​បាច់​ត្រូវ​ការ​​គំនិត​ផ្ដួច​ផ្ដើម​លើ​ការ​ស្ដារ​ និង​រៀប​ចំ​ជា​ផែន​ការ​យុទ្ធសាស្ត្រ​ដោយ​មាន​ការ​ចូល​រួម​រវាង​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការ​ការពារ​សត្វព្រៃ​ពី​ពួកព្រាន និង​រក​លទ្ធភាព​​ដើម្បី​បង្កើន​សត្វ​ទាំង​នេះ​ឡើង​វិញផង​ដែរ។

លោកឱ្យ​ជា​យោបល់​ថា៖ « គំនិត​ផ្ដួច​ផ្ដើម​ជា​ច្រើន​លើ​ការ​ស្ដារ​ពូជ​សត្វ​ព្រៃ​ឡើង​វិញ​ និង​កំពុង​សិក្សា​ និង​រៀប​ចំ​ជា​ផែន​ការ​យុទ្ធសាស្ត្រ​ដោយ​មាន​មន្ត្រី​ជំនាញ​របស់​ក្រសួង​បរិស្ថាន​ និង​អ្នក​ជំនាញ​ការ​របស់​អង្គការ​ WWF ក្នុង​គោល​ដៅ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តំបន់​សត្វ​ព្រៃ​សំខាន់​ៗមួយ​ចំនួន​មិន​មាន​ការ​រំខាន​ដោយ​សកម្មភាព​របស់​មនុស្ស។ បង្កើន​យុទ្ធសាស្ត្រ​គ្រប់គ្រង​តំបន់​ទាំង​នោះ​ឱ្យ​បាន​តឹង​រ៉ឹង​បំផុត​ សិក្សា​ពី​លទ្ធភាព​នៃ​ការ​ចាប់​ និង​បង្កាត់​ពូជ​សត្វ​ក្នុង​ដែន​ធម្មជាតិ​ បញ្ឈប់​ទីផ្សារ​លក់​សត្វ​ព្រៃ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ និង​បង្កើន​ប្រព័ន្ធ​តាម​ដាន​ត្រួត​ពិនិត្យ​សត្វ​ព្រៃ​ និង​ការ​គំរាម​កំហែង​នានា។ ការ​រៀប​ចំ​នឹង​ការ​អភិវឌ្ឍផែន​ការ​ស្តារ​សត្វ​ព្រៃ​មួយ​ចំនួន​ត្រូវ​រៀប​ចំ​ឱ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ » ។

របាយការណ៍ស្ដីពី​ការ​អនុវត្តន៍​ការងា​រឆ្នាំ​២០១៩​ របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ បាន​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​មន្ទីរ​បាន​រៀប​ចំ​និង​ចង​ក្រង​សំណុំ​រឿង​បញ្ជូន​មនស្ស​ទៅ​តុលាការ​៤៩នាក់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​កាប់​ព្រៃ និង​បរបាញ់​សត្វ ហៅ​ពលរដ្ឋ​មក​ធ្វើ​កិច្ច​សន្យា​២៦០នាក់ និង​អប់​រំ​ណែ​នាំ​ប្រជាពល​រដ្ឋ​កុំ​ឱ្យ​បរបាញ់​ ដាក់អន្ទាក់​ ជួញ​ដូរ ឬបរិភោគ​សត្វ​ព្រៃ​ ប្រមាណ​២៩០នាក់។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​លោក កែវ សុភ៌គ មាន​ប្រសាសន៍​ប្រាប់​VOD ថា​ជា​ទូទៅ​ជន​ល្មើស​ដែល​ចូល​មក​ដាក់​អន្ទាក់ និង​ចាប់​សត្វ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក និង​­ភ្នំព្រេច​​មាន​តិច​ណាស់​ដែល​ជា​ពលរដ្ឋ​មណ្ឌល​គិរី​។ លោក​ថា​ភាគ​ច្រើន​នៃ​អ្នក​ចូល​មក​ដាក់​អន្ទាក់​ និង​ចាប់​សត្វ​ទាំង​នោះ​មក​ពី​ប្រទេស​វៀតណាម និង​ខេត្ត​ផ្សេង​ដែល​ជាប់​នឹង​ខេត្ត​រួម​មាន​ខេត្ត​រតនគិរី​ជា​ដើម។

លោក​បន្ថែម​ថា​ជាទូទៅ​មន្ទីរ​តែង​តែ​ឱ្យ​មន្ត្រី​ចុះ​ទៅ​ធ្វើ​ការអប់រំ​​ណែ​នាំពលរដ្ឋ​ដែល​រស់​នៅ​តាម​ដែន​ជម្រក​សត្វព្រៃពី​ផល​ប្រយោជន៍​នៃ​សត្វ​ព្រៃ ក៏​ដូច​ជា​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ដែល​បរបាញ់ ឬ​ដាក់​អន្ទាក់​ជាដើម​។ ក្រៅពី​នេះ​មន្ទីរក៏​បាន​​ទំនាក់​ទំនង​ជាមួយ​វិទ្យុជាតិ​ប្រចាំ​ខេត្ត​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ក្នុង​ខេត្ត​​បន្ថែមផង​ដែរ។

ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច និង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក នៃ​ខេត្ត​មណ្ឌល​គិរី មាន​ផ្ទៃ​ដី​សរុប​ប្រមាណ​ ៦ ០០០គីឡូម៉ែត្រ​ការ៉េ។ ដែន​ជម្រក​ទាំង​ពីរ​នេះ​ជា​ទីជម្រក​របស់​សត្វ​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ជា​សកល​ជា​ច្រើន​រាប់​ទាំង​សត្វ​ជិត​ផុត​ពូជ ដូច​ជា​ទន្សោង ដំរីអាស៊ី ក្រពើ​ភ្នំ​ដែល​សេស​សល់​ចុង​ក្រោយ​ក្នុង​ប្រទេស​ និង​សត្វ​ដែល​សល់​ចុង​ក្រោយ​នៅ​តំបន់​ឥណ្ឌូចិន​គឺ​ សត្វ​ខ្លារខិន​ផង​ដែរ។

ក្នុង​ឆ្នាំ​២០១០ ចំនួន​សត្វ​​ទន្សោងដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ​នេះ​មាន​ជាង​៣ពាន់​ក្បាល ឈ្លូស​មាន​ជិត​៧ពាន់​ក្បាល និង​សត្វ​ជ្រូក​ព្រៃ​មាន​ជិត​៥ពាន់​ក្បាល ការ​ហិន​ហោច​សត្វ​ទាំង​បី​ខាង​លើ​នេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជីវ​ចម្រុះ​ផ្សេង​ទៀត​ ដែល​នាំ​ធ្វើ​ឱ្យ​ស្រាវជ្រាវ​វាយ​តម្លៃ​ថា​នឹង​អាច​ធ្វើ​ឱ្យ​សត្វ​ផ្សេង​ទៀត​បាត់អស់​​ពី​ព្រៃ​​ប្រសិន​ជា​លែង​មាន​វត្តមាន​​ពួកវាទៀត​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ