កម្មករ​​រោង​ចក្រ​ យីង​ហ៊ី​ ចូល​​ធ្វើ​ការងារ​​វិញ ​ក្រោយ​​ថៅកែ​​សន្យា​​បើក​ប្រាក់​​អតីត​ភាព​​ឱ្យ​​ពួក​​គេ​​

កម្មករ-កម្មការិនីប្រហែល១ពាន់នាក់ បម្រើការងារ​នៅរោងចក្រ យីង​ហ៊ី ខេមបូឌា ហ្គាមេន ខូលអិលធីឌី (YING FE Cambodia GARMENT Co.,LTD) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូល​ផ្តុំគ្នាតវ៉ាមុខរោងចក្រ ដើម្បីទាមទារទៅថៅកែឱ្យបើកប្រាក់រំឭកអតីតភាពការ​ងារ​ជូន​ពួកគេ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ផ្ដល់ឱ្យដោយលោក ម៉ា ចិត្រា)

កម្មករ-​កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ យីង​ហ៊ី ខេម​បូ​ឌា ហ្គាមេ​ន ខូល​អិល​ធី​ឌី ​(YING FE Cambodia GARMENT Co​.,LTD​) ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចូល​បម្រើការ​ងារ​វិញនៅ​ព្រឹក​សុក្រ​នេះ ក្រោយ​ថៅកែ​សន្យា​បើកប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ។

កាលពី​ម្សិលមិញ​ កម្មករ​-កម្មការិនី​ប្រហែល១ពាន់​នាក់ ធ្វើការ​នៅក្នុង​រោងចក្រ យីង​ហ៊ី បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខ​រោងចក្រ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យ​បើកប្រាក់​រំឭកអតីតភាព​ការងារដែល​ពួក​គេ​អះអាង​ថា​ ថៅកែ​បាន​ជំពាក់​រយៈពេល១ឆ្នាំ​មក​ហើយ។

កម្មការិនី​ផ្នែក​ដេរ​ បម្រើការ​ងារ​នៅ​រោង​ចក្រ​ យីង​ហ៊ី អ្នកស្រី ឆេង សុ​ខឃឿន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា ក្រុម​កម្មករ​បាន​ចូល​ធ្វើការងារ​វិញ​ហើយ​នៅ​ព្រឹក​នេះ។ អ្នកស្រី​ថា ក្រោយ​តវ៉ា​ ភាគី​រោងចក្របាន​សន្យា​ថា ​នឹង​បើកប្រាក់​រំឭក​អតីតភាព​ការងារ​ចំនួន​ពាក់កណ្តាលនៅក្នុង​ខែកុម្ភៈ និង​បើក​ឱ្យ​ពាក់កណ្តាល​ទៀតនៅ​ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។

ប្រធាន​រដ្ឋបាល​រោង​ចក្រ​ យីង​ហ៊ី លោក លី ឌី មិន​អាច​ទាក់ទង​បានទេនៅ​ថ្ងៃនេះ។

ប៉ុន្តែ​លោក​បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​ថា មូលហេតុ​ដែល​ថៅកែ​មិន​អាច​ទូរ​ទាត់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​ជា​កញ្ចប់​បាន ដោយសារតែ​ខាង​រោងចក្រអនុវត្ត​ទៅតាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការងារ ដែល​អនុញ្ញាត​ឱ្យ​រោងចក្រ​អាច​ពន្យា​រពេល​បើកប្រាក់​អតីតភាព​ការងារដល់​ឆ្នាំ២០២២។

បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការងារ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្តី​ពី​វិធានការ​បន្ថែម​ជុំ​ទី៧ ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ស្ដារ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ១៩នោះ រដ្ឋាភិបាល​បានសម្រេច​បន្ត​អនុញ្ញាត​ឱ្យ​រោងចក្រ សហគ្រាស និង​អាជីវកម្ម​គ្រប់​វិស័យ ពន្យារ​ពេល​ទូរ​ទាត់​ប្រាក់​រំឭក​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ អតីតភាព​ការងារ​សម្រាប់​ឆ្នាំ២០២០និង​ឆ្នាំ២០២១ ទៅ​ធ្វើ​នៅ​ឆ្នាំ២០២២វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ