សង្គម​​ស៊ីវិល​​ស្នើ​​ដោះ​លែង​​សកម្ម​ជន​​បរិស្ថាន​៣​រូប​ ក្រោយ​​រដ្ឋ​​ដក​ហូត​​ផ្នែក​​ខ្លះ​​នៃ​​បឹង​​តា​មោក​​មក​វិញ​​

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ផ្នែក​សិទ្ធិមនុស្ស ទទូច​ឱ្យ​មានការ​ដោះលែង​សកម្មជន​បរិស្ថាន៣រូបដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ការពារ «​បឹង​តា​មោក» ឬ «បឹង​កប់​ស្រូវ» ក្រោយ​រដ្ឋាភិបាល​និរាករ​លើ​លិខិតស្នើ​សុំ​កាត់​ដី​បឹង​មួយ​នេះ​ជាបន្តបន្ទាប់។

កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​សកម្មជន​បរិស្ថាន​បី​រូប រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី និង​លោក ថុន រដ្ឋា ក្រោម​ការ​ចោទ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ពួក​គេ​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ដើរ​ថ្មើរជើង​ពី​វត្តភ្នំ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់ញត្តិ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក។

រដ្ឋាភិបាល​កាលពី​ថ្ងៃពុធ បាន​ចេញ​អនុក្រឹត្យ​សម្រេច​ដកហូត​ផ្ទៃ​បឹង​តា​មោក ចំនួន២០ហិ​កតា នៅ​សង្កាត់​គោករការ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ពី​បុគ្គល​ពីរ​រូបឈ្មោះ លន់ ហាក់ និង ឈុន ចាន់​ធី ត្រឡប់​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ។

កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាល​ក៏បាន​សម្រេច​និរាករ​លិខិតស្នើ​សុំ​កាត់​ផ្ទៃ​បឹង​តា​មោក​ប្រមាណ៣០ហិ​កតា ដែល​គ្រោង​សាងសង់​អគារ​រដ្ឋ​មួយចំនួន និង​សម្រេច​ដោះដូរ​ទីតាំង​ក្រសួង​និង​ស្ថាប័ន​មួយចំនួន​ផង​ដែរ។ 

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា លោកស្រី​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាលដែល​បាន​ចាត់​វិធានការណ៍​និរាករ​គម្រោង​អភិវឌ្ឍន៍​មួយចំនួននៅ​បឹង​តា​មោក​នេះ។ 

លោកស្រី​បាន​លើកឡើង​ថា៖ «ចំណាត់ការ​នេះជា​ចំណាត់ការ​ដែល​ត្រឹមត្រូវ និង​ជា​រឿង​ដែល​រដ្ឋាភិបាល​គួរតែ​ធ្វើ​តាំងពី​ដំបូង។ ក៏ប៉ុន្តែ​ការ​និរាករមាន​ចំនួន​តិចតួច​ណាស់ បើ​ប្រៀបធៀប​នឹង​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ចេញ​មក​ជាបន្តបន្ទាប់​កន្លងមក​នេះ នៃ​ការ​កាត់​ផ្ទៃដី​បឹង​តា​មោក​ជូន​ដល់​ស្ថាប័នរដ្ឋឬស្ថាប័នឯកជន គឺ​ជាង៨រយ​ហិក​តា​ឯណោះ»។ 

ស្រប​ពេល​គ្នា​នេះ​ដែរ លោកស្រី ចក់ សុភាព ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​បន្ត​​ឃុំខ្លួន​សកម្មជន​បរិស្ថាន៣រូប និង​ថា​ការ​ចាប់ខ្លួន​នេះ​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ។ ករណីនេះ លោកស្រី​បាន​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាលគួរ​ពិចារណា​ក្នុង​ការលើកលែង​ការចោទប្រកាន់​លើ​ពួក​គេ និង​គួរ​មានការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​សកម្ម​ក្នុង​កិច្ចការពារ​បរិស្ថាន។ 

លោកស្រី​ថា៖ «ពួក​គាត់ [សកម្មជន​បរិស្ថាន​] មិនបាន​ធ្វើអ្វី​ខុស​ក្រៅអំពី​ការ​បង្ហាញ​ការចាប់អារម្មណ៍ ការ​ខ្វាយខ្វល់​អំពី​ការ​ប៉ះពាល់​បរិស្ថាន។ ហើយ​ចំពោះ​ការចូលរួម​នេះ​ទៀតសោត ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិនិង​ច្បាប់អន្តរជាតិ ដែល​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ ហើយនិង​សូម្បី​ច្បាប់បរិស្ថានក៏​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ការពារ​ធនធាន​ធម្មជាតិ​ដែរ»។

ចំណែកលោក អំ សំអាត នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ បាន​លើកឡើង​ស្រដៀងគ្នា​ថា លោក​សាទរ​ចំពោះ​រដ្ឋាភិបាលដែល​សម្រេច​ដកហូត​​ផ្ទៃ​ដីបឹង​តា​មោក មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ ប៉ុន្តែ​លោក​នៅតែមាន​ក្តី​បារម្ភ​ថា ផ្ទៃ​បឹង​នេះអាច​មានការ​លុប​បន្ត​ទៀត ប្រសិនបើ​រដ្ឋាភិបាល​មិន​សិក្សា​ស្រាវជ្រាវ​ឱ្យ​ត្រឹមត្រូវ​អំពី​ផល​ប៉ះពាល់។

សម្រាប់​ការ​ចាប់ខ្លួននិង​បន្ត​ឃុំខ្លួន​សកម្មជន​បរិស្ថានដែល​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ការពារ​ផ្ទៃ​បឹង​តា​មោក​នោះ លោក​យល់ថា គឺជា​ការ «រំលោភសិទ្ធិ​សេរីភាព» រួម​ទាំង​ជា​ការ​គំរាម​គំ​ហែង​លើ​ពួក​គេ។ លោក​បន្ត​ថា តុលាការ​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ និង​ពិចារណា​ទម្លាក់​ចោល​បទចោទប្រកាន់ ព្រមទាំង​ដោះលែង​សកម្មជន​ទាំងនោះ​ឱ្យ​មានសេរីភាព​ឡើងវិញ។

លោក​ថា៖ «បញ្ហាការ​ពារ​ធនធាន​ធម្មជាតិឬបរិស្ថានជា​បញ្ហា​សង្គម បញ្ហា​យើង​ទាំងអស់គ្នា មិនមែន​ជា​របស់​បុគ្គល​ណាមួយ​នោះ​ទេ ហើយ​បើ​មាន​ក្រុម​យុវជន​មានការ​ចូលរួម ហើយ​មានការ​ឈឺឆ្អាល គួរតែ​មានការ​លើកទឹកចិត្ត​ក្នុង​ការចូលរួម​របស់​ពួក​គេ មិនមែន​ធ្វើការ​គំរាម​កំ​ហែងឬចាប់​ខ្លួន​ដោយ​ច្បាប់»។ 

លោក អា​ឡិច ហ្គន់​សា​ឡេស ដេ​វិ​តសុន (Alejandro Gonzalez Davidson​) ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ បាន​លើកឡើង​ថា ការ​និរាករគម្រោង​អភិវឌ្ឍន៍​បឹង​តា​មោក​នៃ​ផ្ទៃដី​មួយចំនួន​នេះ គ្រាន់តែ​ជា​ឆាកល្ខោន​ដើម្បី​បង្វែរ​ការរិះគន់​ជាច្រើន​ពី​ប្រជាពលរដ្ឋ បន្ទាប់ពី​មាន​ទឹកជំនន់​លិច​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។ 

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី ផាន មានប្រសាសន៍​ថា បើ​ទោះបីជា​មានការ​និរាករ​លើ​លិខិតស្នើ​សុំ​កាត់​ផ្ទៃ​បឹង និង​ការ​ដកហូត​ដី​បឹង​តា​មោក​មួយចំនួនមក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ក៏ដោយ ប៉ុន្តែ​ការ​ឃុំខ្លួន​អ្នក​ទាំង៣នោះ​នៅតែ​បន្ត ព្រោះ​តុលាការ​មាន​ភស្តុតាង​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ត្រឹមត្រូវ។ 

លោក​ថា៖ «បើសិនជាតុលាការ​ចៅក្រម​មើលឃើញ​ថា អង្គហេតុ​ហ្នឹង​មិន​ពាក់ព័ន្ធ​នឹង​ច្បាប់​ជាក់លាក់​ទេ តុលាការ​គេ​នឹង​ដោះលែង​ហើយ។ ដូច្នេះ​ គ្រាន់តែ​ជា​ការ​លើកឡើង​មួយ​ក្នុង​មនោសញ្ចេតនា ក៏ប៉ុន្តែ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល គេ​មិន​អាច​ធ្វើ​បានទេ ព្រោះ​ជា​អំណាច​របស់​តុលាការ​ឯករាជ្យ»។ 

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា ការ​ចាប់​យុវជន​ទាំង៣នាក់​នេះ ដោយសារតែ​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ និង​មិន​មាន​ពាក់ព័ន្ធ​នឹង​បឹង​តា​មោក​ទេ។

លោក​បាន​គូសបញ្ជាក់​ថា៖ «ការ​ចាប់ខ្លួន​ជា​ការ​ពាក់ព័ន្ធ​នឹង​បទ​បង្ក​ភាព​ចលាចល​ក្នុង​សង្គម ដែល​ច្បាប់​ចាត់ថាជា​បទល្មើស វា​មិន​ពាក់ព័ន្ធ​នឹង​បឹង​តា​មោក​ហ្នឹង​ទេ»៕

អត្ថបទ​ដោយ៖ ពក ខឺយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ