ខួប​១​ឆ្នាំ​​នៃ​​សវនា​ការ​​សំណុំ​រឿង​​លោក​ កឹម សុខា​ ក្រុម​​អ្នក​គាំ​ទ្រ​​ដាក់​ខ្លួន​​កាន់​តែ​​ឆ្ងាយ​​ពី​​ជីវភាព​​នយោ​បាយ​

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (សាញ់ ប៊ុនហឿន)

​ស្រុក​ព្រៃឈរ​ កំពង់ចាម​៖ នៅ​ឯឃុំ​គរ​ មាន​ចម្ងាយ​ប្រហែល១០គីឡូម៉ែត្រ​ពី​ផ្សារ​ព្រៃទទឹង ស្ថិត​ក្នុង​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក គង់ ប៊ុ​នឈឿន អតីត​មេឃុំ​ជាប់ឆ្នោត​មក​ពី​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ដឹកនាំ​ក្រុម​អ្នកគាំទ្រ​ដ៏​ធំ​សម្រាប់​ការ​ប្រមូលផ្ដុំ​ខាងនយោបាយ​នៅក្នុង​ការបោះឆ្នោត​កាលពី​ពេល​កន្លងមក ជជែក​អំពី​នយោបាយ​របស់​ប្រទេសជាតិ រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កោត​សរសើរ​គោលនយោបាយ​ដែល​ដាក់ចេញ​ដោយ​អតីតប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក កឹម សុខា ដែល​សព្វថ្ងៃ​នេះគឺជា​ប្រធាន​បក្ស​ប្រឆាំង​ដ៏​ធំជាង​គេ​ដែល​ត្រូវ​បាន​រំលាយ​ចោល។

សាលាឃុំ​គរ មាន​ចម្ងាយ​ប្រហែល១០គីឡូម៉ែត្រ​ពី​ផ្សារ​ព្រៃទទឹង ស្ថិត​ក្នុង​ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ (ហេង វិចិត្រ​)

ប៉ុន្តែបុរស​វ័យ៧៣ឆ្នាំ​រូប​នេះបាន​លាឈប់​ពី​ឆាកនយោបាយ​ហើយ ហើយ​និយាយតិច​តួច​ប៉ុណ្ណោះ​អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា បន្ទាប់ពី​គណបក្ស​ប្រឆាំង CNRP ត្រូវ​បាន​រំលាយ​ចោល​កាលពី​ចុងឆ្នាំ២០១៧ ហើយ​ប្រធាន​គណបក្ស លោក កឹម សុខា ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទ​ «ក្បត់ជាតិ» ត្រូវ​បាន​ហាមឃាត់​ធ្វើនយោបាយ​រយៈពេល៥ឆ្នាំ និង​ប្រឈមមុខនឹង​សវនាការ​មួយ​មិន​ច្បាស់លាស់​ដែល​មិនទាន់​ត្រូវ​បាន​កំណត់កាល​បរិច្ឆេទ​បើក​ការ​ជំនុំជម្រះ​ឡើងវិញ​នៅឡើយ​ទេ​ចាប់តាំងពី​ខែមីនា​ឆ្នាំមុន​មក។

បច្ចុប្បន្នេះ លោក ប៊ុ​នឈឿន បាន​ចំណាយពេល​ភាគច្រើន​របស់​គាត់​ផ្ដោត​ទៅលើ​ការ​ដាំដុះ​បន្លែ​នៅក្នុង​សួនច្បារ ស្ថិត​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក និង​ជួយ​ធ្វើ​នំបញ្ចុក​ភរិយា​របស់​លោក។ អតីត​មេឃុំ​រូប​នេះ​ប្រាប់​ថា លោក​នឹង​មិន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ដទៃទៀត​ឡើយ បើ​ទោះបីជា​លោក​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ដទៃទៀត​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ​ក្ដី។

និយាយ​មកកាន់​អ្នកយកព័ត៌មាន​ វី​អូ​ឌី កា​លពី​ដើម​សប្ដាហ៍​នេះ លោក ប៊ុ​នឈឿន ស្នើសុំ​មិន​និយាយ​អ្វី​ច្រើន​ទាក់ទង​នឹង​រឿង​នយោបាយ​ទៀត​ទេ ដោយ​ថា លោក​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល និង​តាមដាន​ពីសំណាក់​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ ចាប់តាំងពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​មក។

លោក ប៊ុ​នឈឿន ប្រាប់​ថា៖ «គេ​តាម គេ​មាន​ភ្នាក់ងារ​របស់​គេ​តាមពិនិត្យ​មើល​ យើង​បាត់​ពី​ផ្ទះឬនៅ​ផ្ទះ​អ៊ីចឹង។ ព្រួយ​ចេះតែ​ព្រួយ​ហើយ តែ​ជំហរ​ខ្ញុំ​នៅតែ​នឹង​ដដែល ​អត់មាន​គោលបំណង​ចង់ទៅ​ណា​ទៅ​ណី​ទៀត [ចេញទៅ​គណបក្ស​ផ្សេង​] ទេ»។

នៅក្នុង​ការបោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ២០១២កន្លងមក គណបក្ស​សិទ្ធិមនុស្ស​បាន​ឈ្នះ​អាសនៈ​ភាគច្រើន​នៅក្នុង​ឃុំ​គរ បើ​ធៀប​នឹង​អាសនៈ​ដែល​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​ទទួល​បាន ហើយ​លោក ប៊ុ​នឈឿន បាន​ក្លាយជា​មេដឹកនាំ​មូលដ្ឋាន​រហូតដល់​ការបោះឆ្នោត​ឃុំ​-សង្កាត់​ចុងក្រោយ​នៅ​ឆ្នាំ២០១៧ ដែល​នៅពេល​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កើត​ចេញពី​កា​រប្រ​បាច់​បញ្ចូល​គ្នា​រវាង HRP និង​គណបក្ស សម រង្ស៊ី នោះ បាន​ឈ្នះ​អាសនៈ​ភាគច្រើន​នៅ​ឃុំ​នេះ​ជាថ្មី​ម្ដងទៀត ប៉ុន្តែលោក ប៊ុ​នឈឿន ត្រូវ​បាន​ជ្រើសរើស​ធ្វើជា​ជំទប់​ទី១ ឱ្យ​ដឹកនាំ​មូលដ្ឋាន​មួយ​នេះ ​រួម​ជាមួយ​សហការី​របស់​លោក៥រូប​ទៀត​មក​ពី​គណបក្ស​ប្រឆាំង​តែមួយ។

សហការី​ម្នាក់​ក្នុងចំណោម​សហការី៤រូប​របស់​លោក ប៊ុ​នឈឿន ដែល​គ្រប់គ្រងនិង​ដឹកនាំ​មូលដ្ឋាន​ឃុំ​គរ​ពីឆ្នាំ២០១២រហូតដល់​មុន​ការបោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ២០១៧នោះ គឺ​លោក ហង់ ឆាយ ដែល​មិន​ត្រូវ​បាន​គណបក្ស CNRP ជ្រើសរើស​ឱ្យ​ចូល​ទៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​គរ​នោះ​ឡើយ បន្ទាប់ពី​ការបោះឆ្នោត​ឃុំ​-សង្កាត់​លើក​ចុងក្រោយ​នោះ។ បុរស​វ័យ៧៣ឆ្នាំ​រូប​នេះ ប្រាប់​ថា លោកបាន​ដកខ្លួន​ចេញពី​រឿង​នយោបាយ​អស់​រយៈពេល​ជាង៣ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​ការ​រំលាយ​គណបក្ស CNRP និង​ការ​ចាប់ខ្លួន​លោក កឹម សុខា មក។

នៅ​ឯលំនៅឋាន​របស់​លោក ​ស្ថិត​ក្នុង​ភូមិ​ដូន​ឡី​ ដែល​ជាផ្នែក​មួយ​នៃ​ដែនដី​រដ្ឋបាល​ឃុំ​គរ អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គរ​មក​ពី​គណបក្ស​សិទ្ធិមនុស្ស លោក ហង់ ឆាយ ប្រាប់​ថា គាត់​ឈប់​ធ្វើសកម្មភាព​នយោបាយ​ជាង៣ឆ្នាំ​មក​ហើយ ក្រោយពី​លោក កឹម សុខា ត្រូវ​ចាប់ខ្លួន និង​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហង់ ឆាយ ប្រាប់​ថា៖ «ពេល​ដែល​ខ្ញុំ​ប្រាកដខ្លួន​ខ្ញុំ​ថា​ឈប់​បន្ត​នយោបាយ​ហើយ​នោះ គឺ​ខ្ញុំ​លែង​រវល់​ហើយ ប៉ុន្តែខ្ញុំ​ចង់​ឃើញ​ប្រទេសជាតិ​រុងរឿង​សម្បូរសប្បាយ ដើម្បី​ឱ្យ​កូនចៅ​ស្រករក្រោយ​ហ្នឹង​សម្បូរសប្បាយ​ទៅ»។

លោក កង យ៉ាង អាយុ៥៨ឆ្នាំ គឺជា​សហការី​ម្នាក់ទៀត​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​សិទ្ធិមនុស្ស​ សម្រាប់​ការគ្រប់គ្រងនិង​ដឹកនាំ​ឃុំ​គរ​ នៅចន្លោះ​ឆ្នាំ២០១២ដល់​ឆ្នាំ២០១៧ផង​ដែរ។

ដូច​ទៅ​នឹង​សហការី​របស់​គាត់​ផង​ដែរ លោក កង យ៉ាង ប្រាប់​ថា លោក​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយក៏​មិនទាន់​សម្រេចចិត្ត​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេង​នៅឡើយ​ទេ។

លោក កង យ៉ាង និយាយ​ទៀត​ថា បច្ចុប្បន្ន ពលរដ្ឋ​នៅក្នុង​ឃុំ​នេះហាក់​មិន​ហ៊ាននិយាយ​រឿង​នយោបាយ​ជា​សាធា​រណៈទេ ដោយ​បារម្ភ​ពី​សុវត្ថិភាព។

លោក កង យ៉ាង ប្រាប់​ថា៖ «ខ្ញុំ​ចូលចិត្ត​ បាន​ជា​ខ្ញុំ​ទ្រាំ! គេ​ផ្សេង​ៗ គេ​ចេះតែ​មក ​[បញ្ចុះបញ្ចូល​] តែ​ខ្ញុំ​មិនទៅ​ណា​ទេ មិនទៅ​ណា ព្រោះថា ខ្ញុំ​អត់មាន​សង្ឃឹម គ្មាន​សង្ឃឹមថានឹង​ឈ្នះ​ឆ្នោត អាចយ​កជ័យ​ជម្នះបាន។ ពលរដ្ឋ​គាត់​មិន​ហ៊ាន​និយាយ​រឿង​នយោបាយ​ទេ។ ឥលូវគាត់​ខ្លាច​ព្រោះ​មានការ​ប្រកាន់​គណបក្ស»។

ខុសពី​មេដឹកនាំ​មូលដ្ឋាន៣រូប​ខាងលើ លោក យ៉ាវ ថូ អាយុ៥០ឆ្នាំ ដែល​រួមគ្នា​ដឹកនាំ​ឃុំ​គរ​នៅចន្លោះ​ឆ្នាំ២០១២ដល់​ឆ្នាំ២០១៧នោះ នៅតែ​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃុំ​នេះ​ដដែល បន្ទាប់ពី​លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយពី​គណបក្ស CNRP ត្រូវ​បាន​រំលាយ​នៅ​ចុងឆ្នាំ២០១៧។

ពាក់អាវ​យឺត​ដែល​មាន​ស្លាក​សញ្ញា​គណបក្សប្រជាជន​កម្ពុជា លោក យ៉ាវ ថូ សុំ​មិន​និយាយ​អ្វី​ច្រើន​អំពី​លោក កឹម សុខា ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​នោះ​ឡើយ ប៉ុន្តែលោក​បង្ហាញ​ការ​កោតសរសើរ​ទៅដល់​គោលនយោបាយ​របស់​គណបក្ស​នេះ​ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​ដោយ​លោក កឹម សុខា សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ឃុំ​-សង្កាត់​នៅ​ឆ្នាំ២០១២។

លោក យ៉ាវ ថូ អាយុ៥០ឆ្នាំ បច្ចុប្បន្ន​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃុំ​គរ​នៃ​គណបក្ស​កាន់អំណាច ថ្លែងប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​របស់​លោក​សព្វថ្ងៃ និង​រឿង​រ៉ាវ​ខ្លះ​ៗរបស់​លោក កឹម សុខា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ (ហេង វិចិត្រ​)

លោក យ៉ាវ ថូ ប្រាប់​ថា៖ «ជំនាន់​ហ្នឹង ខ្ញុំ​មើលឃើញ​គោលនយោបាយ​គាត់​ល្អ អាច​ជួយ​ប្រទេសជាតិ​បាន។ ខ្ញុំ​មើលទៅ​ទុកចិត្ត​គាត់​ដែរ។ ប៉ុន្តែ​កាល​ហ្នឹង​ ដឹង​ថា គាត់​មានប្រសាសន៍​មក​ល្អ​ៗណាស់​សម្រាប់​ប្រទេសជាតិ តែ​ឥលូវ​ខ្ញុំ​ភ្លេច​គោលនយោបាយ​ហ្នឹង​អស់ហើយ»។

ជា​ពលរដ្ឋ​មួយ​រូប​នៅក្នុង​ឃុំ​គរ លោក យ៉ង វិត អាយុ៦៣ឆ្នាំ និយាយ​ថា អ្នកភូមិ​ភាគ​ច្រើន​នៅក្នុង​ឃុំ​គរ បច្ចុប្បន្ន​នេះ មិន​ហ៊ាន​ជជែកគ្នា​រឿង​នយោបាយ​ទេ ដោយ​ថា ពួក​គេ​ទំនងជា​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ទោះជា​មិន​មានការ​យាយីឬរំខាន​ពី​អាជ្ញាធរ​ក៏ដោយ ដែល​លោក​ថា ខុសពី៣ឆ្នាំ​កន្លងទៅ។

លោក យ៉ង វិត អាយុ៦៣ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ឃុំ​គរ ថ្លែង​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​រស់នៅ​របស់​លោក​និង​ពលរដ្ឋ​ក្នុង​តំបន់​ទាក់ទង​នឹង​បញ្ហា​នយោបាយ​សព្វថ្ងៃ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ (ហេង វិចិត្រ​)

លោក យ៉ង វិត ប្រាប់​ថា៖ «ជួន​អី​អ្នក​ខ្លះ​ហ៊ាន​ៗដែរ តែ​ភាគច្រើន​មិន​ហ៊ាន។ មូលហេតុមក​ពី​ខាងម្ខាងដែលគេ​មានប្រៀប​ហ្នឹង ​គេ​គ្រប​សង្កត់​ខ្លាំង​ទៅ។ អ្នក​ដែល​និយាយ​ហ្នឹងត្រូវតែ​ញញើត ទោះបី​គេ​មិន​ធ្វើ​ម៉េច​ក៏ដោយ ក៏​ត្រូវតែ​ញញើត​អ៊ីចឹង​ដែរ»។

គិត​មកដល់​ត្រឹម​ថ្ងៃសុក្រ ទី១៥ ខែមករា​នេះ វា​គឺជា​ខួប១ឆ្នាំ​ដែល​សំណុំរឿង​«ក្បត់ជាតិ»ចោទប្រកាន់​ទៅលើ​លោក កឹម សុខា ត្រូវ​បាន​នាំ​យក​ទៅ​ជំនុំជម្រះ​ដោយសា​លា​ដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​ជាបន្តបន្ទាប់ មុននឹង​ដំណើរការ​ជំនុំជម្រះត្រូវ​បាន​ផ្អាក​ទៅវិញ​ចាប់តាំងពី​ពាក់កណ្ដាល​ខែមីនា​ឆ្នាំមុន ដោយសារតែ​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​កាន់តែ​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាលើកដំបូង​ កើត​លើ​បុរស​ជនជាតិ​ចិន​កាលពី​ចុងខែ​មករា​ឆ្នាំមុន ហើយ​គិត​ត្រឹម​ថ្ងៃម្សិលមិញ​នេះ មនុស្ស​ដល់ទៅ៤១១នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែអ្នកជំងឺ៣៧៧នាក់​ហើយត្រូវ​បាន​ព្យាបាល​ជាសះស្បើយនិង​ត្រូវ​បាន​អនុញ្ញាត​ចាកចេញ​ពី​មន្ទីរពេទ្យ ខណៈ​អ្នកជំងឺ៣៤នាក់​ទៀតកំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត។

លោក ចាន់ ចេន សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​ថា តុលាការ​មិនទាន់​ជូនដំណឹង​ពី​ការ​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​កូន​ក្តី​ឡើងវិញ​នៅឡើយ​ទេ ក្រោយពី​ក្រុម​មេធាវី​បាន​ដាក់​លិខិតស្នើ​សុំ​ចំនួន​ពីរ​លើក​រួចមក​ហើយ ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ។

បើ​តាម​លោក ចាន់ ចេន ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី ដើម្បី​ដាក់​លិខិតស្នើ​សុំ​ទៅ​តុលាការ​ម្តង​ទៀតឱ្យ​ពន្លឿន​ការ​ជំ​នុំ​ជម្រះ​សំណុំរឿង​នេះ ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ដក​បម្រាម ដូចជា​ ការ​បើក​ឱ្យ​ក្រសួង​អប់រំបើក​ដំណើរ​ឡើងវិញ​ ជាដើម។

មេធាវី​រូប​នេះអះអាង​ថា ការ​ពន្យារ​ពេល​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​មួយ​នេះ បាន​រំលោភសិទ្ធិ​កូន​ក្តី​ធ្ងន់ធ្ងរ បើ​ផ្អែក​ទៅលើ​ច្បាប់អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​ពី​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ។

លោក ចាន់ ចេន មានប្រសាសន៍​ថា៖ «ច្បាប់អន្តរជាតិ ជាពិសេស​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ ក៏ដូចជារដ្ឋធម្មនុញ្ញ​បាន​សរសេរ​យ៉ាង​ច្បាស់​ថា ជនជាប់ចោទឬកូន​ក្តី​ខ្ញុំ ត្រូវ​ទទួល​បានការ​ជំ​នុំ​ជម្រះ​ដោយ​យុត្តិធម៌និង​ឆាប់រហ័ស។ អ្វី​ដែល​អូស​បន្លាយ​គ្មាន​ការកំណត់ ជា​ការ​រំ​លោ​ភសិទ្ធិ និង​ប៉ះពាល់​ផលប្រយោជន៍​កូន​ក្តី​យ៉ាងធ្ងន់ធ្ងរ»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត ថ្លែង​ថា សំណុំរឿង​លោក កឹម សុខា នៅតែ​បន្ត​បាត់​សិទ្ធិ​ធ្វើនយោបាយនិង​ដំណើរ​ឆ្ពោះទៅ​ក្រៅប្រទេស បើ​ដំណើរការ​ក្តី​នៅតែ​បន្ត​អូស​បន្លាយ បើ​ទោះបី​លោក កឹម សុខា នៅពេល​នេះ​បាន​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ក៏ដោយ។

លោក​ផ្តល់​ជា​យោបល់​ថា ដើម្បី​លុបបំបាត់​ការរិះគន់​ថាចំណាត់ការ​ចាប់ខ្លួន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ជា​រឿង​នយោបាយ វា​គួរតែ​ពន្លឿន​នី​តិ​វិធីនិងផ្តល់​យុត្តិធម៌​ប្រកបដោយ​តម្លាភាព​ដល់​ជនជាប់ចោទ ដែល​អាច​ឱ្យ​សហគមន៍​ជាតិនិងអន្តរជាតិ​ជឿ​បាន។

លោក អំ សំអាត មានប្រសាសន៍​ថា៖ «បើសិនជា​នៅតែ​អ៊ីចឹង ទី១ ប្រឈម​នឹង​ការរិះគន់ ទី២ គេ​នៅតែ​ថារឿង​ខ្លះ​ជា​រឿង​នយោបាយ រឿង​ខ្លះ​ជា​រឿង​អនុវត្ត​ច្បាប់ ពីព្រោះបើ​ការអនុវត្ត​ច្បាប់ វា​ត្រូវ​ធ្វើ​ឱ្យ​មាន​តម្លាភាពនិង​ស្មើភាព​គ្នា»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ពន្យល់​ថា ករណី​លោក កឹម សុខា មិន​ចូលក្នុង​លក្ខ​ខណ្ឌយុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទេ ដោយ​ថា ​ក្រសួង​ផ្តោត​អាទិភាព​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​សម្រាប់​អ្នកជាប់ឃុំ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «លោក កឹម សុខា នេះ​ គាត់​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ គាត់​ដើរហើរ​ដោយសេរី គាត់​ជួប​ទាក់ទង​ជា​មួ​យសាច់ញាតិ ​មិត្ត​ភក្តិ អ្នកគាំទ្រ​ដោយសេរី អ៊ីចឹង ដូចជា​មិន​អាទិភាព​អី​ជាង​សំណុំរឿង​ព្រហ្មទណ្ឌ​ផ្សេងទៀត​ដែល​មាន​អ្នកជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ ដែល​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ពាក់ព័ន្ធ​ក្នុង​ពន្ធនាគារ​នេះ»។

ភាព​មិន​ច្បាស់លាស់​នៃ​ការ​ចាប់ផ្ដើម​ឡើងវិញ​នៃ​សវនាការ​ជំនុំជម្រះ​លោក កឹម សុខា នេះ បាន​បន្ត​អូស​បន្លាយ​ថែមទៀត​នៅចំពោះមុខ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ដែល​នឹង​ចូល​មកដល់​នៅ​ឆ្នាំក្រោយ​នេះ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ២ឆ្នាំ​បន្ទាប់​ទៀត។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​រាជធានី​ភ្នំពេញ លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍​ថា លោក​ពិបាក​មើលឃើញ​ពី​ការបោះឆ្នោត​ដោយសេរីនិង​យុត្តិធម៌​នា​ពេល​ខាងមុខ ខណៈ​ដែល​អ្នកនយោបាយ​កំ​ពូល​ៗរបស់​ប្រទេសនៅតែ​ប្រកាន់​ជំហរ​ខុសគ្នា ដោយ​មិនទាន់​ឈាន​ដល់​ដំណោះស្រាយ​នយោបាយ​រួម​នោះ។

លោក ឯម សុវណ្ណ​រ៉ា៖ «ខ្ញុំ​ជឿ​ថា ត្រូវ​មាន​អន្តរជាតិ​គាំទ្រ​នៅក្នុង​យន្តការ​នៃ​ការរៀបចំ​ការបោះឆ្នោត បានន័យ​ថា​ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​មួយ​អាច​ជឿជាក់​បាន»។

រហូតមកដល់​ថ្ងៃនេះ គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​នៃ​បក្ស​ប្រឆាំង​មួយ​នេះ នៅតែ​ត្រូវ​បាន​ផាត់ចេញ​ពី​ឆាកនយោបាយ​អស់​រយៈពេល​ជាង៣ឆ្នាំ​ហើយ ចាប់តាំងពី​ក្រោយ​ការ​រំលាយនិង​ហាមឃាត់​សកម្មភាព​នយោបាយ​នៅ​ចុងឆ្នាំ២០១៧មក។

នៅពេល​ត្រូវ​បាន​សាកសួរ​អំពី​លទ្ធភាព​នៃ​ការប​ង្កើត​បក្ស​ថ្មី​ដើម្បី​ត្រៀម​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខ លោក ប៊ុ​នឈឿន មើល​មិនឃើញ​ថា​ជា​ជម្រើស​ល្អ​សម្រាប់​ឈាន​ទៅ​រក​ជ័យជម្នះ​នោះ​ឡើយ។

អតីត​មេឃុំ​គរ លោក គង់ ប៊ុ​នឈឿន ប្រាប់​ថា៖ «អ៊ីចឹង វា​មិន​អាច​[ឈ្នះ​]ទេ ព្រោះវា​បានតែ​ថ្មី។ ជា​គំនិត​របស់ខ្ញុំ បើ​យក[សង្គ្រោះ​ជាតិ​]ដដែល​ អាច​កើត​វិញ​បាន អាច​ហ្នឹង​បាន​អាច​ទៅរួច»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ