សង្គម​​ស៊ីវិល​​ស្នើ​​តុលាការ​​ទម្លាក់​​បទ​​ចោទ​និង​​ដោះ​លែង​​តំណាង​​សហ​គមន៍​​ដី​ធ្លី​​ជាង​៥០​នាក់​

ពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំគ្នាកាន់បដានៅមុខសាលាដំបូងខេត្តកោះកុង ទាមទារឱ្យតុលាការដោះលែងតំណាងខ្លួននិងដោះស្រាយបញ្ហាដីធ្លីដែលកំពុងជួបប្រទះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍ ស្នើ​តុលាការ​ទម្លាក់​ចោល​បទចោទប្រកាន់​តំណាង​សហគមន៍​ដីធ្លី​ទាំងអស់ និង​ដោះលែង​តំណាង​សហគមន៍៣នាក់ឱ្យ​មាន​សេរីភាព​វិញ។

សេចក្ដីថ្លែង​ការណ៍​រួម ចុះ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​ចំនួន៨៨ ឱ្យ​ដឹង​ថា មួយ​រយៈ​ចុងក្រោយ​នេះ ពួក​គេ​សង្កេតឃើញ​មានការ​ធ្វើទុក្ខ​បុកម្នេញ​ពីសំណាក់​អាជ្ញាធរ ការចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន​ជាច្រើន​នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» និង​បទល្មើស​ផ្សេងទៀត។ 

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ទាំងនោះ ​រួមមាន សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អង្គការ​លី​កាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​វិទ្យាស្ថាន​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា និង​សហគមន៍​កសិករ​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗទៀត​ជាដើម។ 

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍ បាន​បង្ហាញ​ការ​សោកស្ដាយនិង​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់ខ្លួន​តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​ចំនួន៣នាក់ និង​ការចោទប្រកាន់​ទៅលើ​តំណាង​សហគមន៍​ដីធ្លី​ជាង៥០នាក់​ទៀតនៅក្នុង​ខេត្ត​នេះនិង​ខេត្តកោះកុង។

តំណាង​សហគមន៍​ដីធ្លី​ទាំង៣នាក់​នោះ រួមមាន លោក ផុន សុផល តំណាង​សហគមន៍​ជាំក្រវៀន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រោម​បទ​ចោទ «សមគំនិត​ក្នុង​អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ខណៈ​លោក សែម សាង និង​លោក ហឿន ស៊ី​នា​ត តំណាង​សហគមន៍​ស្រែប្រាំង ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែតុលា ឆ្នាំ២០១៩ និង​ខែសីហា ឆ្នាំ២០២០ ដោយ​ប្រឈម​នឹង​បទ​ចោទ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ឯកជន​មួយនិង​ពលរដ្ឋ។ 

សេចក្តី​ថ្លែងការណ៍​ដដែលបាន​ចាត់ទុក​ការ​ចាប់និង​ឃុំខ្លួន​តំណាង​សហគមន៍​ដីធ្លី​ទាំងនោះ ថា​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់និង​ប្រយោលចំពោះ​ប្រជាពលរដ្ឋ ដោយ​គ្រាន់តែ​ពួក​គេ​ធ្វើសកម្មភាពនិង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួនស្របតាម​រដ្ឋធម្មនុញ្ញនិង​កតិកាសញ្ញា​អន្តរជាតិ។

សេចក្ដីថ្លែង​ការណ៍​លើកឡើង​ថា៖ «យើងខ្ញុំ​សង្ឃឹមថា រាជរដ្ឋាភិបាល​និង​គោរព​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ធានា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញនិង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ»។

សេចក្តី​ថ្លែងការណ៍​សង្ឃឹម​ដែរ​ថា៖ «សាលាដំបូង​ខេ​ត្ត​ត្បូង​ឃ្មុំ និង​សាលាដំបូង​ខេត្តកោះកុង នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់ទៅលើ​តំណាង​សហគមន៍​ដីធ្លី​ទាំងអស់ ព្រមទាំង​លែង​តំណាង​សហគមន៍​ទាំង៣នាក់​ដែល​កំពុង​ជាប់ឃុំ ឱ្យ​មាន​សេរីភាព ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ និង​បាន​បម្រើការ​ងារ​សង្គម​ស៊ីវិល ក្នុង​ពេល​ដ៏​ឆាប់​នា​ពេល​ខាងមុខនេះ»។

ភរិយាលោក ផុន សុផល គឺ​អ្នកស្រី កម ចន្ត្រា បាន​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​គាត់​ឱ្យ​មាន​សេរីភាព​វិញ ដោយ​ថា ប្ដី​គាត់​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ។ 

អ្នកស្រី​ថា៖ «ខ្ញុំ​ជួប​ការ​លំបាក​ច្រើន ព្រោះ​ខ្ញុំ​ជំពាក់គេ​ផង ហើយ​អត់ពី​គាត់ ​[ស្វាមី​អ្នកស្រី​] ទៅ ខ្ញុំ​ពិបាក​មែនទែន ព្រោះ​មាន​គាត់ បាន​គាត់​រកបាន​បង់​គេ បាន​សង​គេ បានកូន​ប្រពន្ធ​ចាយ សូម្បី​រាល់ថ្ងៃកូន​ចូលរៀន ក៏​ពិបាក​អត់មាន​លុយ​ឱ្យ​កូន​ទៅរៀន​ដែរ។ ខ្ញុំ​ធ្វើ​អី​អត់​កើត​ទេ ព្រោះ​មានផ្ទៃពោះ ហើយ​ខ្ញុំ​នៅជា​មួយ​ប្អូន ព្រោះ​ខ្ញុំ​អត់មាន​ម៉ែឪ​ទេ កូនកំព្រា ខ្ញុំ​ពឹង​តែ​គាត់​ហ្នឹង»។

អ្នកនាំពាក្យ​សាលាដំបូង​ខេ​ត្ត​ត្បូង​ឃ្មុំ លោក ថេង ជាង សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយពាក់ព័ន្ធ​នឹង​ការ​ស្នើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ចាត់ទុក​ការ​ស្នើ​នេះ​ថាជា​រឿង​នយោបាយ។

លោក​ថា៖ «នេះ​ជា​ការងារ​តុលាការ អ៊ីចឹង​ទេ គាត់​ស្នើ​ទៅ​តុលាការ ជា​នីតិវិធី​ច្បាប់ ​វា​ម៉េច​មាន​ឥទ្ធិពល​ក្នុង​ការ​ជួយ​ដល់​ជនជាប់ចោទ​បាន ទាល់​គាត់​ចូលក្នុង​ដំណើរ​នីតិវិធី​តុលាការ ដើម្បី​ការពារ​ជនជាប់ចោទ​តាមផ្លូវ​ច្បាប់។ បើ​គាត់​យល់ថា ការ​ចោទ​ហ្នឹងវា​មិន​ត្រឹមត្រូវ អាហ្នឹងគាត់​ធ្វើការ​ការពារ​ខ្លួន​ទៅ រក​ភស្តុតាង​ដោះបន្ទុក​ឱ្យ​រឹងមាំ​ទៅ ដើម្បី​បញ្ជាក់​ថា យើង​មិន​មាន​ពិរុទ្ធ​ដូច​ការ​ចោទ។ បើ​គ្រាន់តែ​ស្នើ​អ៊ីចឹង ឱ្យ​ឮតែ​សំឡេង ដើម្បី​ចំណេញ​រូបភាព​នយោបាយ​អ៊ីចឹង ជា​ផ្លូវច្បាប់ វា​អត់​ត្រឹមត្រូវ វា​ការពារ​អត់​កើត»។

កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR​) ដែល​ជា​អង្គការ​មួយ​ដែល​បាន​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នេះ ក៏បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាលនិង​ក្រុមហ៊ុន​មួយចំនួនឈប់​ប្រើ​ប្រព័ន្ធ​តុលាការនិង​កងកម្លាំង​ប្រដាប់​អាវុធ គំរាម​ក្រុម​អ្នកមាន​ជម្លោះដីធ្លី។

ការ​ស្នើ​នេះធ្វើឡើង​ខណៈ​អង្គការ​នេះរក​ឃើញថា កសិករ​ប្រមាណ១ ៨០០គ្រួសារ បាន​បាត់បង់​ដីស្រែ​ចម្ការ​ ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន៥ ដែល​ទទួល​បាន​ដីសម្បទាន​ពី​រដ្ឋាភិបាល​សម្រាប់​វិនិយោគ។

អង្គការ​សិទ្ធិ​មនុ​ស្សមួយ​នេះនិយាយ​ថា ការរំលោភ​បំពាន​ដីធ្លី​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​សិទ្ធិមនុស្ស​នានា ដែល​កើតឡើង​ជា​ញឹកញាប់​ក្នុង​យុគសម័យ​ទំនើប​បច្ចុប្បន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ