សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ពេលពួកគេឃ្លាំមើលសវនការសំណុំរឿងមន្ត្រីCNRP

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

សមត្ថកិច្ចរាជធានីភ្នំពេញ នៅថ្ងៃនេះ បានចាប់ឃាត់ខ្លួនអតីត​​សកម្មជន​គណបក្សសង្រ្គោះជាតិ (CNRP)​ចំនួន​​​​ ៤នាក់ ដែលប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈតុលាការកំពុងបើក​សវនការ​លើសំណុំរឿងរបស់អតីត​​មន្រ្តី និងសកម្មជនបក្សនេះ​​ ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន មាន​ប្រសាសន៍ថា សមត្ថកិច្ច​បានចាប់ខ្លួនមនុស្ស ៤នាក់ នៅព្រឹកមិញនេះ ទៅតាមដីការបស់តុលាការ ពាក់ព័ន្ធនឹង​បទ  សមគំនិតក្នុងអំពើញុះញង់ប្រព្រឹត្តអំពើបង្កឱ្យ​មានភាពវឹកវរក្នុងសង្គម។

លោក​បន្តថា ក្នុងចំណោម​មនុស្ស​ទាំង៤នាក់នោះ មានពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាល​ខេត្តត្បូងឃ្មុំ ខណៈ ២នាក់ទៀត ត្រូវបាន​យកទៅសួរនាំរយៈពេលខ្លី និងត្រូវ​បាន​​​ដោះលែងវិញ។

បើតាមមន្ត្រីសមត្ថកិច្ច អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ រួមមាន លោក ម៉ក់ សំអាន អតីតក្រុមប្រឹក្សាឃុំជាំក្រវៀន លោក កែវ សុផុន អតីតក្រុមប្រឹក្សាឃុំកំពាន់ លោក ព្រៅ ចាន់ធឿន ក្រុមប្រឹក្សាឃុំមេមត់ និងលោក ឆូវ កៀន ពលរដ្ឋនៅឃុំក្រមួង ក្នុងខេត្តត្បូងឃ្មុំ។ ប៉ុន្តែក្រោយការសាកសួរ សមត្ថកិច្ច បាន​សម្រេចដោះលែង លោក ឆូវ កៀន និង​លោក កែវ សុផុន វិញ ក្រោយធ្វើការអប់រំ។

អ្នកស្រី ប៉ុន ចាន់លី អាយុ ៤០ឆ្នាំ ភរិយារបស់​លោក ម៉ក សំអាន បានឱ្យដឹងថា សមត្ថកិច្ចបានចាប់​ខ្លួនស្វាមីរបស់គាត់ នៅម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

អ្នកស្រីបានស្នើឱ្យអាជ្ញាធរដោះលែងស្វាមីវិញ ដោយថា គាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។

លោកនិយាយថា៖«ប្ដីខ្ញុំអត់មានរឿងរាវអីផង ត្រូវគេចាប់ខ្លួន មានអារម្មណ៍ថា ខ្ញុំរន្ធត់រកនិយាយអ្វីពុំបាន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ