កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​ចំនួន​១៣​នាក់​​បន្ថែម​​ទៀត​ និង​​មាន​​អ្នក​ជា​​សះស្បើយ​​ម្នាក់​​

ពលករ​កម្ពុជា​ក្រោយ​ត្រលប់​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ ត្រូវ​បាន​អាជ្ញាធរ​និង​ក្រុម​កងកម្លាំង​ចម្រុះ​ខេត្ត​ទទួលយក​និង​ចាត់វិធានការ​នានា ដើម្បី​បង្ការ​ការ​ឆ្លង​រាតត្បាត​កូ​វីដ១៩ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ – General Department of Immigration – GDI​)

ក្រសួងសុខាភិបាលប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩​ចំនួន១៣នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ចំនួន៨នាក់ និង​អ្នកធ្វើ​ដំណើរ​មក​ពីក្រៅ​ប្រទេស​៥នាក់។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំនួន៨នាក់ដែល​រក​ឃើញថា​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩នោះ មាន​អាយុ​ចន្លោះ​ពី២២ឆ្នាំ ទៅ៣៨ឆ្នាំ រស់នៅ​ខេត្តសៀមរាប និង​បន្ទាយមានជ័យ។

ក្រសួង​បន្ត​ថា ពលករ​ទាំងនោះ​បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ហើយ​បច្ចុប្បន្នកំពុង​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

ពលករ​ខ្មែរដែល​មក​ពី​ប្រទេស​ថៃ រក​ឃើញថា​បាន​ឆ្លង​ជំងឺ​កូ​វីដ គិត​មកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​សរុប​មាន​ចំនួន៤១នាក់។

ដោយឡែក សម្រាប់​អ្នកជំងឺ​កូ​វីដ១៩ ដែល​ជា​អ្នកធ្វើ​ដំណើរ​មក​ពីក្រៅ​ប្រទេស​ចំនួន៥នាក់​ទៀត ក្រសួង​បាន​ប្រាប់​អត្តសញ្ញាណ​ថា ពួក​គាត់ជា​ជនជាតិ​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ីមក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ជនជាតិ​ជប៉ុនមក​ពី​ប្រទេស​ជប៉ុន បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយ​បច្ចុប្បន្ន​កំពុង​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​កំចាត់​រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ។

ក្រសួង​បន្ថែម​ថា អ្នកដំណើរ​ចំនួន១០០នាក់ដែល​ធ្វើដំណើរ​តាមយន្តហោះ​ជាមួយ​អ្នកជំងឺ​កូ​វីដ១៩ ទាំង៥នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កចំនួន១៤ថ្ងៃ នៅ​សណ្ឋាគារ​មួយចំនួន និង​នៅ​ស្ថានទូត​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ។ ចំណែកអ្នកជា​សះស្បើយ​វិញ ក្រសួង​ថា មាន​ម្នាក់​ជា​ពលករ​ខ្មែរដែលធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។

គួរ​បញ្ជាក់​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ឡើង​ដល់៤១១នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៣៧៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន៣៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ