ជន​​រង​​គ្រោះ​​​នៃ​​ឧបទ្ទវ​​ហេតុ​​បាក់​​អគារ​​នៅ​​​កែប​​ស្នើ​​តុលា​ការ​​ខេត្ត​​កំពត​​ពន្លឿន​​នីតិ​វិធី​​ក្រោយ​​បញ្ជា​​ឱ្យ​​ស៊ើប​​អង្កេត​​ឡើង​​វិញ​

ពលរដ្ឋ​ឈរ​មុខ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

តុលាការ​​ខេត្ត​កំពត​ ​បាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​នេះ​ ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​លើសំណុំ​រឿង​បាក់​រលំ​សំណង់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​កែប​ កាល​ពី​ជាង​១​ឆ្នាំ​មុន ប៉ុន្តែជនរងគ្រោះ​បាន​ស្នើ​តុលាការ​ខេត្ត​នេះ​បញ្ចប់​ដំណើរការ​ក្ដី​សំណុំ​រឿង​មួយ​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេនិង​ទទួល​បាន​សំណង​បន្ថែម​សម្រាប់​ព្យាបាល​របួស​លើ​រាង​កាយ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារមួយកន្លែង ស្ថិតនៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប បណ្តាល​ឱ្យ​មនុស្ស​៣៦នាក់ស្លាប់ ក្នុងនោះមានកុមារ៦នាក់ និងបណ្តាលឱ្យមនុស្ស២៣នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។

នៅព្រឹកនេះ សាលា​ដំបូង​ខេត្តកំពត បានប្រកាសសេចក្តីសម្រេចនៅចំពោះមុខ​​​មេធាវី​តំណាងជនរងគ្រោះ​ចំនួន៤រូប និងជនរងគ្រោះ៥រូប ប៉ុន្តែអវត្តមានភាគី​ម្ចាស់សំណង់អគារ។

នៅចំពោះមុខអ្នកចូលរួម ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះសាលាដំបូងខេត្តកំពត លោក ម៉ែន វណ្ណៈ បាន​អាន​សេចក្ដី​សម្រេច​ដែល​បញ្ជា​ឱ្យ​មានការស៊ើបអង្កេតឡើងវិញលើសំណុំរឿងនេះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរេត ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​សេចក្ដី​សម្រេច​របស់​ចៅក្រម​នៅ​ឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​នេះ ហើយ​លោក​មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ​រហូត​ដល់​រសៀល​ថ្ងៃ​ពុធ​នេះ។

អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត និង​ជា​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ម៉ែន វណ្ណៈ ប្រាប់ថា លោក​ជាប់​រវល់​ជំនុំ​ជម្រះ​ក្ដី​មួយ​ផ្សេង​ទៀត ហើយ​ប្រាប់​ឱ្យ​ទាក់​ទង​ទៅ​ម្ដង​ទៀត ប៉ុន្តែលោក​មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ។

ក្រុម​មេធាវី​៤​រូប​មក​ពី​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បដិសេធ​ផ្ដល់​សម្ភាស​ដល់​អ្នក​សារព័ត៌មាន ហើយ​បាន​ប្រាប់​ឱ្យ​​សាក​សួរ​ទៅ​លោក​មេធាវី គី តិច ដែល​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​មួយ​នេះ។ លោក គី តិច មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។

នៅ​ក្រៅ​បរិវេណ​របង​សាលា​ដំបូង​ខេត្ត​កំពត​ ក្រោយ​ការ​ប្រកាស​សេចក្ដី​សម្រេច​ហើយ​ លោក សំ គឹមអាង អាយុ៥៦​ឆ្នាំ ដែល​ជា​ជន​រង​គ្រោះ​មួយ​រូប​បាន​បង្ហាញ​វត្តមាន​នៅ​តុលាការ​ព្រឹក​ថ្ងៃ​នេះ បាន​ប្រាប់​វីអូឌី​ថា លោក​​ចង់​ឱ្យ​តុលាការ​ខេត្ត​កំពត​ពន្លឿន​ដំណើរការ​កាត់​សេចក្ដី​នៃ​សំណុំ​រឿង​មួយ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​រូប​លោកនិង​ជន​រង​គ្រោះ​ដទៃ​ទៀត និង​ទទួល​បាន​សំណង​បន្ថែម​សម្រាប់​យក​ទៅ​ព្យាបាល​របួស​លើ​រាង​កាយ​របស់​លោក។

លោក សំ គឹមអាង ប្រាប់​ថា​៖ «ចង់​ឱ្យ​ចៅក្រម ​[ដែល​បញ្ជា​ឱ្យ​] ស៊ើប​អង្កេត​ឡើង​វិញ​ហ្នឹង​ ឆាប់​កាត់​ក្ដី​ទៅ​ឱ្យ​ជន​រង​គ្រោះ​ឆាប់​រហ័ស។ យើង​ពិបាក​ធ្វើ​ដំណើរ​ឆ្លង​កាត់​មក​ អត់​បាន​រក​ស៊ី​អី​ទេ ហើយ​ការ​ស៊ើប​សួរ​ហ្នឹង​ជាង​មួយ​ឆ្នាំ​ហើយ។ ជន​រង​គ្រោះ​នៅ​ទន្ទឹង​រង់ចាំ​ មិន​ដឹង​ខែ​ណា​ឆ្នាំ​ណា»

លោក គឹមអាង ដែល​មាន​លំនៅ​ឋាន​ឯ​ភូមិ​ត្នោត ​ក្នុង​ស្រុក​បន្ទាយមាស​ បាន​ទៅ​ធ្វើការ​ងារ​ជា​ជាង​ភ្លើង​នៅ​ជាន់​ទី​៥​ នៃ​អគារ​កម្ពស់​៧​ជាន់ មុន​នឹង​សំណង់​អគារ​នោះ​បាន​បាក់​រលំ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មករា ​កាល​ពី​ឆ្នាំមុន។ បុរស​រូប​នេះ​បាន​លូន​ចេញ​ពី​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​ប្រហែល៣០​នាទី​ក្រោយ​ពី​សំណង់​អគារ​បាន​បាក់​រលំ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​កែប។

លោក គឹមអាង ប្រាប់​ថា គាត់​បាន​រង​របួស​បែក​ក្បាល៣​កន្លែង រង​របួស​ត្រង់​ស្មា​ឆ្វេង​ និង​របួស​ជើង​ផង​ដែរ។ បុរស​រូប​នេះប្រាប់​បន្ថែម​ថា ក្បាល​របស់​គាត់​ប្រឈម​មុខ​នឹង​អាការ​ស្ពឹកៗ ហើយ​ភ្នែក​ទាំង​គូ​របស់​គាត់បាន​ធ្លាក់​ចុះ​ខ្សោយ​មើល​មិន​សូវ​ឃើញ​ច្បាស់​នោះ​ឡើយដោយសារ​ការ​រង​របួស​ក្បាល ខណៈ​ស្មា​និង​ដៃ​ខាង​ឆ្វេង​របស់​លោក​នៅ​តែ​ឈឺ​ចាប់និង​មិន​អាច​កាន់​អ្វី​ធ្ងន់​បាន​នោះ​ឡើយ។

លោក គឹមអាង និយាយ​បន្ត​ថា​៖ «[ខ្ញុំ] ចង់​បាន​សំណង​បន្ថែម​ពី​ម្ចាស់​អគារ ដោយសារ​ត្រូវការ​ថវិកា​យក​ទៅ​ព្យាបាល យក​ទៅ​មើល​ជំងឺ​គ្រោះ​ថ្នាក់​ហ្នឹង»

លោក អេ កុសល អាយុ៣៣​ឆ្នាំ ​​ជា​អ្នក​រស់​រាន​មាន​ជីវិត​ម្នាក់​ទៀត​នៅ​ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត​សរុប២៣​នាក់​ នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ដ៏​រន្ធត់​នោះ។ បុរស​រូប​នេះបាន​ប្រាប់​ថា លោក​បាន​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ជា​ច្រើន​លើក​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក ហើយ​ជន​រងគ្រោះ​ជាច្រើន​បាន​ចូលរួម​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ​នៃ​នីតិវិធី​របស់​តុលាការ ប៉ុន្តែលោក​បាន​មើល​ឃើញ​ចំនួន​អ្នក​ចូលរួម​កាន់​តែ​តិចៗ​ទៅ នៅ​ពេល​ដំណើរការ​នីតិវិធី​របស់​តុលាការកាន់​តែ​អូស​បន្លាយ​យូរទៅៗ​នោះ។

លោក អេ កុសល ប្រាប់​ថា​៖ «ខ្ញុំ​គ្រាន់​តែ​សំណូម​ពរ​តែ​មួយសារ​ទៀត​ឱ្យ​វា​ចប់ ដើម្បី​កុំ​ឱ្យ​លំបាក​ធ្វើ​ដំណើរ​ទៅ​មក​ៗ ព្រោះ​ឆ្ងាយ​មិន​ងាយ​ទៅ​មក​ៗ ព្រោះ​ឈឺ​ចង្កេះ​ទៀត​ផង ចង់​ឱ្យ​មួយ​សារ​ទៀត​ឱ្យ​ចប់។ ខ្ញុំ​ស្មាន​ថា​ចប់​សារ​ហ្នឹង​ហើយ តែ​សារ​ហ្នឹង​អត់​ចប់​ដដែល»

បុរស​រូប​នេះ​បាន​ធ្វើ​ជា​កម្មករ​​រៀបការ៉ូ​នៅ​ក្នុង​សំណង់​អគារ​កម្ពស់​៧ជាន់​នោះ ហើយ​លោក​កំពុង​សម្រាក​ពី​ការងារ​នៅ​​ជាន់​ផ្ទាល់​ដី​នៃ​សំណង់​អគារ មុន​នឹង​អគារ​បាក់​រលំ​កាល​ពី​ជាង១​ឆ្នាំ​មុន។ លោក កុសល ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​រក​ឃើញ​និង​ទាញ​ចេញ​ពី​គំនរ​សំណង់​បាក់​បែក​នៅ​ម៉ោង​ជាង៤​ព្រឹក​ ថ្ងៃ​ទី៤ ខែ​មករា។ បុរស​ជា​អ្នក​ភូមិ​មក​ពី​ស្រុក​បន្ទាយមាស​រូប​នេះ បាន​រង​របួស​ត្រង់​ចង្កេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កែប។

លោក កុសល ប្រាប់​ថា លោក​មិន​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​ការងារ​សំណង់​វិញ​បាន​នោះ​ឡើយ ដោយសារ​របួស​ត្រង់​ចង្កេះ​នៅ​តែ​បង្ក​ការ​ឈឺ​ចាប់​ដល់​រូប​លោក​ដដែល ​នៅ​ពេល​ចាប់​លើក​បន្ទុក​ធ្ងន់ឬ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

លោក អេ កុសល និយាយ​ថា​៖ «វា​ជា [សះ​ស្បើយ​ហើយ] ប៉ុន្តែយើង​ធ្វើ​សំណង់ ធ្វើការងារ​អី​ធ្ងន់​ៗ​អត់​កើត។ ឥលូវ​នៅ​ឈឺ។ ពេល​អង្គុយ​បើក​ម៉ូតូ​មក នៅ​ស្ពឹក​ចង្កេះ»

នាយក​រង​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ថ្លែង​ថា សំណុំ​រឿង​មួយ​នេះ​មិន​គួរ​ត្រូវ​បាន​អូស​បន្លាយ​យូរ​នោះ​ឡើយ ដោយ​លោក​ថា ការ​សម្រេច​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​រស់​រាន​មាន​ជីវិតនិង​សាច់​ញាតិ​ជន​រង​គ្រោះ ធុញ​ទ្រាន់និង​បាត់​បង់​ទំនុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ «អ៊ីចឹង ម្នាក់​ៗ​គាត់​ទន្ទឹង​រង់ចាំ​យុត្តិធម៌និង​សំណង​ខ្លះ​សម្រាប់​ពួកគាត់​ហ្នឹង។ អ៊ីចឹង បើ​មាន​ការ​អូស​បន្លាយ​បន្ថែម​ទៀត វា​ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​មាន​ភាព​អស់​សង្ឃឹម ហើយ​ឈាន​ទៅ​បាត់​បង់​ជំនឿ​ថា ពួកគាត់​នឹង​ទទួល​បាន​យុត្តិធម៌»

នៅ​ឯ​ភូមិ​ឈើទាល ស្ថិត​ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត អ្នក​នាង ឡែ ស៊ីនួន អាយុ២៨​ឆ្នាំ គឺ​ជា​អ្នក​រស់​រាន​មាន​ជីវិត​ម្នាក់​ទៀត​នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នោះ ប៉ុន្តែគាត់​បាត់​បង់បង​ស្រី​បង្កើត​ម្នាក់​អាយុ​៤០ឆ្នាំ និង​ក្មួយ​ស្រី​ម្នាក់​ដែល​ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ​នៅ​ឡើយ​នា​ពេល​នោះ។ នៅ​ចំ​ថ្ងៃ​គម្រប់​១ឆ្នាំ​នៃ​ការ​បាក់​រលំ​អគារ​នោះ អ្នក​នាង ស៊ីនួន និង​សាច់​ញាតិ​បាន​រៀបចំ​ពិធី​បុណ្យ​តាម​បែប​ព្រះ​ពុទ្ធសាសនា ដើម្បី​ឧទ្ទិស​ទៅដល់​បង​ស្រីនិង​ក្មួយ​ស្រី។

ស៊ីនួន ដែល​រង​របួស​បែក​ក្បាល​៣​កន្លែង ចង្កេះនិង​ត្រកៀក​នៅ​ក្នុង​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នោះ ប្រាប់​ថា ដំបូងៗ នាង​បាន​ចូលរួម​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​កំពត ប៉ុន្តែនាង​មិន​បាន​ទៅ​ចូលរួម​ក្នុង​ដំណាក់​​កាល​នីតិវិធី​ជា​បន្ត​បន្ទាប់​ទៀត​ឡើយ ក្រោយ​ពី​នាង​ត្រូវ​បាន​កោះ​អញ្ចើញ​៣​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន​នោះ។

អ្នកនាង ឡែ ស៊ីនួន ប្រាប់​ថា៖ «ខ្ញុំ​មិន​ដឹង​ដែរ គ្រាន់​តែ​ខាង​ភូមិ​ឃុំ​មក​ប្រាប់​អ៊ីចឹង​ថា ថ្ងៃ​នេះ ​ថ្ងៃ​នេះ​ឱ្យ​ឡើង​​ទៅ​អ៊ីចឹង។ គេ​អត់​មាន​និយាយ​អី​ផង។ អត់​មាន​គ្នា​ទៅ។ អ្នក​រង​គ្រោះ​ដទៃ​ទៀត​អត់​ទេ [ធ្វើ​ម៉េច​បាន​ប្អូន​ដឹង​ថា​ ជន​រង​គ្រោះ​ដទៃ​ទៀត​អត់​ទៅ] ព្រោះ​អី​ជួបគ្នា​អ៊ីចឹង សួរ​ទៅ គេ​ថា អត់​ទៅ​ផង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ