ពលករ​មក​ពី​ថៃ​កើត​កូវីដ១៩​កើន​ដល់​៣៣​នាក់ ​ខណៈ​ខ្មែរ​នៅ​ថៃ​១៥៧​នាក់​ក៏​ឆ្លង​ដែរ​

ពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ក្នុង​ខេត្ត​សា​មុត​សា​ខន ប្រទេស​ថៃ ឈរ​តម្រង់​ជួរ​រង់ចាំ​ផ្តល់​សំណាក​យក​ទៅ​ធ្វើតេស្ត​កូ​វីដ១៩ នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ (បណ្ដាញ​លើកកម្ពស់​គុណភាព​ជីវិត​ពលករ LPN Foundation​)

ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចំនួន១៥៧នាក់បានឆ្លងកូវីដ១៩ ខណៈករណីឆ្លងកូវីដ១៩លើពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃចូលកម្ពុជាកើនដល់​៣៣ករណី។

សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា ក្រសួងបានរកឃើញពលករចំនួន៦រូបទៀតដែលទើបតែវិលត្រលប់មកពីប្រទេសថៃវិញ បានឆ្លងកូវីដ១៩។

ក្រសួងឱ្យដឹងបន្តថា ស្ត្រីទាំង៦នាក់ គឺមាន៤នាក់ រស់នៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈស្ត្រី២នាក់​ទៀត នៅស្រុកពាមជរ ខេត្តព្រៃវែង ហើយបច្ចុប្បន្ន អ្នកទាំង​នេះត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ការរកឃើញករណីឆ្លង៦ករណីថ្មីនេះ ធ្វើឱ្យករណីឆ្លងកូវីដ១៩លើពលករខ្មែរដែលទើបតែត្រលប់មកពីថៃ​កើនដល់៣៣នាក់។

ក្រសួងបញ្ជាក់បន្ថែមថា គិតត្រឹម​ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ពលករចំនួន១២នាក់ត្រូវបានព្យាបាលជាសះស្បើយ។

អ្នកនាំពាក្យ​​ក្រសួងការងារ និង​​បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ឱ្យដឹងថា គិតត្រឹមថ្ងៃទី​១២ ខែ​មករា ឆ្នាំ២០២១ មាន​​ពលករខ្មែរចំនួន១៥៧នាក់ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ​ក្រសួងសុខភាពសាធារណៈថៃបានរកឃើញករណីឆ្លងក្នុងសហគមន៍ដែលផ្ទុះ​ឡើងនៅខេត្តសាមុតសាខន ក្នុងចំណោមពលករបរទេសដែលធ្វើការនៅផ្សារចែកចាយបង្គារមួយកន្លែង។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃពុធនេះថា ស្ថានទូតកម្ពុជាតែង​យកចិត្តទុកដាក់និងសហការជាមួយអាជ្ញាធរថៃ ដើម្បីជួយគាំពារ​ពលករ​ខ្មែរ​ដែលកំពុងស្ថិតនៅទីនោះ។​

លោក កុយ គួង សរសេរថា៖ «ស្ថានទូតយើង​កំពុងសហការជាមួយអាជ្ញាធរសុខាភិបាលថៃយ៉ាងជិតស្និទ្ធ យកចិត្តទុកដាក់ពលរដ្ឋខ្មែរទាំងអស់នៅប្រទេសថៃ។ ថៃនឹងពិនិត្យព្យាបាលពលករបរទេសឆ្លង Covid-19 ទាំងអស់ រួមទាំងពលករខ្មែរផងដែរ ដោយឥតគិតថ្លៃ ដូចពលរដ្ឋថៃដែរ»។

មន្រ្តីបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ (LPN) លោក ប្រាក់ ភក្រ្តា និយាយថា ពលរដ្ឋខ្មែរដែលឆ្លងជំងឺកូវីដ១៩ ភាគច្រើនចេញពីអ្នកធ្វើការងារនៅកាស៊ីណូ។ លោកបញ្ជាក់ថា​ ពលករដែលឆ្លងកូវីដ១៩ទាំងនោះ ទទួលបាន​ការព្យាបាលដោយ​មិនមានការបង់ប្រាក់នោះទេ។ ប៉ុន្តែលោកបារម្ភថា​ នៅពេលពួកគេកើត​កូវីដ១៩ ជីវភាពក្រុមគ្រួសារពួកគេនឹងជួបបញ្ហា។

លោកប្រាប់ថា៖ «បើសិនជាពលរដ្ឋខ្មែរយើងសាមញ្ញយើងឆ្លង យើងប្រឈមនឹងការខ្វះខាតផ្ញើឱ្យក្រុមគ្រួសារ  ព្រោះថា នៅពេលដែលយើងចូលនៅក្នុងព្យាបាលហ្នឹង យើងអត់មានចំណូលអីទេ។ យើងនៅព្យាបាលដេកតែរយៈពេល១ទៅ២ខែ ល្មមយើងជា យើងបាត់បង់ចំណូល ហើយវាអាចបាត់បង់កន្លែងធ្វើការទៀត បើសិនជាកន្លែងធ្វើការហ្នឹង យើងចេញមក គេអត់ទទួល»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ