បុរស​​បី​​នាក់​​នៅ​​ខេត្ត​​កំពង់​ស្ពឺ​​កំពុង​​រត់​គេច​​ខ្លួន ក្រោយ​​ត្រូវ​​បាន​​រក​​ឃើញ​​កាន់​កាប់​​សញ្ញា​បត្រ​​វេជ្ជ​សាស្ត្រ​​ក្លែងក្លាយ​

សញ្ញាបត្រវេជ្ជសាស្ត្រក្លែងក្លាយកាន់កាប់ដោយឈ្មោះ ខា វ៉េងហួត។ (ក្រសួងសុខាភិបាល)

​បុរស៣នាក់​ដែល​អះអាង​ថា​ជា​វេជ្ជបណ្ឌិត និង​បាន​បើក​បន្ទប់​ផ្ដល់​សេវា​ពិនិត្យនិង​ព្យាបាល​ជំងឺ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ កំពុង​រត់គេច​ពី​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច បន្ទាប់ពី​គណៈ​គ្រូពេទ្យ​រក​ឃើញថា ពួក​គេ​ប្រើ​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ចេញពី​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ដែល​ពួក​គេ​មិនធ្លាប់​បាន​ចូលរៀន​សោះ ដើម្បី​ស្នើសុំ​អាជ្ញា​បណ្ណ​បើក​សេវា​ព្យាបាល​នៅផ្ទះ។

គណៈ​គ្រូពេទ្យ​កម្ពុជា បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំមុន បដិសេធ​ភាព​ត្រឹមត្រូវ​នៃ​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ដែល​កាន់កាប់​ដោយ​លោក សាយ សុវណ្ណ លោក ម៉ក់ សុ​ខជា និង​លោក ខា វ៉េង​ហួត ដោយមាន​លិខិតបញ្ជាក់​ការ​ផ្ទៀងផ្ទាត់​ដោយ​ផ្ទាល់​ពី​សាកលវិទ្យា​ធិការ​របស់​សាលា។

តាម​លិខិត​ដដែល ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ លោក ធា គ្រុយ បាន​ស្នើ​ឱ្យ​គណៈ​គ្រូពេទ្យ​ខេត្ត​កំពង់ស្ពឺ​ ដកហូត​សញ្ញាបត្រ​ពី​បុគ្គល​ទាំង៣នាក់ និង​រៀបចំ​របាយការណ៍​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដើម្បី​​ចាត់​វិធានការណ៍​លើ​ពួក​គេ​ទៅតាម​នីតិ​វិធី​ច្បាប់។

អគ្គលេខាធិការ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​កំពង់ស្ពឺ លោក​វេជ្ជបណ្ឌិត គង់ ប៊ុ​នលី ប្រាប់ VOD កាលពី​ថ្ងៃម្សិលមិញ​ថា បុរស​ទាំង៣នាក់​នោះមិនធ្លាប់​ឆ្លងកាត់​វគ្គសិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​នោះ​ទេ និង​ថា ពួក​គេ​បាន​រត់គេច​ខ្លួន​ហើយ បន្ទាប់ពី​លិខិត​ជូនដំណឹង​ត្រូវ​បាន​ចេញផ្សាយ។

លោក គង់ ប៊ុ​នលី មានប្រសាសន៍​ថា៖ «យើង​គ្រាន់តែ​សួរ​គាត់​ថា អូន​ឯង​រៀន​នៅ​ណា អី​នៅ​ណា​? គ្រាន់តែ​សួរ​ទៅ​ ដឹង​ថា អានេះ​បែប​អត់​បាន​ចូល​សាលា​ទេ ព្រោះអី​អត់​ស្គាល់​មានមុខ​វិជ្ជា​អី​ខ្លះ ឆ្នាំទី១ រៀន​ម៉េច​អី​ម៉េច ប្រឡង​ចេញ​ហ្នឹង​ប្រឡង​ជួប​គ្រូ​ណា​? ហើយ​ជំនាន់​ហ្នឹង​មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​អ្នកណា​គេ​ខ្លះ​បាន​ចេញ? អត់មាន​ទាំងអស់​»។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ប៊ុ​នលី ក្នុងចំណោម​បុគ្គល​ទាំង៣ ឈ្មោះ សាយ សុវណ្ណ ធ្លាប់​រៀន​វិជ្ជាពេទ្យ​វគ្គ​ខ្លី និង​បាន​បើក​ព្យាបាល​ជំងឺ​នៅ​ខេត្ត​ផ្សេង​ជា​យូរឆ្នាំមកហើយ មុននឹង​ប្តូរ​មក​ខេត្ត​កំពង់ស្ពឺ​ ជួលផ្ទះ​គេ ​ដើម្បី​បន្ត​អាជីព​ព្យាបាល ឯបុគ្គល២នាក់​ទៀត​ធ្លាប់​រៀន​ពេទ្យ​យោធា​កម្រិត​បឋម។

លោក​បន្ថែម​ថា ការ​បែកធ្លាយ​ពី​សេវា​ព្យាបាល បាន​កើតឡើង​បន្ទាប់ពី​ពួក​គេដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​សមាជិក​គណៈ​គ្រូពេទ្យ​ខេត្ត​កំពង់ស្ពឺ ដើម្បី​អាច​មាន​សិទ្ធិ​ស្នើសុំ​អាជ្ញា​បណ្ណ​បើក​អាជីវកម្ម​វេជ្ជ​សាស្រ្ត ដូចជា​ឱសថស្ថាន និង​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​នៅផ្ទះ​ស្របច្បាប់។

លោក គង់ ប៊ុ​នលី ប្រាប់​បន្ថែម​ថា៖ «បាទ​! គាត់​ភ័យ គាត់​ខ្លាច​មានរឿង ហើយ​គាត់​ស្មាន​តែ​ធ្វើ​អ៊ីចឹង​ទៅ​បាន។ គាត់​មាន​ដឹង​គេ​តឹងតែង​អ៊ីចឹង​ណា! បើ​ធ្លាប់​នៅ​ស្រុក​ព្រៃ នៅ​កោះកុង​នៅ​អី​ឯណោះ​! បាទ! ​បើ​មិន​រត់​ បើ​យើង​តេ​អត់​ចូល ហៅ​មក​អត់​ឃើញ»។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ លោក អោ វណ្ណ​ថេន លើកឡើង​ថា បុគ្គល​ទាំង៣បាន​បើក​ផ្តល់​សេវា​ពិនិត្យ​ជំងឺ​នៅផ្ទះ​បន្តិចបន្តួច​ដោយ​គ្មាន​អាជ្ញា​បណ្ណ ហើយ​ត្រូវ​ក្រុម​អធិការកិច្ច​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះទៅ​ឆែក​ដឹង ហើយក៏​ណែនាំ​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ។

លោក​បន្ត​ថា នៅពេល​សញ្ញាបត្រ​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ដល់​គណៈ​គ្រូពេទ្យ​ជាតិ ដើម្បី​ពិនិត្យនិង​ផ្ទៀងផ្ទាត់​ជាមួយ​សាកលវិទ្យាល័យ ក៏​ត្រូវ​បែកការណ៍។

លោក អោ វណ្ណ​ថេន ប្រាប់​ថា៖ «អាហ្នឹង​ត្រូវ​ប្តឹង​ឡើង​តុលាការ ហើយ​អ៊ីចឹង​ទៅ យើង​ស្រាវជ្រាវ​បន្ត​រក​ថា មិនមែន​តែ​គាត់​ម្នាក់​ទេ។ ស្រាវជ្រាវ​រក​ថា ប្រភព​ដើម​របស់​វា​ហ្នឹង​ចេញពី​ណាម​ក អ្នកណា​អ្នក​ចេញ ត្រូវ​រក​អ៊ីចឹង​រហូ​តអ៊ីចឹង​ទៅ»។

ទោះជាយ៉ាងណា លោក វណ្ណ​ថេន ប្រាប់​ថា មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​ មិនទាន់​មាន​ចំណាត់ការ​យ៉ាងណា​លើ​បុរស​ទាំង៣នៅឡើយ​ទេ ដោយ​រង់ចាំ​ទទួល​របាយការណ៍​ពី​គណៈ​គ្រូពេទ្យ​ខេត្ត​សិន។

វី​អូ​ឌី​ មិន​អាច​ស្នើសុំ​ការអធិប្បាយ​ពាក់ព័ន្ធ​ករណី​កាន់កាប់​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ក្លែងក្លាយ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន និង​គណៈ​គ្រូពេទ្យ​កម្ពុជា​បានទេ​នៅ​ថ្ងៃនេះ ដោយ​អ្នកស្រី ឱ វណ្ណ​ឌីន បាន​បង្វែរ​ឱ្យ​ពិនិត្យមើល​ឯកសារ​ដែល​បាន​ចេញផ្សាយ​ដោយ​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ ចំណែក​លេខទូរសព្ទ​ទំនាក់ទំនង​របស់​ការិយាល័យគណៈ​គ្រូពេទ្យ​ មិន​អាច​ហៅ​ចូល​បាន។

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សា​មួន ប្រាប់ វី​អូ​ឌី ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារនេះ​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មានឬរបាយការណ៍​ករណី​គ្រូពេទ្យ​ក្លែងក្លាយ​ទាំងនោះ​នៅឡើយ ប៉ុន្តែលោក​ថា ការ​បន្លំ​ឯកសារ ជន​ប្រព្រឹត្ត​ត្រូវតែ​ចាប់​មក​ផ្តន្ទា​ទោស។

លោក សម សា​មួន ប្រាប់​ថា៖ «អត់​ទាន់​មកដល់​ខ្ញុំ ឬមួយ​វា​អត់​ត្រូវ​មក​ខ្ញុំ​ មិនដឹង! ព្រោះ​អាហ្នឹង​វា​មាន​នី​តិ​វិធី​សុខាភិបាល​របស់​គេ។ គេ​មាន​នី​តិ​វិធី​របស់​គេ​ ខាង​ហ្នឹង»។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី លើកឡើង​ថា ករណី​ក្លែងបន្លំ​ឯកសារ​បាន​កើតឡើង​មិនមែន​តែ​ក្នុងចំណោម​អ្នក​ផ្តល់​សេវា​វេជ្ជ​សាស្រ្ត​នោះ​ទេ ដែល​បញ្ហា​ទាំងនេះបាន​កើត​ចេញពី​អំពើពុករលួយ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវតែ​វែកមុខ​អ្នក​ផ្សំគំនិត​មក​កាត់ទោស​ទៅតាមច្បាប់។

លោក អ៊ូច វុទ្ធី និយាយ​ថា៖ «បើ​បណ្តែតបណ្តោយ​ឱ្យ​គាត់​ធ្វើ​អ៊ីចឹង ដូច​អា​មួយថ្ងៃ​មុន​អ៊ីចឹង​ យក​កាំភ្លើង​ទៅវ៉ៃក្បាល​គេ វ៉ៃ​អីហ្នឹង សុទ្ធតែ​សញ្ញាបត្រ​ក្លែងក្លាយ​ហើយ។ អា​ក្រុម​អស់ហ្នឹង! យក​លុយ​ដើរ​ទិញ​សញ្ញាបត្រ ទិញ​សក្តិ ទិញ​អី​ពាក់​ហ្នឹង គួរណា​បំបិទ​ចោល ព្រោះ​វា​មានអំពើ​ពុករលួយ​ចេញ​តាម​អ៊ីចឹង។ អ៊ីចឹង វា​មានផល​លំបាក​មួយ​ធ្ងន់ធ្ងរ​ណាស់​ទៅ​សង្គមជាតិ​យើង​ថ្ងៃក្រោយ បើសិនជា​មិន​លុបបំបាត់​អ្នកអស់ហ្នឹង​បានទេ»។

ការ​ផ្ដល់​សេវា​ព្យាបាល​ដោយ​បុគ្គល​មិន​ត្រូវ​បាន​បណ្ដុះបណ្ដាល​ផ្នែក​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​នោះ បាន​បង្ក​មហន្តរាយ​ធំ​សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ អ្នកភូមិ​ដល់ទៅ ២៩០នាក់​នៅក្នុង​ឃុំ​រកា​រ ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុសហ៊ីវ​កាលពី​ចុងឆ្នាំ២០១៤ ដោយសារតែ​ពួក​គេ​បាន​ទទួលយក​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​គ្មាន​ក្របខណ្ឌ​ម្នាក់​ប្រចាំ​ភូមិ លោក យ៉ែម ជ្រិន ដែល​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេលក្រោយ​មក​ក្នុង​ឆ្នាំ​នោះ។ នៅ​ឆ្នាំ២០១៦ ពលរដ្ឋ១៦នាក់​នៅ​ភូមិ​​ពាម ខេត្តកណ្តាល ដែល​ភាគច្រើន​ជា​មនុស្សចាស់ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​មេ​រោ​គអេ​ដស៍ ដោយ​មិនដឹង​ពី​ប្រភព​ចម្លង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យ៉ង គិម​អេង លើកឡើង​ថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ជាពិសេស​ក្រសួងសុខាភិបាល​ដែល​មាន​ទំនួល​ខុសត្រូវ​លើ​កិច្ចការ​នេះ គួរតែ​បង្កើន​វិធានការ​ណ៍ស្រាវជ្រាវ​រក​ករណី​ក្លែងបន្លំ​សញ្ញាបត្រ ឬសេវាកម្ម​សុខភាព​សាធារណៈ​នៅក្នុង​ផ្ទៃ​ប្រទេស​ដែល​ខ្វះ​គុណភាពនិង​គ្មាន​ជំនាញ​ពិតប្រាកដ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។ 

លោក យ៉ង គិម​អេង មានប្រសាសន៍​ថា៖ «ខ្ញុំ​គិតថា រឿង​អស់ហ្នឹង​វា​គ្រោះថ្នាក់​ទៅដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​បើសិន​នៅក្នុង​ករណី​កំពស់​ស្ពឺ​មួយ ​យើង​រក​ឃើញ​ដល់៣នាក់​ទៅ​ហើយ​បាទ! យើង​ក៏​ត្រូវ​មានការ​សង្ស័យ​ថា​ ខេត្ត​ដទៃទៀត​ក៏​នឹង​មាន​ករណី​ដូចគ្នា​កើតឡើង​ផង​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ