អ្នកជំនាញនិងអ្នកនយោបាយស្នើឱ្យរដ្ឋអភិវឌ្ឍន៍កន្លែងផ្សេងក្រៅពីបឹង

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

អ្នកជំនាញទាក់ទងការអភិរក្សធនធានធម្មជាតិក្នុងរាជធានី និង គណបក្សនយោបាយ ស្នើឱ្យរដ្ឋាភិបាលរៀបចំកន្លែងអភិវឌ្ឍន៍លើដីគោកធម្មតា ចៀសវាងការលប់បឹងដើម្បីទុកធ្វើជាអាងរំដោះទឹក ហើយក៏ទុកជាកន្លែងពលរដ្ឋក្រីក្ររស់និងប្រកបរបរចិញ្ចឹមជីវិត។​

ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោតលោក ឯម ខេមរា មានប្រសាសន៍ថា បឹងក្នុងរាជធានីភ្នំពេញបានដើរតួយ៉ាងសំខាន់ក្នុងការស្តុបទឹក និងរំដោះទឹកក្នុងរដូវភ្លៀងធ្លាក់ ហើយលោកថា ជាកន្លែងដែលប្រជាពលរដ្ឋមួយចំនួនអាចអាស្រ័យផលដើម្បីចិញ្ចឹមជីវិតដោយការដាំដំណាំផ្សេងៗ។

លោក​ ឯម ខេមរា ៖«បឹងនេះវាសំខាន់ណាស់នៅក្នុងទីក្រុងភ្នំពេញ ទី១ គឺជាកន្លែងដែលស្តុកទឹក ដើម្បីការពារទឹកជំនន់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដូវវស្សា។ ទី២ បឹងធំៗនៅភ្នំពេញ ដូចជាបឹងទំពន់ និងបឹងតាមោក គឺជាកន្លែងដែលប្រជាពលរដ្ឋគាត់អាចប្រកបរបរចិញ្ជឹមជីវិតដាំបន្លែ ដាំត្រកួន កញ្ឆែតអីហ្នឹង តាមរយៈការដាំដំណាំគាត់អាចបង្កើនប្រាក់ចំណូល។ មួយទៀតបឹងជារួមទាក់ទងបរិស្ថានវាធ្វើឱ្យទីក្រុងគឺត្រជាក់នៅពេលដែលមានទឹក»

យោង​តាម​លិខិត​របស់​រដ្ឋាភិបាលដែលបានចេញ​ជាបន្តបន្ទាប់ថា ចាប់តាំងពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ ផ្ទៃ​បឹង​តា​មោក​ប្រហែល១ ០០០ហិ​កតា​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋនិង​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារនិង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

ដោយសារតែរដ្ឋាភិបាលនៅតែអនុញ្ញាតឲ្យកាត់ផ្ទៃដីបឹងក្នុងរាជធានីភ្នំពេញឲ្យទៅក្រុមហ៊ុនអភិវឌ្ឍ និងបុគ្គលឯកជន លោក ឯម ខេមា លើកឡើងថារដ្ឋាភិបាលគួរតែផ្តល់ដីដែលជំនួសដោយការកាត់ផ្ទៃបឹងដើម្បីការអភិវឌ្ឍ ហើយរក្សាទុកនូវធនធានធម្មជាតិនេះដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ និងបរិស្ថាននៃរាជធានីភ្នំពេញ។

លោកថា៖«​យើងក៏មានការសោកស្តាយដែរដែលរដ្ឋាភិបាលគាត់បន្តកាត់ដីសាធារណៈរបស់រដ្ឋប្រគល់ឲ្យទៅបុគ្គលអញ្ចឹង ព្រោះដីជាដីសាធារណៈរបស់រដ្ឋហើយគិតថាភ្នំពេញធំហាសចឹងពេលខ្លះយើងមិនមែនថាតម្រូវថាត្រូវតែកាត់បឹងទេ វាមានដីផ្សេងៗដែលអាចដោះដូរឬក៏កាត់ជូនបុគ្គលឯកជនសម្រាបអភិវឌ្ឍ។​ យើងចង់ឲ្យមានតម្លារភាពសម្រាប់ប្រជាពលរដ្ឋទូទៅដែលថាគាត់អាចទទួលផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលពីបឹង»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធា មានប្រសាសន៍ថា បឹងមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានលុបជាបន្តបន្ទាប់ខណៈបឹងតាមោកគឺជាបឹងចុងក្រោយដែលកំពុងប្រឈមការលុប។

លោកបន្តថា បឹងទាំងនោះផ្តល់សារៈសំខាន់ណាស់ដោយបានផ្តល់ជាធនធានធម្មជាតិដូចជាត្រីជាដើម ហើយជាពិសេសទៀតនោះគឺវាបានជួយឲ្យមានបរិយាកាសបរិសុទ្ធសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការរស់នៅ និងដើរកំសាន្តផងដែរ។ លោកបន្ថែមថាបឹងទាំងនោះ គឺជាអាងស្តុកទឹកធម្មជាតិដ៏សំខាន់ដើម្បីបញ្ជៀសទឹកពីរាជធានីភ្នំពេញ។

លោក ឡឹក សុធា ថា៖«វាផ្តល់ផលប្រយោជន៍សំខាន់ជាច្រើនទី១គឺផ្នែកបរិស្ថាននឹងឯង នៅពេលដែលមានបឹងមានអីចឹងទៅ​វាជួយធ្វើឲ្យជីវិតយើងស្រស់បំព្រងសុខមាលភាពរបស់ប្រជាជន និងទី៣នោះគឺវាជួយទៅដល់ការរំដោះរាជធានីភ្នំពេញពីការជន់លិចជាដើម

កាលពីខែមិថុនាឆ្នាំ២០២០ ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជាលោក សុខ ទូច ​ អំពាវនាវដល់អ្នកពាក់ព័ន្ធឱ្យឈប់លុបបឹង ទុកធ្វើជាកន្លែងរំដោះទឹកកុំឱ្យលិចរាជធានី  ហើយមើលគំរូអភិវឌ្ឍន៍តាមប្រទេសរីកចម្រើន និងកែប្រែទម្លាប់រក្សាគុណភាពបរិស្ថាន ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

ក្នុងអំឡុងពេលពិនិត្យស្ថានភាពទឹកជំនន់ក្នុងរាជធានីភ្នំពេញកាលពីខែតុលាឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថា ទឹកជំនន់មិនពាក់ព័ន្ធការលុបបឹងនោះទេគឺដោយសារតែទឹកវាឡើងខ្លាំង។ លោកក៏បានលើកឡើងថា ប្រទេសផ្សេងក៏មានទឹកជំនន់ ហើយនៅតាមបណ្តាលខេត្តដែលមិនមានការលុបបឹងក៏មានទឹកជំនន់ដែរ។​

លោក ហ៊ុន សែន​៖«ឥឡូវ​តាម​ព្រែកត្នោត​របស់​យើង​ពី​ខាង​លើ​មក​នេះ​ តើ​អ្នក​ណា​លុប​បឹង​ ព្រែក​ស្ទឹង​ពោធិ៍សាត់ ​ស្ទឹង​មង្គល​បុរី​ស្ទឹង​សង្កែ? ​អា​នោះ​វា​សុទ្ធ​តែ​ស្ទឹង។​ ប៉ុន្តែ​ដោយ​សារ​តែ​ទឹក​ពី​លើ​វា​ខ្លាំង​ជ្រុល​ហួស​ វា​ហួស​ពី​សមត្ថ​ភាព​ស្រូប»។​

របាយការណ៍អង្គការសមាគមធាងត្នោតដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ថាបឹងចំនួន២៦ក្នុងរាជធានីភ្នំពេញត្រូវបានលុបទាំងស្រុងចំនួន១៦ដោយស្មើនឹង៦០%នៃផ្ទៃបឹងសរុប និងបឹងចំនួន១០ផ្សេងទៀតត្រូវបានលុបផ្នែកមួយចំនួននៃបឹង។

របាយការណ៍ដដែលបានបញ្ជាក់ថាមូលហេតុនៃការលុបបឹងទាំងនោះគឺបណ្តាលមកពីការសាងសង់បុរី តំបន់លំនៅដ្ឋាន និងទីក្រុងរណប។ របាយការនេះបង្ហាញថាការលុបបឹងទាំងនោះគឺជាការបាត់អាងស្តុកទឹកដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ៕​

អត្ថបទដោយ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ