នគរ​បាល​​ខេត្ត​មណ្ឌល​គិរី​​ប្រាប់​​ជន​ជាតិ​ភាគ​តិច​​ម្នាក់​​កុំ​​បង្ហោះ​​ប៉ះពាល់​​កិត្តិយស​​សមត្ថ​កិច្ច​​

លោក ​គ្រឿង តុលា អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ Kroeurng Tola IP)

នគរបាល​ខេត្តមណ្ឌលគិរី ណែនាំ​តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ដែល​សកម្ម​ក្នុង​រឿង​ការពារ​ដីធ្លីនិង​ព្រៃឈើ ចៀសវាង​ការ​បង្ហោះ​ពាក្យពេចន៍​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សមត្ថកិច្ច ប៉ុន្តែ​តំណាង​ជនជាតិ​ដើម​ភាគតិច​រូប​នេះ​ចាត់ទុក​ករណីនេះ​ថា​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ។

កាលពី​ថ្ងៃទី១១ ខែមករា ម្សិលមិញ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​កោះហៅ​លោក គ្រឿង តុលា អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​រឿង «បង្ហោះ​សំណេរ​និង​រូបភាព ក្នុង​គោលបំណង​ញុះញង់​និង​ការប្រមាថ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​មន្រ្តី​រាជការ​សាធារណៈ» តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ស្នងការ​រង​ខេត្តមណ្ឌលគិរី លោក សូ សុវណ្ណ មានប្រសាសន៍​ថា ការ​កោះហៅលោក គ្រឿង តុលា ឱ្យទៅ​បំភ្លឺ​នេះ ដោយសារតែ​ការ​សរសេរ​របស់​គាត់នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សមត្ថកិច្ច បើ​ទោះជា​មិន​ធ្ងន់ធ្ងរ​ក៏ដោយ។ 

លោក​ថា៖ «ការ​អញ្ជើញ​គាត់​មក​គ្រាន់តែ​ថា ធ្វើ​ម៉េច​សូម​ឱ្យ​គាត់ ទាំង​ការ​សរសេរ ការ​ផុស​ក្នុង​ហ្វេសប៊ុក​អី សូម​ឱ្យ​គាត់​សរសេរ​ប្រកបដោយ​សីលធម៌ កុំឱ្យ​ផ្អៀង​ទៅលើ​តែ​ម្ខាង។ មុននឹង​សរសេរ​អត្ថបទ​អ្វីមួយ ​គាត់​ត្រូវ​សួរ​ទាំង​សងខាង​មើល​សិន»។

លោក​ សូ សុវណ្ណ ក៏​បញ្ជាក់​ថា ការ​កោះហៅ​នេះមិនមែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​គាត់​នោះ​ទេ គ្រាន់តែ​កោះហៅ​មក​សួរនាំ​ធម្មតា និង​ស្នើ​ឱ្យ​ចៀសវាង​ការ​ផុស​បញ្ចេញមតិ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​របស់​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ប៉ុណ្ណោះ។

ដើមចម​ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​កោះហៅ​លោក គ្រឿង តុលា ពីសំណាក់​សមត្ថកិច្ច​ខេត្ត​នេះ ដោយសារលោក​ គ្រឿង តុលា កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖

«កាលពី​ឆ្នាំ១៩៩៧ មានការ​ដណ្ដើមគ្នា​ដឹកជញ្ជូន​ឈើហុប នៅ​ឆ្នាំ២០០៦ ដី​ឡើងថ្លៃ ក៏​ប្រជែង​គ្នា​ទន្រ្ទាន​យក​ដី ខណៈ​បច្ចុប្បន្ន​នេះ រត់​ជាន់​ជើង​គ្នា​ដឹក​ថ្ម​វិញ​ម្ដង នៅពេល​អស់ពី​ធនធាន​ធម្មជាតិ ប្រហែល​លក់​ទាំង​ប្រពន្ធ​កូន​ទៀត»។

លោក​បាន​សរសេរ​បន្ថែម​ទៀត​ថា៖ «សូម​លោក​អភិបាលខេត្ត ស្វាយ សំ​អ៊ា​ង បើក​ត្រចៀក​និង​ភ្នែក​មើល​ឱ្យ​ឃើញ​បញ្ហា​ទាំងនេះ និង​មានចិត្ត​ស្រលាញ់​ជាតិ​ពិតប្រាកដ»។

លោក ​គ្រឿង តុលា បាន​និយាយ​ក្រោយពេល​ចូល​ទៅ​បំភ្លឺ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃម្សិលមិញ​ថា អ្វី​ដែល​លោក​សរសេរ​ក្នុង​បណ្តាញ​សង្គម​នោះ គឺ​គ្រាន់តែ​ចង់​ឃើញ​អាជ្ញាធរ​មាន​វិធានការ​ដោះស្រាយនិង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ ពុំ​មាន​គោលបំណង​អាក្រក់​អ្វី​ឡើយ។

លោក​និយាយ​ថា៖ «[ការ​កោះ​ហៅ​នេះ​] ជា​ការរំលោភ​សិទ្ធិបញ្ចេញមតិ​របស់ខ្ញុំ តែ​ប៉ុណ្ណឹង​ទេ! ខ្ញុំ​គិតថា ព្រោះ​ដល់​ថ្នាក់​សុទ្ធតែ​មាន​ដីកាកោះហៅ​អី​ហើយ ចូលក្នុង​បទល្មើស​នៃ​ការរំលោភ​សិទ្ធិក្នុង​ការ​និយាយ​ស្ដី ក្នុង​ការការពារ​ធនធាន​ធម្មជាតិ យល់​ល្អ គាត់​[សមត្ថកិច្ច​]គួរតែ​មាន​វិធានការ​ទប់ស្កាត់ ប្រសើរ​ជាង​កោះហៅ​យើង»។

ទោះ​យ៉ាងណា លោក​ថា លោក​យល់ព្រម​តាម​សំណើ​របស់​សមត្ថកិច្ច ដោយ​នឹង​កែប្រែ​និង​ប្រុងប្រយ័ត្ន​ក្នុង​ការប្រើ​ប្រាស់​ពាក្យពេចន៍​ជាង​នេះ​ ក្នុង​ការ​សរសេរ​អត្ថបទ​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅពេល​ក្រោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ