តុលាការ​ខេត្ត​​ព្រះ​សីហនុ​​ឃុំ​ខ្លួន​​តំណាង​​ពលរដ្ឋ​​ពាក់ព័ន្ធ​​រឿង​​ជម្លោះ​ដី​ធ្លី​​ជាមួយ​​អតីត​​មន្រ្តី​​ម្នាក់​​

តំណាង​ពលរដ្ឋ​ម្នាក់ អ្នកស្រី អេង វ៉ាន់ រស់នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ (ផ្ដល់ឱ្យ)

សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ឃុំខ្លួន​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​នៅ​សហគមន៍​អូរ​ខ្សាច់ ក្នុង​ស្រុក​ស្ទឹងហាវ ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​អតីតមន្ត្រី​រាជការ​មួយ​រូប។

កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ច​ខេត្តព្រះសីហនុ បាន​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់ឈ្មោះ អេង វ៉ាន់ រស់នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្នុង​សំណុំរឿង​ដីធ្លី​ជាមួយ​បុគ្គល​ឈ្មោះ ប៉ុន សា​រឿន ដែល​ពលរដ្ឋ​អះអាង​ថា​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន។

អ្នកស្រី ឡុច ទូច អាយុ៦០ឆ្នាំ អះអាង​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់​ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ប្រជាពលរដ្ឋ​ចំនួន៤០គ្រួសារ រួម​ទាំង​គ្រួសារអ្នកស្រី អេង វ៉ាន់ ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​នោះ មាន​បញ្ហា​ជម្លោះដីធ្លី​ជាមួយលោក ប៉ុន សា​រឿន ចាប់តាំងពី​ឆ្នាំ២០០៨មក លើដី​ទំហំ៥ហិ​កតា។

អ្នកស្រី​បាន​ចោទលោក ប៉ុន សា​រឿន ថា​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​ធ្វើ​បណ្ណ​កម្មសិទ្ធិ និង​បាន​ប្តឹង​ពួក​គាត់​ទៅ​តុលាការ​ថែមទៀត។ អ្នកស្រី​ថា ទាំង​តុលាការ​ថ្នាក់ទាប​រហូតដល់​តុលាការ​កំពូល បានសម្រេច​ឱ្យ​តំណាងពលរដ្ឋចាញ់ក្តីលោក ប៉ុន សា​រឿន ដោយ​អយុត្តិធម៌។

អ្នកស្រី​បន្ថែម​ថា៖ «គេ​រំលោភ​យក​ដី​យើង ហើយ​គេ​ប្តឹង​យើង​ដាក់គុក​ទៀត។ យើង​ក្រីក្រ ហើយ​តុលាការ​កោះហៅ​អត់​ឈប់ ហើយ​តុលាការ​ដាក់​ឱ្យ​អនុវត្ត​ម្តង​ហើយ​ម្តង​ទៀត ពួក​ខ្ញុំ​ឈឺចាប់​ណាស់ រក​ឱ្យ​អ្នកណា​ជួយ​ក៏​មិនបាន​ដែរ ឯកសារ​ដាក់​ទៅ ​គេ​មិន​ដោះស្រាយ​ឱ្យ​ទៀត»។

អ្នកស្រី ឡុច ទូច អះអាង​ថា អ្នកស្រី អេង វ៉ាន់ ក៏ដូចជា​គ្រួសារ​អ្នកស្រីនិង​ពលរដ្ឋ​ផ្សេងទៀត បាន​ទៅ​រស់នៅ​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ​តាំងពី​ឆ្នាំ១៩៩២ ដោយមាន​បណ្ណ​សម្គាល់​សិទ្ធិ​ប្រើប្រាស់​ដី និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​ពួក​គាត់​ពុំ​មានលទ្ធភាព​ធ្វើ​ប្លង់​កម្មសិទ្ធិ។ អ្នកស្រី​ថា ទើបតែ​នៅ​ឆ្នាំ២០០៨ លោក ប៉ុន សា​រឿន បាន​ប្តឹង​ពួក​គាត់​ទៅ​តុលាការ ដោយ​ចោទប្រកាន់​ថា បាន​រស់នៅ​លើ​ដី​របស់​ខ្លួន​ដែល​មាន​ប្លង់​កម្ម​សិទ្ធិ​នៅ​ឆ្នាំ១៩៩៤ទៅវិញ។

វី​អូ​ឌី មិន​អាច​សុំ​ការ​ឆ្លើយតបពី​លោក ប៉ុន សា​រឿន បានទេ នៅ​ថ្ងៃ​ចន្ទ​នេះ។

ចំណែកអ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ សុំ​មិន​ឆ្លើយតប ដោយ​ថា រឿង​នេះបាន​ឆ្លង​ដល់ដៃ​តុលាការ​ទៅ​ហើយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន្ទ មានប្រសាសន៍​ថា ករណី​សមត្ថកិច្ច​ចាប់ខ្លួនអ្នកស្រី អេង វ៉ាន់ គឺ​ធ្វើឡើង​ទៅតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុ​នហេង ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម​ថា ការ​ចាប់ខ្លួន​អ្នកស្រី អេង វ៉ាន់ គឺជា​ការអនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល។ លោក​ថា បច្ចុប្បន្ន អ្នកស្រី អេង វ៉ាន់ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី៩ ខែមករា ដើម្បី​អនុវត្ត​ទោស​ហើយ ប៉ុន្តែ​លោក​មិន​ប្រាប់​បទ​ចោទ​នោះ​ទេ។

អ្នកសម្របសម្រួល​សហគមន៍​នៃ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​លោក ញ៉ិល ភាព ដែល​ឃ្លាំមើល​ករណីនេះ ​មានប្រសាសន៍​ថា ​ការ​ចាប់​និង​ឃុំខ្លួន​អ្នកស្រី​ អេង វ៉ាន់​ នោះ គឺជា​រឿង​អយុត្តិធម៌​មួយ និង​ធ្វើឡើង​ខុស​នីតិវិធី។

លោក​ថា ​ក្រុម​ពលរដ្ឋ​បាន​ទៅ​រស់នៅ​តំបន់​មាន​ជម្លោះ​យូរឆ្នាំហើយ ដែល​ពួក​គេ​អាច​មាន​សិទ្ធិ​ទទួល​បាន​បណ្ណ​កម្ម​សិទ្ធិស្របច្បាប់។ លោក​បន្ត​ថា​ ករណី​តុលាការ​សម្រេច​ឱ្យ​ពលរដ្ឋ​ចា​ញ់ក្តីនោះ គឺ​ធ្វើ​ដោយកំបាំង​មុខ​ថែមទៀត។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​នីតិវិធី​របស់​តុលាការ​ហ្នឹង ​វា​បម្រើ​ទៅ​ឱ្យ​ផលប្រយោជន៍​ជន​ដែល​មានអំណាចនិង​មន្ត្រី​ខិលខូច​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​ធ្វើបាប​មក​លើ​កសិករ ប្រជាពលរដ្ឋ​ទន់​ខ្សោយ។ ហ្នឹង​ជា​អំពើពុករលួយ​ជា​ប្រព័ន្ធ​តាំងពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ​ហ្នឹង​ ឃុបឃិត​គ្នា​យក​ដី​ប្រជាពលរដ្ឋ​ដោយ​ប្រើប្រាស់​តាម​ប្រព័ន្ធ​តុលាការ ដែល​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​ យើង​មិន​អាច​ទុកចិត្ត​បាន»។

កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ឡា ប៊ុ​នហួន បាន​ចេញ​លិខិត​លើក​ទី២ ឱ្យ​ពលរដ្ឋ៤នាក់ រួមមាន អ្នកស្រី ឡុច ទូច អ្នកស្រី យឹម មុំ អ្នកស្រី អេង វ៉ាន់ និង​លោក កៅ​ហួរ រុះរើ​ផ្ទះនិង​សំ​ណង់​ផ្សេង​ៗចេញពី​ដី​មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់ ទៅតាម​ដី​កាបង្គាប់​របស់​តុលាការ​កំពូល ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះមិនព្រម​រុះរើ ទើប​ឈាន​ដល់​មានការ​ចាប់ខ្លួន​តែម្តង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ