អ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាលរត់គេច៥នាក់

ប្រជុំនៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២០។ រូបពីពន្ធនាគារខេត្តកណ្តាល

មន្ត្រីពន្ធនាគារបានឱ្យដឹងថា អ្នកជាប់ឃុំចំនួន៥នាក់បានលោតផ្លោះរបងពន្ធនាគារនៅម៉ោងប្រហែល១០យប់ថ្ងៃទី៩ខែមករា  រត់គេចខ្លួនដោយសុវត្ថិភាពចំនួន៤នាក់ ខណៈម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញភ្លាមៗ។

ប្រធានពន្ធនាគារខេត្តកណ្តាល លោក ចាត ស៊ីនៀង ប្រាប់វិអូឌីនៅថ្ងៃនេះថា អ្នកដែលលួចរត់ចេញពីពន្ធនាគារនោះរួមមានឈ្មោះ ដោ មោសា , រុន ពៅ, សេង សួនហួង, ណាង សៀកលៀង និងឆុំ ស៊ីមី ដែលពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន លួច និងលួចមានស្ថានភាពទម្ងន់ទោសជាដើម។

លោក ស៊ីនៀង បញ្ជាក់ថា កំឡុងពេលអ្នកជាប់ឃុំទាំង៥នាក់នោះផ្លោះរបងរត់គេចកាលពីយប់ម្សិលមិញ វេលាម៉ោងប្រមាណជា១០យប់ គឺមានការប្រតាយប្រតបគ្នាជាមួយមន្ត្រីប្រចាំការនៅក្នុងពន្ធនាគារ។ នៅពេលនោះពួកគេបានផ្លោះរបងរត់គេចខ្លួនដោយសុវត្ថិភាពចំនួន៤នាក់ និងចាប់បានម្នាក់វិញឈ្មោះ ឆុំ ស៊ីមី។

លោកមានប្រសាសន៍ថា៖ «វារត់ឡើងរបងបន្លាលួច៣ជាន់ វារត់ឡើងរួច ហើយម្នាក់ដែលយើងចាប់មកវិញមុត ជើង ដៃ ខ្លួនវាចង់សុះអស់ហើយ »។

ទោះជាបែបនេះក្តី ប្រធានពន្ធនាគាររូបនោះអះអាងថា សមត្ថកិច្ចកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាប់ជនល្មើសទាំងនោះមកផ្តន្ទាទោសតាមច្បាប់វិញ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អ្នកជាប់ឃុំអាចរត់គេចខ្លួនបានដោយសុវត្ថិភាពនោះ ដោយសារការធ្វេសប្រហែសរបស់ឆ្មាំពន្ធនាគារ។ លោកថា អ្នកគ្រប់គ្រងពន្ធនាគារត្រូវធ្វើយ៉ាងណារៀបចំកន្លែងឃុំខ្លួនទណ្ឌិត អ្នកជាប់ឃុំ និងមន្ត្រីនៅពន្ធនាគារ ឱ្យសមាមាត្រនឹងចំនួនមនុស្សស្នាក់នៅក្នុងបន្ទប់នោះ ដើម្បីជៀសវៀងហានិភ័យកើតឡើងផ្សេងៗជាដើម។

លោកផ្តល់ជាយោបល់ដូចនេះថា៖ «បញ្ហាដែលត្រូវដោះស្រាយ ធ្វើម៉េចឱ្យចំនួនអ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារសមាមាត្រគ្នា បានន័យថា ត្រូវកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ»។

ចំណែក អ្នកដែលរត់គេចខ្លួន៤នាក់នោះ លោកជំរុញទៅអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជននោះមកផ្តន្ទាទោសតាមច្បាប់វិញ ដើម្បីបញ្ជៀសហានិភ័យដែលកើតឡើងដោយយថាហេតុនៅថ្ងៃខាងមុខ។

​កាលពីថ្ងៃ២៨ សីហា ឆ្នាំ២០១៩ អ្នក​ទោស​ម្នាក់ ឈ្មោះ ម៉ាត ត្រេះ ដែល​បាន​ផ្លោះ​របង​បន្លា​លួស រត់​ចេញ​ពី​ពន្ធនាគារ​ខេត្តកណ្តាលផងដែរ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានមកវិញ កាលពី​ថ្ងៃ​ទី​២០ សីហា ឆ្នាំ២០២០នៅ​ស្រុក​មុខកំពូល ពី​បទ​លួច​ទូរស័ព្ទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ